ដោយ៖ហេង ឧត្តម/ RFI ខេមរភាសា
រដ្ឋបាលទីក្រុងវ៉ាស៊ីនតោននិងក្រុងម៉ូស្កូ បន្តមើលមុខគ្នាមិនចំ។ សហរដ្ឋអាមេរិក បានអង្អុរមុខចោទប្រកាន់រុស្ស៊ី ដែលបានប្រើប្រាស់សារធាតុគីមីហាមឃាត់ ចំពោះទាហានអ៊ុយក្រែន។ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រកាសដាក់ទណ្ឌកម្មបន្ថែម ចំពោះក្រុមហ៊ុនរុស្ស៊ី និងភាគីទាំងឡាយដែលជ្រោមជ្រែងវិមានក្រេមឡាំង ឲ្យទទួលបានសារធាតុគីមីហាមឃាត់ទាំងនោះ។ ទណ្ឌកម្មថ្មីបន្ថែមនេះ ត្រូវក្រសួងការបរទេសអាមេរិក ប្រកាសឲ្យដឹង នៅថ្ងៃទី១ឧសភា។
ដោយចេតនាចង់ឈ្នះសង្គ្រាម ទ័ពរុស្ស៊ី បានប្រើប្រាស់សារធាតុគីមី ក្លរូពីក្រីន ទៅលើទ័ពអ៊ុយក្រែន។ ក្លរូពីក្រីន ជាសារធាតុគីមីហាមឃាត់ មានចែងក្នុង អនុសញ្ញាស្តីពីការប្រើប្រាស់អាវុធគីមីហាមឃាត់(CIAC)។ វាជាសារធាតុពុលខ្លាំង ហើយធ្លាប់ត្រូវគេប្រើប្រាស់ ជាអាវុធឧស្ម័នគីមី នៅក្នុងសង្គ្រាមលោកលើកទី១។ នេះបើផ្នែកតាមការបញ្ជាក់របស់ វិទ្យាស្ថានជាតិសុខភាពអាមេរិក ហើយនិង បណ្ណាល័យជាតិវេជ្ជសាស្ត្រអាមេរិក។
ក្រៅពីចោទប្រកាន់ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ថារុស្ស៊ីប្រើសារធាតុគីមីនេះ ជាយុទ្ធសាស្ត្រនៅសមរភូមិឈានពាននិងដេកទ័ពអ៊ុយក្រែន ដើម្បីឲ្យទ័ពរុស្ស៊ីអាចរុលបង្ខិតទៅមុខ។ ផ្ទុយទៅវិញ វិមានក្រេមឡាំង ច្រានទាត់ចោល និងទាមទារឲ្យអាមេរិកបង្ហាញតម្លាភាព។
ទោះជាម្តេច វ៉ាស៊ីនតោន នៅតែអះអាងថា ការប្រើប្រាស់ធាតុគីមីពុលពីសំណាក់រុស្ស៊ីចំពោះទាហានអ៊ុយក្រែន ពុំមែនជាឧក្រិដ្ឋកម្មដាច់ដោយឡែកតែមួយករណីទេ។ មានករណីច្រើនទៀត ដែលគេស្គាល់កន្លងមករួចស្រេចហើយ។ តួយ៉ាង ការប្រើសារធាតុគីមីបំពុលសម្លាប់មេប្រឆាំងរុស្ស៊ី លោក អាឡិកសី ណាវ៉ាល់នី ក្នុងពន្ធនាគារ កាលពីពាក់កណ្តាលខែកុម្ភៈ និងការបំពុលអតីតចារបុរស ស៊ែកហ្គី ស្គ្រីបប៉ាល់ និងកូនស្រី កាលពី ឆ្នាំ២០១៨ នៅអង់គ្លេស។ នេះបើតាមក្រសួងការបរទេសអាមេរិក។
អាស្រ័យហេតុនេះ ថ្ងៃពុធ ទី១ ឧសភា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន សម្រេចចាត់វិធានការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ចំពោះក្រុមហ៊ុនបរទេសទាំងឡាយទាំងពួង ដែលរកស៊ីនិងផ្គត់ផ្គង់គ្រឿងបង្គំ ព្រមទាំងសារធាតុផ្សំផ្សេងៗ ជ្រោមជ្រែងដល់ឧស្សាហកម្មផលិតអាវុធរុស្ស៊ី។ បើតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក, ក្រុមហ៊ុនបរទេសទាំងនោះ ដែលជាប់ទណ្ឌកម្មថ្មី មានយ៉ាងហោច ១៦ ជាក្រុមហ៊ុនចិននិងហុងកុង បានផ្ទេរផ្តល់ឲ្យរុស្ស៊ី នូវគ្រឿងបង្គំដែលត្រូវគេហាមឃាត់ ហើយក្នុងចំណោមក្រុមហ៊ុនចិនហុងកុងនោះ មាន២ក្រុមហ៊ុន បានផ្តល់ឲ្យរុស្ស៊ី នូវប្រភេទលោហៈប្រើសម្រាប់ផលិតគ្រាប់ផ្ទុះ។
នៅលើកនេះ ទណ្ឌកម្មអាមេរិក មិនត្រឹមតែចំពោះក្រុមហ៊ុនចិនទេ។ ពោលគឺមាន ៥ ប្រទេស ផ្សេងទៀត ដែលពាក់ព័ន្ធ ជាអាទិ៍ អេមីរ៉ាតអារ៉ាប់រួម តួកគី អាហ្សែកបៃហ្សង់ ហើយនិងប្រទេស ២ ទៀត ជារដ្ឋសមាជិកសហភាពអឺរ៉ុប គឺ បែលហ្ស៊ិក និងស្លូវ៉ាគី។
តាំងពីផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន ជាង២ឆ្នាំ, ក្រុមហ៊ុនរុស្ស៊ីរាប់រយ ត្រូវជាប់ក្នុងបញ្ជីទណ្ឌកម្មហាមឃាត់របស់អាមេរិក ក្នុងនោះ ក្រុមហ៊ុនរុស្ស៊ី ជាង ២០០ ដែលរកស៊ីក្នុងវិស័យការពារជាតិ វិស័យដឹកជញ្ជូន និងបច្ចេកវិទ្យា។ ទណ្ឌកម្មអាមេរិក ក៏មិនអនុញ្ញាតឲ្យក្រុមហ៊ុនឬពលរដ្ឋអាមេរិក រកស៊ីជាមួយរុស្ស៊ីដែរ ក្នុងវិស័យហាមឃាត់។ ទណ្ឌកម្មថ្មីចុងក្រោយ ពាក់ព័ន្ធជាពិសេសដល់វិស័យរ៉ែ តួយ៉ាងរ៉ែអាលុយមីញ៉ូម ទង់ដែង និងនីកែល។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាមេរិក, លោកស្រីរដ្ឋមន្រ្តី ចានែត យេលែន បញ្ជាក់ថា ទណ្ឌកម្មអាមេរិកដែលដាក់ចេញលើកនេះ នឹងធ្វើឲ្យម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីអន់ថយចុះខ្សោយ៕