កីឡាជាតិ
ជាតិ
កម្ពុជា ទទួលបានមេដាយសំរិទ្ធ១ហើយ ពីការប្រកួតជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៨
06, May 2024 , 10:09 am        
រូបភាព
រូបភាព៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
រូបភាព៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
កីឡាការិនីជម្រើសជាតិកម្ពុជា ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានមេដាយសំរឹទ្ធ កីឡាជឺជីតស៊ូ វិញ្ញាសានារីសម្តែងគូ SHOW Women ក្នុងព្រឹត្តិការណ៍កីឡាជឺជិតស៊ូជើងឯកអាស៊ី លើកទី៨ (8th Ju-Jitsu Asian Championship) នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។



ចំណោមអត្តពលិក៥រូប និងប្រតិភូដឹកនាំ៣រូបទៀត ដែលកម្ពុជាបញ្ជូនទៅប្រកួតប្រជែងជើងឯកកីឡាជឺជិតស៊ី កម្រិតអាស៊ីលើកទី៨ ពីថ្ងៃទី៣ដល់ទី៥ ខែឧសភាព ទទួលបានមេដាយសំរឹទ្ធ១ ក្នុងចំណោម៤វិញញ្ញាសា។
 
កីឡាការិនី ហេង ស៊ីវហ៊ាង ម្ចាស់មេដាយមាសស៊ីហ្គេមលើទី៣២ និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានចំណាត់ថ្នាក់ទី៣ស្ទួនជាមួយប៉ាគីស្ថាន ក្នុងការប្រកួតវិញ្ញាសានារីសម្តែងគូ SHOW Wome ខណៈថៃ បានមេដាយមាស និងវៀតណាម បានមេដាយប្រាក់។
 
៣វិញ្ញាសាផ្សេងទៀត ក្នុងនោះកីឡាករ សរ សុផានុត ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦២គីឡូក្រាម Fighting Male ដែលមាន១៦ប្រទេសចូលរួម បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧។ 



កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាបុរសសម្តែងគូ SHOW Men ទទួលបានចំណាត់ថ្នាក់លេខ៥ និងកីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ប្រកួតវិញ្ញាសាបុរសនារីសម្តែងគូ DUO Mixed ទទួលបានចំណាត់ថ្នាក់លេខ៥។
 
ការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ ប្រទេសអេមីរ៉ាតអារ៉ាប់រួម មានអត្ដពលិកចូលរួមសរុប ប្រមាណ១៥០០នាក់ មកពី៣០ប្រទេស។ ៣០ប្រទេសចូលរួមព្រឹត្តិការណ៍នេះ មានដូចជា កម្ពុជា, អាហ្វហ្គានីស្ថាន, បារ៉ែន, បង់ក្លាដែស, ឆាយនីសតាយប៉ិក, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, អ៊ីរ៉ង់, ជប៉ុន, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ឡាវ, លីបង់, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, ហ្វីលីពីន, កូរ៉េខាងត្បូង, ស្រីលង្កា, ស៊ីរី, តាជីគីស្ថាន, ថៃ, អ៊ូសបេគីស្ថាន, វៀតណាម, យេម៉ែន, អារ៉ាប៊ីសាអូឌីត និងម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម៕

Tag:
 ជិជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com