សង្គមអន្តរជាតិ
អន្តរជាតិ
ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួនពីបទយកសពទៅខ្ចីប្រាក់ធនាគារប្រេស៊ីល 18, Apr 2024 , 1:59 pm
Erika Vieira Nunes និងបុរសម្នាក់ជិះរទេះរុញនៅធនាគារក្នុងទីក្រុង Rio de Janeiro។ រូបភាព ៖ X/realengotv
× ស្ត្រីម្នាក់នៅទីក្រុង Rio de Janeiro ប្រេស៊ីល បានយកបុរសចំណាស់ម្នាក់ជិះរទេះរុញទៅខ្ចីលុយពីធនាគារ។ បុរសចំណាស់នោះ បានទទួលមរណភាពជាច្រើនម៉ោងមកហើយ។
លោកស្រី Erika Vieira Nunes បានរុញបុរសវ័យ ៦៨ឆ្នាំនៅលើកៅអីរុញទៅកាន់ធនាគារក្នុងទីក្រុង Rio de Janeiro នៅថ្ងៃទី១៦ ខែមេសា ហើយបានស្នើសុំប្រាក់កម្ចីចំនួនប្រមាណ ៣ ២៥០ដុល្លារ ដោយប្រើឈ្មោះបុរសវ័យចំណាស់នោះ ដែលមានឈ្មោះថា Paulo Roberto Braga។
កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា នៅពេលលោកស្រី Nunes ឱ្យលោក Braga កាន់ប៊ិចដើម្បីចុះហត្ថលេខាលើឯកសារខ្ចីប្រាក់ បុរសនោះមិនមានប្រតិកម្មអ្វីឡើយ។ នាងបានប្រាប់ និងកាន់ដៃបុរសដែលទទួលមរណភាពនោះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ដោយលោក Braga មិនមានប្រតិកម្មអ្វី លោកស្រី Nunes បានអះអាងថា៖ «គាត់ប្រហែលមិនស្រួល ខ្ញុំនឹងយកគាត់ទៅមន្ទីរពេទ្យ»។
បុគ្គលិកធនាគារកាន់តែមានការសង្ស័យនៅពេលក្បាលរបស់បុរសនោះចេះតែផ្អៀងទៅក្រោយ និងបានទូរស័ព្ទទៅប៉ូលិស។ បន្ទាប់ពីប៉ូលិសមកដល់ បុរសនោះត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយលោកស្រី Nunes ត្រូវបានចាប់ខ្លួនភ្លាមៗ។
លោកស្រី Nunes ត្រូវបានចាប់ខ្លួនពីបទសមគំនិត ក្នុងការប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិដោយការក្លែងបន្លំ និងការរំលោភបំពានលើរូបរាងកាយ។ មេប៉ូលិស Fabio Luiz Souza បាននិយាយនៅក្នុងរបាយការណ៍ព័ត៌មាន របស់ Bom Dia Rio នាថ្ងៃទី១៧ ខែមេសា ថា ៖«នាងដឹងថាគាត់បានស្លាប់ ហើយបុរសនោះបានស្លាប់យ៉ាងហោចណាស់ ២ម៉ោងមុន»។ លោកសង្គត់ធ្ងន់ថា៖«ក្នុងរយៈពេល ២២ឆ្នាំក្នុងនាមជាប៉ូលិស ខ្ញុំមិនដែលជួបករណីបែបនេះទេ»។
លោកស្រី Ana Carla de Souza Correa មេធាវីរបស់លោកស្រី Nunes បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយបានបញ្ជាក់ថា បុរសនោះនៅមានជីវិតនៅពេលទៅដល់ធនាគារ។ មេធាវីបាននិយាយថា៖ «អ្វីៗទាំងអស់នេះនឹងត្រូវបានជម្រះ។ យើងជឿថា លោកស្រី Nunes គឺគ្មានកំហុស»។ មេធាវីបន្ថែមថា មានសាក្សី។
លោក Souza និយាយថា លោកកំពុងស៊ើបអង្កេតថាតើលោកស្រី Nunes ពិតជាក្មួយស្រីរបស់បុរសនោះដែរឬទេ។ លោកបាននិយាយថា៖ «នរណាដែលមើលរូបភាពបានថតក្នុងកាម៉េរា សុទ្ធតែឃើញថាបុរសម្នាក់នោះស្លាប់បាត់ហើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com