RFI
អន្តរជាតិ
ជប៉ុននិងសហរដ្ឋអាមេរិករៀបចំពង្រឹងកិច្ចសហប្រតិបត្តិការយោធា 26, Mar 2024 , 7:39 pm
ជប៉ុននិងសហរដ្ឋអាមេរិករៀបចំពង្រឹងកិច្ចសហប្រតិបត្តិការយោធា © Japan Maritime Self-Defense Force推特
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ជប៉ុននិងសហរដ្ឋអាមេរិកបានចាប់ផ្តើមជជែកពិភាក្សាគ្នារកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទទី ២៥មីនា២០២៤។ នៅមុនសេចក្តីប្រកាសនេះបន្តិច សារព័ត៌មានបានចុះផ្សាយយ៉ាងព្រោងព្រាតថា ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាអាមេរិកនៅជប៉ុននេះគឺដើម្បីទប់ទល់ចិន។
ជប៉ុននិងអាមេរិកមានសន្ធិសញ្ញាយោធាការពារគ្នាទៅវិញទៅមក តាំងពីឆ្នាំ១៩៦០ និងមានទាហានអាមេរិក៥៤០០០នាក់ឈរជើងនៅមូលដ្ឋានទ័ពក្នុងប្រទេសជប៉ុន។ នៅថ្ងៃនេះ ប្រទេសទាំងពីរ បានចាប់ផ្តើមពិភាក្សារកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការយោធាខាងផ្នែកបញ្ញត្តិនិងបញ្ជាការ ក៏ដូចជាការត្រៀមលក្ខណៈឱ្យបានប្រសើរឡើង។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយបញ្ជាក់ថា សម្រាប់ពេលនេះ ខាងភាគីអាមេរិក នៅមិនទាន់អារកាត់សម្រេចអ្វីទាំងអស់ ទាក់ទងនឹងរចនាសម្ព័ន្ធ ព្រមទាំងការពង្រឹងតួនាទីនៃកងកម្លាំងអាមេរិកនៅជប៉ុន។
ប៉ុន្តែសម្រាប់បណ្តាសារព័ត៌មាន កម្មវត្ថុនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ គឺស្វែងរកមធ្យោបាយទប់ទល់នឹងចិនដែលជាតំណាងនៃការគំរាមកំហែងកាន់តែខ្លាំងឡើងៗ តាមរយៈការពង្រីកមហិច្ឆតាយោធា ព្រមទាំងឥទ្ធិពលនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំពោះជប៉ុន ទប់ទល់ចិនជាវិញ្ញាសាយុទ្ធសាស្ត្រដ៏ចម្បងបំផុតសម្រាប់សន្តិសុខតំបន់និងពិភពលោក។ ហេតុដូច្នេះហើយបានជាជប៉ុនសម្រេចដំឡើងកញ្ចប់ថវិកាការពារជាតិឱ្យបានដល់២%នៃផលិតផលសរុបក្នុងស្រុក នៅឆ្នាំ២០២៧។
បើតាមប្រភពការទូត ដែលសារព័ត៌មានFinancial Times និងសារព័ត៌មានក្នុងស្រុកជប៉ុន បានលើកមកចុះផ្សាយ ការសើរើមើលកិច្ចព្រមព្រៀងសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា នឹងប្រកាស នៅខែក្រោយ ក្នុងពេលមានជំនួបកំពូលអាមេរិក-ជប៉ុននៅទីក្រុងវ៉ាស៊ីនតោន។ ជាផែនការដែលពាំនាំមកនូវភាពប្រសើរខ្លាំងមែនទែនដល់សម្ព័ន្ធសន្តិសុខរវាងអាមេរិកនិងជប៉ុន។ នេះបើតាម Financial Times។ សម្រាប់សារព័ត៌មានជប៉ុនវិញ កាសែតយូមីអ៊ូរី ចេញនៅថ្ងៃចន្ទសរសេរថា ក្រុមការងារអចិន្ត្រៃយ៍អាមេរិក-ជប៉ុនមួយ អាចនឹងត្រូវបង្កើតឡើងនៅជប៉ុន ដើម្បីធានាសម្របសម្រួលការងារយោធាឱ្យបានកាន់តែល្អិតល្មួត ព្រោះរហូតមកទល់នឹងពេលនេះ ជប៉ុនតែងសម្រេចការនានាដោយពិភាក្សាជាមួយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកដែលមានមូលដ្ឋាននៅកោះហាវៃ។
ជំនួបកំពូលអាមេរិកនិងជប៉ុន នឹងរៀបចំធ្វើនៅក្រុងវ៉ាស៊ីនតោន ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនគីស៊ីដា ថ្ងៃទី ១០មេសា២០២៤។ បន្ទាប់ពីមានជំនួបជាមួយប្រធានាធិបតីអាមេរិកចូ បៃដិនហើយ អាមេរិកនិងជប៉ុនត្រូវចូលរួមក្នុងជំនួបកំពូលត្រីភាគី ជាមួយហ្វីលីពីនទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com