អន្តរជាតិ
កាសែត Al Jazeera ថ្កោលទោសអុីស្រាអែលបិទការិយាល័យខ្លួន
06, May 2024 , 2:59 pm        
រូបភាព
ការិយាល័យAl Jazeera នៅអុីស្រាអែល។ រូបភាព AFP
ការិយាល័យAl Jazeera នៅអុីស្រាអែល។ រូបភាព AFP
សារព័ត៌មាន Al Jazeera នៅថ្ងៃទី៥ ខែឧសភា បានថ្កោលទោសសេចក្តីសម្រេចរបស់រដ្ឋាភិបាលអុីស្រាអែល ដែលបិទការិយាល័យរបស់ខ្លួន។ សារព័ត៌មាន Al Jazeera បានចាត់ទុកទង្វើរបស់អុីស្រាអែល ជាសកម្មភាពឧក្រិដ្ឋកម្ម និងបង្រ្កាបសិទ្ធិសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។

 
សារព័ត៌មាន Al Jazeera ស្ថិតនៅក្នុងចំណោមសារព័ត៌មានអន្តរជាតិតិចតួចមួយ ដែលបើកប្រតិបត្តិការនៅអុីស្រាអែល ស្របពេលប្រតិបត្តិការយោធាបង្រ្កាបក្រុមហាម៉ាស កំពុងបន្ត។ Al Jazeera បានក្លាយជាមុខសញ្ញានៃការបិទដ៏សំខាន់របស់អុីស្រាអែល ក្រោយរាយការណ៍ពីការសម្លាប់របស់ប្រជាជនស៊ីវិលជាច្រើននាក់នៅកាហ្សា ខណៈសភាអុីស្រាអែល បានអនុម័តច្បាប់ផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការបិទប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសាធារណៈ។
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលរបស់ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៥ ខែឧសភា បានបោះឆ្នោតគាំទ្រឱ្យមានការបិទការិយាល័យសារព័ត៌មាន សារព័ត៌មាន Al Jazeera។ ប៉ុន្មានម៉ោងក្រោយការបោះឆ្នោតនោះ រដ្ឋមន្រ្តីទំនាក់ទំនងអុីស្រាអែល លោក Shlomo Karhi បានចេញបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិប្រព័ន្ធផ្សព្វផ្សាយរបស់កាតាមួយនេះ ដែលកន្លងមកខ្លួនចាត់ទុកការផ្សាយមានភាពលំអៀង។ 
 
«រដ្ឋាភិបាលដឹកនាំដោយរូបខ្ញុំ បានបោះឆ្នោតជាឯកច្ឆន្ទសម្រេចបិទសារព័ត៌មាន Al Jazeera ដែលបង្កការញុះញង់ ពីដែនដីអុីស្រាអែល»។ លោក ណេតាន់យ៉ាហ៊ូ បានសរសេរបែបនេះ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃទី៥ ខែឧសភា។ 
 
បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល ហើយមានការរឹបអូសទ្រព្យសម្បត្តិខ្លួន សារព័ត៌មាន Al Jazeera បានរិះគន់សេចក្តីសម្រេចនោះ។
 
«សារព័ត៌មាន Al Jazeera សូមថ្កោលទោស និងរិះគន់យ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឧក្រិដ្ឋ ដែលបំពានសិទ្ធិមនុស្ស និងមូលដ្ឋានសិទ្ធិក្នុងការទទួលបានព័ត៌មាន»។ សារព័ត៌មានរបស់កាតា បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៥ ខែឧសភា ដោយបន្តប្តេជ្ញារាយការណ៍ព័ត៌មានទៅកាន់ពិភពលោក។
 
ទន្ទឹមនេះ សារព័ត៌មាន Al Jazeera បានចាត់ទុកសេចក្តីសម្រេចរបស់រដ្ឋាភិបាលអុីស្រាអែលលើការបិទការិយាល័យ និងការផ្សព្វផ្សាយខ្លួននៅអុីស្រាអែល ជាការបិទបាំងសកម្មភាពនៅតំបន់កាហ្សា និងសិទ្ធិសេរីភាពសារព័ត៌មាន។ បើតាម Al Jazeera ការសម្លាប់អ្នកសារព័ត៌មាន, ចាប់ខ្លួន, សម្លុត និងគំរាមកំហែងរបស់អុីស្រាអែល មិនអាចបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយខ្លួន មិនឱ្យយកការណ៍លើជម្លោះនៅតំបន់កាហ្សាបានឡើយ។ 
 
សារព័ត៌មានរបស់កាតាមួយនេះ បានបង្ហាញទិន្នន័យថា អុីស្រាអែល បានសម្លាប់អ្នកសារព័ត៌មានប៉ាឡេស្ទីនច្រើនជាង ១៤០នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងនៅនៅខែតុលា ឆ្នាំ២០២៣។
 
កន្លងមកអុីស្រាអែល​ បានចោទសារព័ត៌មាន Al Jazeera មានភាពលំអៀង ហើយមានកិច្ចសហការជាមួយក្រុមហាម៉ាសថែមទៀត។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយមួយនេះ បានច្រានចោលការចោទប្រកាន់នោះ។
 
ក្រោយការបិទការិយាល័យ Al Jazeera ក្នុងស្រុកនៅអុីស្រាអែល ក្រុមសេរីភាពសារព័ត៌មាន ក៏បានរិះគន់ទង្វើមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន​ Al Jazeera លោក Tim Dawson អគ្គលេខាធិការរងនៃសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បានយល់ឃើញថា ការបិទប្រព័ន្ធផ្សព្វផ្សាយ បិទស្ថានីយទូរទស្សន៍ ជាអ្វីដែលបុគ្គលផ្តាច់ការធ្វើ៕

Tag:
 Al Jazeera
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com