អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី ធ្វើជាប្រេសិតអាស៊ានសម្រាប់បញ្ហាមីយ៉ាន់ម៉ា
13, Jan 2023 , 5:29 pm        
រូបភាព
លោកស្រី  Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងជាប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាថ្មី។  រូបភាព AFPលោកស្រី  Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងជាប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាថ្មី។  រូបភាព AFP
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងជាប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាថ្មី។ រូបភាព AFPលោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី និងជាប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាថ្មី។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) នៅថ្ងៃទី១១ ខែមករា បានអះអាងថា លោកស្រីនឹងកាន់តំណែងជាប្រធានការិយាល័យមួយ ដែលឥណ្ឌូណេស៊ីនឹងបង្កើតឡើងសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។


 
ឆ្នាំ២០២៣ ឥណ្ឌូណេស៊ី ធ្វើជាប្រធានផ្លាស់វេនអាស៊ាន បន្ទាប់ពីកម្ពុជា។ ក្នុងពេលក្នុងតំណែងដ៏សំខាន់មួយនេះ ឥណ្ឌូណេស៊ីត្រូវរ៉ាប់រងបញ្ហាជាច្រើន ខណៈវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាប្រធានបទដ៏ក្តៅមួយ ដែលមិនទាន់មានច្រកចេញ។ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងនេះ ឥណ្ឌូណេស៊ីនឹងបង្កើតការិយាល័យប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ា។ ប្រមុខការទូតឥណ្ឌូណេស៊ី រ៉េតណូ ម៉ាស៊ូឌី ក៏កាន់តំណែងជាប្រេសិតពិសេសដែរ។
 
«ការិយាល័យប្រេសិតពិសេសនឹងត្រូវបានបង្កើតឡើង ហើយនឹងដឹកនាំដោយរដ្ឋមន្រ្តីការបរទេស»។ លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញថ្ងៃទី១១ ខែមករា។ 
ក្នុងនាមជាប្រធាននៃការិយាល័យថ្មីនេះ លោកស្រី Marsudi បានអះអាងថា ខ្លួននឹងស្វះស្វែងរកទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោកស្រី Marsudi យល់ថា វាពិតជាសំខាន់ណាស់ ក្នុងការបង្កើតកិច្ចចរចាមួយដើម្បីលើកឡើងពីវិបត្តិ ដែលប៉ះពាល់ដល់រដ្ឋសមាជិកអាស៊ាន។ 
 
បន្ថែមពីនេះ ប្រមុខការទូតឥណ្ឌូណេស៊ី បានប្តេជ្ញាខិតខំគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយមីយ៉ាន់ម៉ាឱ្យដើរចេញពីវិបត្តិ ដែលកំពុងកើតមាន ហើយជំរុញឱ្យមីយ៉ាន់ម៉ា គោរពតាមការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននាពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ Benar News។ 
 
ទន្ទឹមនេះ លោកស្រី Marsudi បានសន្យាអនុវត្តវិធានការលើមីយ៉ាន់ម៉ា ដោយផ្អែកលើគោលការណ៍មូលដ្ឋាន និងតម្លៃនៃធម្មនុញ្ញអាស៊ាន រួមទាំងការគោរពនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ រួមទាំងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ 
 
សូមបញ្ជាក់ថា ខណៈវិបត្តិនយោបាយមិនទាន់មានដំណោះស្រាយ មីយ៉ាន់ម៉ា តែងមានការប៉ះទង្គិចផ្ទៃក្នុង និងបង្កឱ្យមានអស្ថិរភាពក្នុងប្រទេស។ ស្របគ្នានេះ យោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតថ្នាក់ជាតិជាថ្មីនៅក្នុងឆ្នាំ២០២៣៕ 
 
 

Tag:
 អាស៊ាន
  ឥណ្ឌូណេស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com