លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានព្រមានបញ្ឈប់ដឹកជញ្ជូនអាវុធឱ្យអុីស្រាអែល ប្រសិនបើហ៊ានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ Rafah ដែលជាជម្រកជនភៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីនដ៏សំខាន់នៅតំបន់កាហ្សា។ បើតាមលោកបៃឌិន លោកមិនឱ្យប្រជាជនស៊ីវិល ត្រូវបានសម្លាប់ដោយគ្រាប់បែករបស់អាម៉េរិកឡើយ។
ជម្លោះអុីស្រាអែល និងហាម៉ាស មិនទាន់បានបញ្ចប់ឡើយ បើទោះមានសម្ពាធពីសហគមន៍អន្តរជាតិដាក់លើរដ្ឋាភិបាលក្រុង Tel Aviv ជំរុញលើបទឈប់បាញ់។ រថក្រោះ និងយន្តហោះចម្បាំងអុីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់ Rafah ខណៈមានក្តីបារម្ភថា វាអាចមានការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ ដែលជាជម្រកប្រជាជនស៊ីវិលមួយនេះ។
ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនអាវុធឱ្យអុីស្រាអែល ប្រសិនបើហ៊ានវាយប្រហារតំបន់ Rafah។
«ប្រសិនបើពួកគេផ្តោតលើតំបន់ Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់អាវុធ ដែលប្រើសម្រាប់វាយលើទីក្រុងនោះឡើយ»។ មេដឹកនាំវ័យ ៨១ឆ្នាំ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី៨ ខែឧសភា ដោយបន្តថា អាម៉េរិក នឹងមិនបន្តផ្គត់ផ្គង់អាវុធដែលអុីស្រាអែល ធ្លាប់ប្រើប្រាស់នោះឡើយ។
ក្នុងកិច្ចសម្ភាសដដែលនោះ មេដឹកនាំអាម៉េរិក បានបង្ហាញពីការមិនពេញចិត្តឡើយនៅពេលប្រជាជនស៊ីវិលនៅប៉ាឡេស្ទីនត្រូវបានសម្លាប់ដោយគ្រាប់បែកអាម៉េរិក ដែលផ្តល់ទៅអុីស្រាអែល។ លោក បានចាត់ទុករឿងបែបនេះ ជារឿងខុសឆ្គង។
ទន្ទឹមនេះ លោកប្រធានាធិបតី បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីថា អាម៉េរិក មិនបានដើរចេញពីការការពារផ្នែកសន្តិសុខលើអុីស្រាអែលឡើយ ប៉ុន្តែអាម៉េរិកដកខ្លួនពីសមត្ថភាពធ្វើសង្រ្គាមប្រឆាំងនឹងតំបន់កាហ្សា។
នៅសប្តាហ៍មុន រដ្ឋបាលអាម៉េរិក បានផ្អាកមិនបញ្ជូនគ្រាប់បែកទៅអុីស្រាអែលរួចទៅហើយ ក្នុងនោះមានដូចជា គ្រាប់បែកទម្ងន់ ៩៧០គីឡូក្រាមចំនួន ១៨០០គ្រាប់ និងគ្រាប់បែកទម្ងន់ ២២៦ គីឡូក្រាម ចំនួន១៧០០គ្រាប់។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដោយស្រង់ប្រភមមន្រ្តីមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៧ ខែឧសភា អាម៉េរិក បានពន្យារពេលដឹកជញ្ជូនគ្រាប់បែក JDAM ប្រមាណ ៦៥០០គ្រាប់ ដើម្បីដាក់សម្ពាធលើអុីស្រាអែល រហូតដល់មានវិធានការច្បាស់លាស់ក្នុងការបញ្ចៀសផលប៉ះពាល់លើប្រជាជនស៊ីវិល។
នៅថ្ងៃទី៦ ខែឧសភា កន្លងទៅ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិកជំទាស់ផែនការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ Rafah។
តាមការបញ្ជាក់របស់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារជនភៀសខ្លួនប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិ (UNWRA) មនុស្សប្រមាណ ១,៤លាននាក់ បានយកតំបន់ Rafah ធ្វើជាជម្រក ដោយពាក់កណ្តាលជាកុមារ។ កន្លងមក មនុស្សប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ ត្រូវបានជម្លៀសចេញពីតំបន់ Rafah ភាគខាងកើត៕