ជាតិ
សង្គមជាតិ
ក្រសួងយុត្តិធម៌ ឱ្យសាលាដំបូងខេត្តសៀមរាបពិនិត្យលទ្ធភាពដោះលែងឪពុកជនរងគ្រោះពីការរំលោភបូក
03, May 2024 , 6:15 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើទៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីដោះលែងឪពុករបស់ក្មេងស្រីរងគ្រោះ ដោយការរំលោភបូក។  សំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីមានការចែករំលែក ពេញបណ្តាញសង្គម ជុំវិញការឃុំខ្លួនឪពុកជនរងគ្រោះ ពីបទហិង្សាដោយចេតនាលើជនល្មើស។ «ក្មេងស្រីអាយុ១៥ឆ្នាំ ត្រូវ(បាន)រំលោភបូក រហូតដល់ទៅ២០នាក់ យ៉ាងព្រៃផ្សៃ។ ពេលសមត្ថកិច្ចចាប់បានជនល្មើស ពុកបង្កើតខឹងពេក ក៏វាយទៅអ្នកបង្ក។ ពេលនេះ ពុកត្រូវជាប់គុក។ រីឯជនល្មើស ១៤ នាក់នៅក្រៅឃុំ»។ នេះគឺជាខ្លឹមសារទាក់ទងនឹងករណីនេះ។

 
តាមរយៈលិខិតចុះថ្ងៃទី៣ ឧសភានេះ ក្រសួងយុត្តិធម៌ ឱ្យស្រាវជ្រាវករណីនេះ និងពិនិត្យឃើញថា នៅពេលកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងលើករណីរំលោភបំពានខាងផ្លូវភេទជាក្រុម ជនត្រូវចោទ ឈ្មោះ ពេជ្រ សុវ័ន្ត ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ដោយទប់កំហឹងពុំបាន ចំពោះទង្វើរបស់ជនប្រព្រឹត្តមកលើកូនស្រីខ្លួន ដោយបានធាក់លើជនសង្ស័យមួយរូបឈ្មោះ ឡុង សេងឡាយ  ចំកណ្តាលមុខបណ្តាលឱ្យបែកមុខហូរឈាម។ តាមបណ្តឹងរបស់ម្តាយរបស់ជនសង្ស័យ ឪពុកក្មេងស្ត្រីរងគ្រោះ ត្រូវបានឃាត់ខ្លួន និងចោទប្រកាន់ពីបទហិង្សាដោយចេតនា ហើយតុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
 
ជាគោលការណ៍ ជនត្រូវចោទត្រូវមានសេរីភាព យោងតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌពិសេស មាត្រា២០៥។ នេះបើតាមក្រសួងយុត្តិធម៌ដែលបានបន្តទៀតថា អំពើហិង្សា គឺជាអំពើខុសច្បាប់ព្រហ្មទណ្ឌ ទោះបីជា​កើតឡើងដោយសារកំហឹងនៃការប្រព្រឹត្តបទល្មើសក៏ដោយ។ ដូចនេះចំណាត់ការ​នៅពេលមានបណ្ដឹងពីភាគីជនរងគ្រោះ​ គឺជារឿងត្រឹមត្រូវ​។ ប៉ុន្តែការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន គឺត្រូវធ្វើឡើងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ក្រសួងយុត្តិធម៌ គូសបញ្ជាក់ដូច្នេះ មុននឹងបន្តថា៖«ក្រសួងពិនិត្យឃើញថា ការឃុំខ្លួនឪពុករបស់ជនរងគ្រោះជាបណ្តោះអាសន្ន ដោយសារការប្រើអំពើហិង្សាទៅជនដែលបាន ប្រព្រឹត្តអំពើបំពានលើកូនស្រីរបស់ខ្លួន ថ្វីដ្បិតតែមានភាពចាំបាច់ក្នុងដំណាក់កាលដំបូងនៃនីតិវិធី ដើម្បីបង្ការកុំឱ្យអំពើនេះកើតមានទៅលើជនសង្ស័យដទៃទៀត។ ប៉ុន្តែបច្ចុប្បន្ន វិធានការនៃការឃុំខ្លួនជាបណ្តោះអាសន្ននេះ លែងមានភាពចាំបាច់ហើយ ប្រសិនបើមានស្ថានភាពចាំបាច់លើទិដ្ឋភាពនីតិវិធី»។
 
​ក្រសួងយុត្តិធម៌ ស្នើឱ្យតុលាការពិចារណារវិធានការ ដាក់ជនត្រូវចោទដែលជាឪពុកក្មេងស្រីរងគ្រោះ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជំនួសការឃុំខ្លួនជាបណ្តោះអាសន្នវិញ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com