RFI
អន្តរជាតិ
យូណេស្កូ៖ វិបត្តិខ្វះទឹកសាបប្រើប្រាស់ គំរាមកំហែងដល់សន្តិភាពពិភពលោក 24, Mar 2024 , 8:39 am
អង្គការសហប្រជាជាតិ អំពាវនាវពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្របទឹកប្រកបដោយចីរភាព និងសមធម៌។ រូបថតតំណាង ថតនៅស្រុកឥណ្ឌា។ AP - Altaf Qadri
×
ដោយ៖ហេង ឧត្តម/RFI
នាឱកាសទិវាទឹកពិភពលោក ថ្ងៃទី២២មីនា អង្គការសហប្រជាជាតិ អំពាវនាវពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្រងទឹកប្រកបដោយចីរភាព និងសមធម៌។ ដ្បិតថា ក្នុងពិភពលោក មនុស្ស ២,២ ពាន់លាននាក់ មិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ការខ្វះទឹកដែលបណ្តាលមកពីបញ្ហាប្រែប្រួលអាកាសធាតុ ក៏ជាចំណោទបញ្ហាធំមួយថែមទៀត។
របាយការណ៍អង្គការយូណេស្កូ ស្តីពី ការផ្តល់តម្លៃចំពោះប្រភពធនធានទឹក បានទាញសញ្ញាអាសន្នចំពោះវិបត្តិខ្វះទឹកនៅក្នុងពិភពលោក។ នេះក៏ព្រោះតែ តម្រូវការទឹកសាប កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងហោច កើន ១%ជារៀងរាល់ឆ្នាំ ទូទាំងពិភពលោក។ តម្រូវការទឹកនេះសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម។ ទឹកសម្រាប់ការតាំងទីលំនៅក្នុងទីក្រុង-ទីប្រជុំជន ដែលមនុស្សកាន់កុះករតែច្រើនឡើងៗ ហើយនិង ទឹកសម្រាប់ដំណើរចង្វាក់ផលិតកម្មចំណីអាហារ។
ទឹកស្អាត ទឹកល្អ ចូលរួមចំណែកជាចលករវិបុលភាពដល់ប្រជាជន ហើយនិងជាសិទ្ធមនុស្សដែរ។ ទឹកជាធាតុមិនអាចខ្វះបានចំពោះអាយុជីវិតមនុស្ស។ លោក Richard Connor អ្នកជំនាញជាតិកាណាដា និងជាអ្នកសរសេររបាយការណ៍ម្នាក់ បានគូសបញ្ជាក់ថា ការដែលមនុស្សមិនបានទទួលទឹកស្អាតប្រើប្រាស់ នាំឲ្យកើតជំងឺផ្សេងៗ។ កាលណា គេឈឺ គឺមិនអាចទៅរៀន មិនបានទៅធ្វើការ នោះគឺកាត់បន្ថយផលិតភាពការងារ-ការរៀនសូត្រ។ ការខ្វះទឹក ក៏មិនអាចឲ្យផលិតចំណីអាហារ ហើយអាហារទៀតសោត ក៏គ្មានសុវត្ថិភាព។ ការខ្វះទឹក ក៏គ្មានដំណើរការអភិវឌ្ឈឧស្សាហកម្ម និងគ្មានការងារធ្វើដែរ។ ដូច្នេះ ទឹក និង វិបុលភាពសង្គម នៅជាប់ជិតនឹងគ្នាបង្កើយ។ អង្គការសហប្រជាជាតិ បានអំពាវនាវក្នុងរបាយការណ៍អង្គការយូណេស្កូ ដើម្បីពញ្ញាក់ស្មារតីឲ្យសហគមអន្តរជាតិ ត្រូវចេះគ្រប់គ្រងទឹកប្រកបដោយចីរភាព និងបែងចែកគ្នាដោយសមធម៌។
ដោយឡែក អង្គការសហប្រជាជាតិ ក៏បានទទួលស្គាល់ថា កម្មវត្ថុធានាដល់ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់សម្រាប់ទាំងអស់គ្នា នៅឆ្នាំ២០៣០ គឺបរាជ័យ ហើយនិងនៅឆ្ងាយពីគោលដៅណាស់។ ដ្បិតថា ការបែងចែកទឹកប្រើប្រាស់ គ្មានសមធម៌ ហើយមនុស្ស ២,២ ពាន់លាននាក់ ក្នុងពិភពលោក មិនទាន់ទទួលបានទឹកស្អាតប្រើប្រាស់នៅឡើយទេ។ ប្រជាជនប្រមាណជា ១០% ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ រត់ចោលផ្ទះសម្បែង ព្រោះតែខ្វះទឹកប្រើប្រាស់។
នៅលើភពផែនដី ទឹកសាប ៧០ % ត្រូវប្រើប្រាស់សម្រាប់វិស័យកសិកម្ម ហើយទឹកសាប ១៥% បើសម្រាប់ផលិតថាមពល។ ក្នុងផលិតកម្មចម្រាញ់និងបម្លែងថាមពលផុសស៊ីល ក៏ត្រូវការទឹកសម្បើមណាស់ដែរ។ ហេតុដូច្នេះ អង្គការសហប្រជាជាតិ ឲ្យយោបល់យ៉ាងទទូច ថា ចាំបាច់ត្រូវទាញយកថាមពលពីខ្យល់ និងពីព្រះអាទិត្យ ដោយកុំធ្វេសប្រហែស។
បើតាមរបាយការណ៍របស់អង្គការយូណេស្កូ, កង្វះទឹកក៏អាចជាហេតុបណ្តាលឲ្យកើតមានជម្លោះសង្គ្រាមដែរ។ សង្គ្រាមដើម្បីដណ្តើមទឹកគ្នានៅព្រំប្រទល់ដែន ពិសេសនៅទ្វីបអាហ្វ្រិក ១៩ក្នុងចំណោម២២ប្រទេស ជួបប្រទះបញ្ហាខ្វះទឹកសាបប្រើប្រាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com