អន្តរជាតិ
នាវាយោធាចិន ២គ្រឿង នឹងចូលសំចតនៅកម្ពុជា និងទីម័រខាងកើត
10, May 2024 , 8:19 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ក្រសួងការពារជាតិចិន នៅថ្ងៃទី៩ ខែឧសភា បានប្រកាសថា នាវាយោធាចំនួន ២គ្រឿង នឹងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីដើមខែឧសភា ដល់ពាក់កណ្តាលខែមិថុនា។ វត្តមានរបស់នាវាទាំងពីរគ្រឿងនេះ ធ្វើឡើងស្របពេលចិន និងកម្ពុជា កំពុងរៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២៤។
 
«ដំណើរទស្សនកិច្ចរបស់នាវាទាំងពីរគ្រឿងនេះ ជាផ្នែកនៃកាលវិភាគកងទ័ពជើងទឹកចិនសម្រាប់កម្មវិធីហ្វឹកហ្វឹននៅដែនសមុទ្រឆ្ងាយ»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិនបែបនេះ ដោយបន្តយោធាកម្ពុជា និងបណ្តាប្រទេសផ្សេងទៀត នឹងចូលរួមជាមួយយោធាចិន ដើម្បីអនុវត្តសមយុទ្ធពាក់ព័ន្ធ។ 
 
បេសកកម្មរបស់នាវាយោធាទាំងពីរគ្រឿងនេះ នឹងជួយពង្រឹងសមត្ថភាពកងទ័ព, កិច្ចសហប្រតិបត្តិការ និងទំនុកចិត្តរវាងកងទ័ពជើងទឹកកម្ពុជា និងទីម័រខាងកើត។
 
ការសំចតរបស់នាវា Qijiguang និង នាវាJinggangshan នៅកម្ពុជានេះ ធ្វើឡើងស្របពេល យោធាចិន និងកម្ពុជា ធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤។ សមយុទ្ធនេះ នឹងផ្តោតលើ ប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងជួយសង្រ្គោះមនុស្សធម៌រួមគ្នា» ដែលស្រដៀងនឹងសមយុទ្ធនៅក្នុងឆ្នាំ២០២៣​ ដែរ។ 
 
តាមលិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅកាន់គណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងរៀបចំសមយុទ្ធនាគមាស ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែឧសភា៕ 
 

Tag:
 ចិន
  កម្ពុជា
  និងទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com