RFI
អន្តរជាតិ
សភាពាណិជ្ជកម្មអឺរ៉ុប-ចិន៖ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីប្រទេសចិន
10, May 2024 , 7:39 pm        
រូបភាព
 AP - Tatan Syuflana
AP - Tatan Syuflana
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើន ងាកបែរចេញពីការនិយោគទុន​នៅ​ប្រទេសចិន ព្រោះតែ​មាន​ឧបសគ្គ​ច្រើន​ពេក​។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប-ចិន នៅក្នុងអំឡុងពេលដែល​ប្រធានាធិបតីចិនកំពុងធ្វើទស្សនកិច្ចនៅហុងគ្រី។ តាម​ទិន្នន័យ​របស់សភាពាណិជ្ជកម្មអឺរ៉ុប-ចិន, ពីមួយឆ្នាំទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​រដូវ​កាល​​ផ្ទុះ​ជំងឺ​កូវីដ១៩​មក ក្រុមហ៊ុន​អឺរ៉ុប​កាន់តែច្រើនឡើងៗ​ ដកថយ​ពីប្រទេស​ចិន និងងាក​ទៅកាន់​ទីផ្សារថ្មី ដែល​អាចគួរ​ឲ្យ​មាន​ទំនុកចិត្ត និង​មាន​តម្លាភាព​​។​​​ ​
 
អត្រាចំនួន​ក្រុមហ៊ុន​អឺរ៉ុប ដែល​ចាត់ទុកថា ​ប្រទេស​ចិន​ជាគោល​ដៅវិនិយោគរបស់​ក្រុមហ៊ុន​ពួក​គេ​ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ គឺ​មិនធ្លាប់​ប្រទះ​សភាព​បែបនេះសោះក្នុង​ប្រវត្តិសាស្ត្រ​ ​២០ឆ្នាំចុង​ក្រោយ ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​អឺរ៉ុប-ចិន​។ នេះបើតាម​ការប្រកាស​ពីសំណាក់​លោក Jens Eskelund ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុប-ចិន ដោយ​បញ្ជាក់​ទៀតថា ទម្រាំ​តែ​អាច​ស្តារ​ទំនុក​ទុក​ចិត្ត​ដល់​ក្រុមហ៊ុន​អឺរ៉ុប​បាន​ឡើងវិញ ទំនង​ជាត្រូវការ​ពេល​ច្រើន​ឆ្នាំណាស់​។
 
ការ​លើកឡើង​របស់​ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុប-ចិន ធ្វើឡើងនៅ​ថ្ងៃ​សុក្រ ​ទី​១០ឧសភា ដោយផ្អែក​ទៅលើ​របាយការណ៍​ស៊ើប​អង្កេត​ពាណិជ្ជកម្ម​​ស្តីពី​ទំនុក​ទុកចិត្ត​របស់​ក្រុមហ៊ុន​អឺរ៉ុប​ ដែល​រកស៊ីបោះទុនវិនិយោគ​នៅ​ស្រុក​ចិន​។​ តាំងពីរដូវកាលផ្ទុះជំងឺកូវីដ១៩មក ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនអឺរ៉ុបកាន់តែច្រើនឡើងៗ ដកទំនុក​ទុក​ចិត្ត​ពីប្រទេសចិន ពោល​គឺនៅ​ឆ្នាំ២០២២  មាន​២១% តែនៅឆ្នាំ​២០២៣ ​ធ្លាក់​មក ត្រឹម​១៦% ហើយ​ឆ្នាំ២០២៤​នេះ បន្ត​ធ្លាក់​មក​សល់​ត្រឹម ១៣%​ តែប៉ុណ្ណោះ។ ​ក្រុម​ហ៊ុន​អឺរ៉ុប​ ១ភាគ៣ បាន​ឆ្លើយសម្តែង​ភាព​ទុទិដ្ឋិនិយម និង​​គ្មាន​​សង្ឃឹម​ចំពោះអនាគត​ ក្នុង​ការ​បន្ត​ជំនួញ​របស់​ពួក​គេ​នៅ​ស្រុក​ចិន​។ ហេតុផល ដ្បិតថា ក្រុមហ៊ុន​បរទេស មិនបានត្រូវ​ស្វាគម​ឲ្យ​កក់ក្តៅចិត្ត​នៅស្រុក​ចិន​ដូចកាលពីមុន​ ហើយ​និង​ស្របពេល​ដែល​ ​មហា​យក្សចិន​ ក៏កំពុង​តែ​ជួប​វិបត្តិ​ជាច្រើន​នៅក្នុង​ស្រុក។ តួយ៉ាង បញ្ហា​យុវជន​អត់ការងារ​ធ្វើ និង​វិបត្តិ​អចលនទ្រព្យ​កំពុង​ជាប់​គាំង ហើយ​និងបញ្ហា​ការ​បញ្ជាទិញទំនិញ​ចិន ​មិន​សូវ​មា​នច្រើន​។​
 
​ជា​ច្រើន​ខែមកហើយ ដែល​ឈ្មួញ​បរទេស​ថ្លែង​ក្តី​បារម្ភ​និងត្អូញត្អែរ​​កង្វល់ពី​​មុខ​ជំនួយ​របស់ខ្លួន​នៅចិន ​ដោយសារតែឧបសគ្គនានា​ខាងផ្លូវច្បាប់ ហើយ​និង​ការ​​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។​ រដ្ឋអំណាច​ចិន​ឲ្យ​តម្លៃ​និង​ផ្តល់​ឱកាស​ច្រើនដល់​ក្រុម​ហ៊ុន​ក្នុងស្រុកនិង​ក្រុមហ៊ុន​សាធារណៈ​​របស់រដ្ឋចិន​ ហើយ​និង​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​ក្រុមហ៊ុន​បរទេស។ ការធ្វើ​ទុក្ខ​បុកម្នេញ​​ច្រើន​រូបភាព រាប់ចាប់តាំងពី​ការ​លួច​កម្មសិទ្ធិបញ្ញា ​ជាដើម។ ប្រឈម​នឹង​ការ​បាត់​ទំនុក​ចិត្ត​របស់​ឈ្មួញបរទេស នៅខែមីនាកន្លងទៅ ​នាយករដ្ឋមន្ត្រីចិន​ លី ឈាំង ក៏​បានប្រកាសក្នុងវេទិកាធុរកិច្ច អំ​​ពីបំណង​លុបចោល​រនាំង​ឧបសគ្គក្នុងវិស័យ​មួយ​ចំនួនដែលរារាំងនិងរឹតត្បិត​ចំពោះ​​ក្រុមហ៊ុន​វិនិយោគ​ទុន​បរទេស​​។
 
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​លោក ស៊ី ជីនពីង ​នៅក្រុង​ប៉ារីស, ថ្នាក់ដឹកនាំបារាំង​និង​អឺរ៉ុប ក៏​បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ ថ្លឹងថ្លែង​ពី​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន ហើយ​និង​ ពិចារណាណាឡើងវិញពី​ការ​ឧបត្ថម្ភធន​ជ្រុល​ហួស​របស់​ចិន​។ ក៏ប៉ុន្តែ បើតាម​អ្នក​ជំនាញ, បើទោះបីជា​ ប្រធានាធិបីត​បារាំង និង​ប្រធាន​គណៈកម្មការអឺរ៉ុប ខំល្បួង​លួង​ចិត្ត យ៉ាងណាក្តី ក៏​ ចិន ហាក់​ពុំ​បាន​បង្ហាញ​សញ្ញា​ផ្តល់​សម្បទាន​អ្វីសោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com