ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត៖ ការទូតសេដ្ឋកិច្ច ជាអាទិភាពធំសម្រាប់ប្រយោជន៍ជាតិ 10, May 2024 , 10:39 am
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
× ការទូតសេដ្ឋកិច្ច ជាអាទិភាពធំសម្រាប់ការងារក្រៅប្រទេសរបស់រដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅចំពោះមុខអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលបានអះអាងថា រដ្ឋាភិបាល នឹងប្រឹងជំរុញការទូតសេដ្ឋកិច្ចនេះ ដើម្បីប្រយោជន៍ប្រទេសជាតិ។
សម្តេច ហ៊ុន ម៉ាណែត មើលឃើញការទូតសេដ្ឋកិច្ចមិនត្រឹមជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ តាមរយៈការលើកស្ទួយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងទំនាក់ទំនងមនុស្ស និងមនុស្ស ដែលជាកត្តាយ៉ាងសំខាន់។
សម្តេច ហ៊ុន ម៉ាណែត បាននិយាយក្នុងពិធីប្រកាសដំណើរការជាផ្លូវការ នូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី៩ឧសភាថា៖ «អ្វីដែលសំខាន់ និងចីរភាពធំបំផុត គឺទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ តាមគ្រប់វិស័យ។ មិនថា វប្បធម៌ សិល្បៈ ឬមួយការអប់រំទេ! ហើយក្នុងនោះវិស័យឯកជន ដើរតួនាទីសំខាន់ណាស់ ដែលយើងបង្កើតនូវទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងធុរកិច្ចរវាងប្រជាជន និងប្រជាជន»។
ប្រមុខរដ្ឋាភិបាល បានចាត់ទុកទំនាក់ទំនងរវាងអ្នកធុរកិច្ច និងអ្នកធុរកិច្ចនេះ គឺជាកត្តាសំខាន់សម្រាប់ការចងចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យរឹងមាំ។ «នេះដែលយើងត្រូវរុញផ្នែកនេះឱ្យមែនទែន»។ សម្តេចបានអះអាងបែបនេះ ដោយបញ្ជាក់ថា រឿងសេដ្ឋកិច្ច គឺអត់មានភ្ជាប់នឹងលក្ខខណ្ឌនយោបាយអ្វីឡើយ។ ហេតុដូច្នេះ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ងាយស្រួល ជាងការជំរុញផ្នែការទូត ឬមួយទំនាក់ទំនងផ្នែកនយោបាយ។
សម្តេចបានបន្ថែមថា៖«ប្រសិនបើផ្នែកកាទូតមានបញ្ហា! ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច គឺជាចំណងមួយដែលថែរក្សានូវលំនឹង ឬមួយក៏មិនទប់មិនអាចឱ្យមានការផ្ទុះនូវអ្វីដែលធ្ងន់ធ្ងរ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទាំងពីរប្រទេសតាមរយៈអ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសនីមួយៗ។ នេះហើយជាគោលដៅធំ នៅក្នុងជំរុញការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ»។
បើតាមសម្តេច ហ៊ុន ម៉ាណែត ក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលបានការវិនិយោគថ្មីៗ ចំនួន១២៨គម្រោង ដែលមានទំហំទុនប្រមាណ ២ ៥០០លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ អាចបង្កើតការងារជូនពលរដ្ឋបានជាង១៣ម៉ឺនកន្លែង៕
© រក្សាសិទ្ធិដោយ thmeythmey.com