ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
ពាក្យ «នោះ», «នុះ» និង «នុ៎ះ» ន័យដូចគ្នា តែការប្រើប្រាស់ខុសគ្នាបន្តិច 10, Mar 2024 , 7:29 am
× វចនានុក្រមខ្មែរ សម្តេច ជួន ណាត បានយកសព្វនាម «នោះ», «នុះ» និង «នុ៎ះ» មកធ្វើការពន្យល់ដាច់ដោយឡែកពីគ្នា ដើម្បីឲ្យកូនខ្មែរ ប្រើប្រាស់ត្រឹមត្រូវតាមទិដ្ឋភាពជាក់ស្តែង។
«នោះ» ជាពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង នុះ ប៉ុន្តែទាបជាង នុ៎ះ, ដូចជា សំបុត្រនោះ, សេចក្តីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម ។
«នុះ» ជា ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ។ សុំអ្នកមេត្តាឲ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ ? (គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ ) ។
រីឯ «នុ៎ះ» មានន័យថា ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ។ ដូចពាក្យថា អ្នកណានុ៎ះ? ; អ្នកណាដើរនុ៎ះ? នុ៎ះន៏! ; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com