អន្តរជាតិ
ឥណ្ឌូណេស៊ី បញ្ជូននាវាចម្បាំងទៅឃ្លាំមើលនាវាឆ្មាំសមុទ្រចិន
14, Jan 2023 , 6:39 pm        
រូបភាព
ឥណ្ឌូណេស៊ី បានដាក់ពង្រាយនាវាចម្បាំងទៅសមុទ្រខាងជើង Natuna ដើម្បីត្រួតពិនិត្យនាវាឆ្មាំ​សមុទ្រចិន​ដែល​ធ្វើ​ដំណើរនៅសមុទ្រដែលសម្បូរដោយធនធាននេះ។ មេទ័ពជើងទឹកឥណ្ឌូណេស៊ី​លើក​ឡើងបែបនេះនៅថ្ងៃទី១៤ ខែមករា។
 
បើតាមទិន្នន័យតាមដាននាវា នាវាឆ្មាំសមុទ្ររបស់ចិន CCG 5901 បានធ្វើដំណើរនៅសមុទ្រ Natuna ក្បែរតំបន់ឧស្ម័ន Tuna និង​  តំបន់ប្រេងឧស្ម័ន Chim Sao របស់វៀតណាមតាំងពីថ្ងៃទី៣០ ខែធ្នូមក។ ជាមួយវត្តមាននាវាចិន ឥណ្ឌូណេស៊ី ក៏មិនស្ងៀមដែរ ដោយបញ្ជូននាវារបស់ខ្លួនទៅឃ្លាំមើលដែរ។
 
មេទ័ពជើងទឹកឥណ្ឌូណេស៊ីលោក Laksamana Muhammad Ali លើកឡើងថា នាវាចម្បាំងមួយគ្រឿង យន្តហោះល្បាតដែនសមុទ្រ និងដ្រូនត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យនាវាចិន។
 
«នាវា​ចិន​មិន​បាន​ធ្វើ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ»។ លោក Laksamana បញ្ជាក់បែបនេះ រួច​បន្ត​ថា ទោះយ៉ាងណាក៏ដោយ យោធាឥណ្ឌូណេស៊ីនៅតែត្រូវតាមដាននាវាចិននោះ​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ឥណ្ឌូណេស៊ីមួយរយៈមកនេះ។
 
អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ហ្សាការតាមិនបានឆ្លើយតបយ៉ាងណាឡើយចំពោះរឿងនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
សកម្មភាពខាងលើកើតឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀង EEZ រវាងឥណ្ឌូណេស៊ី និងវៀតណាម និង​ការយល់ព្រមពីឥណ្ឌូណេស៊ីក្នុងការអភិវឌ្ឍតំបន់ឧស្ម័ន Tuna នៅក្នុងសមុទ្រ Natuna ជាមួយនឹងការ​វិនិយោគដែលទំហំប៉ាន់ស្មានសរុបជាង៣ពាន់លានដុល្លាររហូតដល់ការចាប់ផ្តើមផលិតកម្ម៕
 
 

Tag:
 ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com