ជាតិ
សង្គមជាតិ
អ្នកជំនាញជនជាតិបារាំង កំពុងគិតគូរពីពហុមុខងារនៃសំណង់ និងគុណភាព
06, May 2024 , 8:54 am        
រូបភាព
ភ្នំពេញ៖ ជាទូទៅ នៅពេលដែលគេនិយាយពីស្ថាបត្យកម្ម និងវិស្វកម្ម លំហបៃតង, គុណភាព, រចនាបឋ គឺជាអ្វីដែលស្ថាបត្យករ និងវិស្វករគិតមុនគេ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសមួយចំនួន ដូចជា នៅក្នុងប្រទេសបារាំង អ្នកជំនាញចាប់ផ្តើមយកចិត្តទុកដាក់ច្រើនទៅលើពហុមុខងារនៃសំណង់, ការថែទាំ, ការជួសជុល និងអាយុកាលរបស់សំណង់។

 
«សង់អគារថ្មកាន់តែច្រើន លំហដីជ្រាបទឹកកាន់តែតិច។ ម្យ៉ាងទៀត អគារថ្មកាន់តែច្រើន កម្តៅកាន់តែកើនឡើង។ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង អ្នកជំនាញផ្នែកសាងសង់កំពុងតែជជែកគ្នាច្រើនអំពីរឿងនេះ»។ នេះ គឺជាការលើកឡើងរបស់ កញ្ញា សុតន្ទ ពេជ្រហាណា ដែលកំពុងត្រៀមខ្លួនទទួលយកងារជាស្ថាបត្យករពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថាបត្យកម្មនៅក្នុងប្រទេសបារាំងពីសកលវិទ្យាល័យជាន់ខ្ពស់ផ្នែកស្ថាបត្យកម្មនៃទីក្រុងប៉ារីស (Ecole Nationale Superieure d’Achitecture។ 
 
សិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតរយៈពេល៥ឆ្នាំចប់មែន តែកញ្ញា ហាណា ត្រូវសិក្សាបន្តមួយឆ្នាំទៀត ដោយរៀនផង និងធ្វើការផង ទើបកញ្ញាអាចទទួលបានងារដែលគេទទួលស្គាល់ជាស្ថាបត្យករពេញសិទ្ធិជាផ្លូវការនៅក្នុងប្រទេសបារាំង។ 
 
កើតនៅរាជធានីភ្នំពេញ ហើយបានទៅរស់នៅក្នុងប្រទេសបារាំងកាលពីជាង១០ឆ្នាំមុន អនាគតស្ថាបត្យករវ័យក្មេងរូបនេះ បានខិតខំតស៊ូសិក្សាដោយប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនិស្សិតជនជាតិបារាំង ជប៉ុន កូរ៉េ ចិន។ល។ ការសិក្សានៅក្នុងប្រទេសបារាំង សាស្រ្តាចារ្យផ្តល់អាទិភាពឲ្យនិស្សិតបញ្ចេញយោបល់ រិះគិត បង្កើតគំនិតច្នៃប្រឌិតច្រើនជាងការបង្ហាត់បង្រៀនជាទឹ្រស្តី។ 
 


បច្ចុប្បន្ននេះ កញ្ញា សុតន្ទ ពេជ្រហាណា កំពុងរៀនផង និងធ្វើការឲ្យក្រុមហ៊ុនផង។ នៅក្នុងការងារជាស្ថាបត្យករ និងកិច្ចការវិស្វកម្មនេះ លំហបៃតង, គុណភាពយូរអង្វែង, ពហុមុខងារ, ការថែទាំ និងជួសជុល គឺជាអ្វីដែលអ្នកជំនាញនៅក្នុងប្រទេសបារាំងកំពុងតែយកចិត្តទុកដាក់ខ្លាំង។ «នៅក្នុងប្រទេសបារាំង គេតម្រូវឲ្យរក្សា លំហបៃតងពី៣០ទៅ៥០ភាគរយនៅក្នុងគម្រោងសំណង់នីមួយៗ។ ហេតុផល គឺត្រូវ តែមានទីធ្លាសម្រាប់កម្សាន្ត និងសម្រាប់លំហូរធារទឹកភ្លៀង»។ នេះ គឺជាការបញ្ជាក់ របស់កញ្ញា ហាណា នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ។ 
 
ទាក់ទងទៅនឹងគុណភាពសំណង់វិញ អ្នកជំនាញក្នុងវិស័យវិស្វកម្ម និងស្ថាបត្យកម្ម បានកត់សម្គាល់ឃើញថា សំណង់នៅក្នុងប្រទេសបារាំងក្នុងទសវត្សរ៍៥០ មិនសូវ មានគុណភាពយូរអង្វែងទេ ដូច្នេះ សំណង់ជំនាន់ថ្មីគួរមានអាយុវែង និងមិនទ្រុឌទ្រោមដូចសំណង់កាលពីអតីតកាល។ ដូចគ្នាដែរ នាពេលបច្ចុប្បន្ននេះ អ្នកជំនាញនៅក្នុងប្រទេសបារាំង ក៏កំពុងយកចិត្តទុកដាក់ផងដែរពីវិធីសាស្រ្តក្នុងការថែទាំ និងជួសជុលឡើងវិញសំណង់ចាស់ៗនៅក្នុងប្រទេសបារាំង។ 
 
នាពេលបច្ចុប្បន្ននេះ តើជនជាតិបារាំង ឬអ្នកជំនាញមាននិន្នាការសាងសង់ផ្ទះសម្បែង ឬអគារយ៉ាងដូចម្តេចដែរ? 
 
ត្រង់ចំណុចនេះ កញ្ញា ហាណា បានឆ្លើយភ្លាមថា ឥឡូវនេះម្នាក់ៗនាំគ្នាគិតថា តើគេហដ្ឋាន ឬអគាគួរអាចបានប្រើប្រាស់ក្នុងមុខងារផ្សេងៗបានច្រើន ឬយ៉ាងដូចម្តេច?។ ឧទាហរណ៍ថា សំណង់ដំបូងជាសាលារៀន តែ៥០ឆ្នាំក្រោយ អគារសិក្សានេះ គួរអាចប្រើប្រាស់ទៅជាសណ្ឋាគារ ឬអ្វីផ្សេងទៀតបានឬទេ?។ ម្យ៉ាងទៀត បើនិយាយពីសំណង់ជាលក្ខណៈគ្រួសារៗ ជនជាតិបារាំងមាននិន្នាការសាងសង់គេហដ្ឋានដោយយកលំនាំគេហដ្ឋានពីអាស៊ីច្រើនជាងមុន ដូចជា គេហដ្ឋានមានជញ្ជាំងកញ្ចក់ច្រើនជាងមុន បង្អួចធំៗជាងមុន ពោល គឺខុសពីសំណង់អគារជំនាន់បុរាណដែមានបង្អួចតូចៗ។ 
 
សម្រាប់កញ្ញា តើសំណង់គេហដ្ឋានបែបណាដែលកញ្ញាគិតថា ល្អ ឬប្រសើរនោះ? 

កញ្ញា សុតន្ទ ពេជ្រហាណា ផ្តល់ចម្លើយដោយមិនរារែកថា គឺជាសំណង់សាមញ្ញ ដោយមិនត្រូវការចំណាយថ្លៃភ្លើងច្រើន។ ពេលគ្មានចរន្តអគ្គិសនី ម្ចាស់ផ្ទះអាចប្រើប្រាស់ពន្លឺភ្លើងពីព្រះអាទិត្យ ឬមិនចាំប្រើប្រាស់កង្ហារដោយសារមានចរន្តខ្យល់ធម្មជាតិ។ ដើមឈើ និងអាងទឹកតូចៗជុំវិញគេហដ្ឋាន គឺពិតជាចូលរួមចំណែកកាត់បន្ថយកម្តៅបានយ៉ាងច្រើន។ កញ្ញា ហាណា បញ្ជាក់ពីចំណង់ចំណូលចិត្តរបស់នាងថា៖«ខ្ញុំចូលចិត្តផ្ទះបែបខ្មែរ និងជប៉ុន ព្រោះ វាសាមញ្ញ ហើយងាយស្រួលថែទាំ និងជួសជុល»៕ 

© រក្សាសិទ្ធិដោយ thmeythmey.com