ជាតិ
សេដ្ឋកិច្ច
កម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ ពីការជីកព្រែកហ្វូណន
× គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលចំណេញតម្លៃដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា ដែលគ្រោយប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ជាពិសេសថ្លៃចំណាយទាប និងកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន។
ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៣ ខែឧសភា លោក ស៊ុន ចាន់ ថុល ដែលជាឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្តល់ចំណេញសម្រាប់ថ្លៃដឹកជញ្ជូនចន្លោះពី ៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ។
បច្ចុប្បន្នលំហូរទំនិញកម្ពុជាទៅកំពង់ផែក្រុងព្រះសីហនុមានចំនួន ៦៧ភាគរយតាមគ្រប់មធ្យាបាយដឹកជញ្ជូន ខណៈនាំចេញតាមវៀតណាមមានចំនួន ៣៣ភាគរយដើម្បីទៅដល់កំពុងផែប្រទេសនេះ។ លោក ចាន់ ថុល បានបញ្ជាក់ថា នៅពេលព្រែកជីកហ្វូណនសាងសង់រួចរាល់ លំហូរទំនិញទៅកំពង់ផែព្រះសីហនុនឹងកើនឡើងដល់ ៩០ភាគរយ ខណៈនាំចេញតាមច្រកវៀតណាមតែ ១០ភាគរយប៉ុណ្ណោះ។
លោកបញ្ជាក់ថា ៖«តួលេខ១០ភាគរយ នៅតែដឹកដោយសារកប៉ាល់ធំៗខ្លះត្រូវការកំពង់ផែទឹកជ្រៅនៅវៀតណាម ចឹងយើងមិនអាចហាមឃាត់អ្នកបានទេ»។
បើតាមលោក ស៊ុន ចាន់ថុល អាចនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃជ័យជំនះ២៩ ធ្នូ៕
© រក្សាសិទ្ធិដោយ thmeythmey.com