សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលចិនសម្រុកទិញមាសបម្រុងទុក១៨ខែជាប់គ្នា 10, May 2024 , 9:59 pm
រូបភាព ៖ AFP
× ធនាគារកណ្តាលចិន (PBOC) បានបន្តទិញមាសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ទុកជាទុនបម្រុងសរុបដល់ទៅ ២២៦៤តោន។
អ្នកវិភាគទីផ្សារនៅក្រុមប្រឹក្សាមាសពិភពលោក (WGC) កាលពីដើមសប្តាហ៍នេះបានដកស្រង់ទិន្នន័យពីធនាគារកណ្តាលចិនដោយបង្ហាញថា នៅខែមេសា PBOC បានទិញបន្ថែម ៦០ពាន់អោនស៍។ នេះជាខែទី១៨ ជាប់ៗគ្នាដែលទីភ្នាក់ងារនេះបានបង្កើនទុនបម្រុងមាសរបស់ខ្លួន។ ១អោនស៍ មានចំនួនប្រមាណ ២៨,៣៤ក្រាម។
យ៉ាងណាមិញ បរិមាណទិញបានថយចុះ បើប្រៀបធៀបទៅនឹង ២ខែមុន។ នៅខែកុម្ភៈ និងខែមីនា PBOC បានទិញបន្ថែម ៣៩០ពាន់អោនស៍ និង ១៦០ពាន់អោនស៍រៀងគ្នា។
ធនាគារ PBOC ជាអ្នកទិញមាសធំជាងគេបំផុតមួយរបស់ពិភពលោក។ បច្ចុប្បន្ន ទុនបម្រុងមាសរបស់ PBOC កើនដល់ចំនួន ២២៦៤ តោន។
បច្ចុប្បន្នមាសពិភពលោកមានតម្លៃប្រមាណជាង ២៣៧០ដុល្លារក្នុងមួយអោនស៍ នៅរសៀលថ្ងៃទី ៩ ខែឧសភា។ ចាប់តាំងពីដើមឆ្នាំមក លោហៈដ៏មានតម្លៃមួយនេះបានកើនឡើងថ្លៃជាង ១២ភាគរយ មួយផ្នែកដោយសារតែអំណាចទិញរបស់ធនាគារកណ្តាល។
អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Goldman បាននិយាយថា ធនាគារកណ្តាលនៃប្រទេសដែលកំពុងរីកចម្រើនកំពុងជំរុញឱ្យការទិញមាសប្រញាប់ប្រញាល់។ បរិមាណលោហៈដ៏មានតម្លៃនៅក្នុងក្រុមប្រទេសទាំងនេះ បច្ចុប្បន្នមានប្រហែល ៦ភាគរយនៃទុនបំរុងសរុបដែលស្មើរពាក់កណ្តាលនៃប្រទេសអភិវឌ្ឍន៍។
របាយការណ៍និន្នាការតម្រូវការមាសនៅត្រីមាសទី១ របស់ WGC បង្ហាញថា ធនាគារកណ្តាលបានទិញមាសសរុបចំនួន ២៨៩តោន ដែលនាំមុខគេដោយតួកគី (៣០ តោន) ចិន (២៧ តោន) និងឥណ្ឌា (១៨ តោន) ខណៈធនាគារកណ្តាលរុស្ស៊ីក៏បានពន្លឿនការប្រមូលមាសចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន៕
© រក្សាសិទ្ធិដោយ thmeythmey.com