សង្គមអន្តរជាតិ​
អន្តរជាតិ
Kansai ជាអាកាសយានដ្ឋានជប៉ុនគ្មានឥវ៉ាន់អ្នកដំណើរបាត់រយៈពេល ៣០ឆ្នាំ
06, May 2024 , 8:19 pm        
រូបភាព
អ្នកដំណើរនៅអាកាសយានដ្ឋាន Kansai ។ រូបភាព ៖ AP
អ្នកដំណើរនៅអាកាសយានដ្ឋាន Kansai ។ រូបភាព ៖ AP
អាកាសយានដ្ឋានអន្តរជាតិជប៉ុន KANSAI ត្រូវបានទទួលស្គាល់ថាជាកន្លែងដែលគ្មានឥវ៉ាន់របស់អ្នកដំណើរណាម្នាក់ ត្រូវបានបាត់បង់ក្នុងរយៈពេល ៣០ឆ្នាំតាំងពីពេលចាប់ដំណើរការ។

 
ស្របពេលសិង្ហបុរី និងទីក្រុងដូហារបស់កាតាប្រជែងគ្នាដណ្តើមពានរង្វាន់អាកាសយានដ្ឋានអន្តរជាតិល្អបំផុតលើពិភពលោក ក៏មានអាកាសយានដ្ឋានមួយកំពុងផ្តោតលើសមិទ្ធិផលពិសេសផ្សេងទៀត។ នោះ​គឺ​អាកាសយានដ្ឋាន​អន្តរជាតិ Kansai នៅទីក្រុង Osaka ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​កន្លែង​គ្មាន​ឥវ៉ាន់អ្នកដំណើរណាម្នាក់​​បាត់ ក្នុង​រយៈពេល ៣០ឆ្នាំ​មក​ហើយ។
 
នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា អាកាសយានដ្ឋានអន្តរជាតិ Kansai (KIX) បានឲ្យដឹងថា ពួកគេមិនបានធ្វើឲ្យបាត់បង់អីវ៉ាន់ណាមួយរបស់អ្នកដំណើរ ចាប់តាំងពីការបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ១៩៩៤។ 
 
បើតាមស្ថិតិ អ្នករៀបចំឥវ៉ាន់អាកាសយានដ្ឋាន និងបុគ្គលិកបម្រើការនៅ KIX បានធ្វើការងាររបស់ពួកគេយ៉ាងល្អក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។ អាកាសយានដ្ឋាននេះបម្រើអ្នកដំណើរជាមធ្យមចន្លោះ ២០ទៅ ៣០លានអ្នកដំណើរក្នុងមួយឆ្នាំ។
 
លោក Kenji Takanishi មន្ត្រីទំនាក់ទំនងសាធារណៈរបស់ Kansai លើកឡើងថា បុគ្គលិកសប្បាយចិត្តនឹងសមិទ្ធិផលនេះ ប៉ុន្តែមិនមានអារម្មណ៍ថាពួកគេកំពុងធ្វើអ្វីពិសេសនោះទេ។ 
 
លោកTakanishi បានបន្តថា ៖ « យើងទាំងអស់គ្នា កំពុងធ្វើការងារធម្មតា»។ នេះបើតាមសារព័ត៌មាន CNN។  
 
អង្គការជំនាញនៅអង់គ្លេសSkytrax បានទទួលស្គាល់អាកាសយានដ្ឋាន Kansai ថាបានបម្រើសេវាឥវ៉ាន់អ្នកដំណើរល្អបំផុតរបស់ពិភពលោក ហើយបានផ្តល់រង្វាន់នេះនៅក្នុងខែមេសា​។
 
អង្គការ Skytrax ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាអង្គការជំនាញមួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោកដែលមានឯកទេសក្នុងការប្រឹក្សា និងវាយតម្លៃគុណភាពផលិតផល និងសេវាកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានទូទាំងពិភពលោក។ ចំណាត់ថ្នាក់ត្រូវបានធ្វើឡើងដោយឯករាជ្យជារៀងរាល់ឆ្នាំដោយ Skytrax ផ្អែកលើលទ្ធផលនៃការស្ទង់មតិរបស់អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានពិភពលោកចំនួន ៥៥៥។​
 
អាកាសយានដ្ឋាន Kansai ត្រូវបានសាងសង់នៅលើកោះសិប្បនិម្មិតមួយក្នុងទីក្រុង Osaka ដែលបម្រើអ្នកដំណើរជាចម្បងទៅកាន់ Osaka, Kyoto និង Kobe ។ នៅឆ្នាំ ២០២៤ Kansai ជាប់ចំណាត់ថ្នាក់ទី១៨ ល្អបំផុតក្នុងពិភពលោកជាមួយនឹងអាកាសយានដ្ឋានផ្សេងទៀតនៅជប៉ុនរួមមាន Haneda និង Narita (ទាំងពីរនៅទីក្រុងតូក្យូ) ក្នុងចំណាត់ថ្នាក់ទី៤ និងទី៥ រៀងគ្នា៕  

Tag:
 ជប៉ុន
  អាកាសយានដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com