ជាតិ
BeachAtlas៖ ឆ្នេរឯកោនៅកោះរ៉ុង ជាប់ក្នុងចំណោមឆ្នេរកំពូលទាំង១០០លើពិភពលោក 23, Apr 2024 , 3:37 pm
× ឆ្នេរឯកោ (Lonely Beach) ដែលស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានចូលក្នុងបញ្ជីឆ្នេរសមុទ្រកំពូលទាំង១០០លើពិភពលោក (Top Beaches in the World) នៃពាន Golden Beach Award ឆ្នាំ២០២៤។
រៀបចំដោយ BeachAtlas ធុរកិច្ចថ្មី ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ «ឆ្នេរឯកោ» ជាប់ក្នុងចំណាត់ថ្នាក់លេខ៦៧លើពិភពលោក និងស្ថិតក្នុងចំណោមឆ្នេរចំនួន១៦នៅអាស៊ី នៃបញ្ជីឆ្នេរកំពូលទាំង១០០។
ពាន Golden Beach Award ជាលើកដំបូងនេះ មានការចូលរួមបោះឆ្នោតជ្រើសរើសពីសំណាក់អ្នកជំនាញផ្នែកទេសចរណ៍ បុគ្គលល្បីៗ និងមានប្រជាប្រិយលើបណ្តាញអ៊ីនធ័រណិតជាង៤០នាក់ពីទូទាំងពិភពលោក ដោយផ្តោតលើលក្ខណៈវិនិច្ច័យចំនួន៦ គឺ សម្រស់ដើមដ៏ទាក់ទាញ, បរិយាកាសល្អសម្រាប់ពិធីជប់លៀង និងការរស់នៅ, ភាពចម្រុះ សមធ៌ម បរិយាបន្ន, សហគមន៍, ធម្មជាតិចម្រុះ និងភាពលេចធ្លោនៃវប្បធម៌។
BeachAtlas ប្រៀបប្រដូចឆ្នេរឯកោ ដូចជាត្បូងដែលលាក់កំបាំងនៅភាគខាងជើងនៃកោះរ៉ុង។ ឆ្នេរទេសចរណ៍មួយនេះ ជាឋានសួគ៌ពិតមួយ ដែលវាលខ្សាច់សស្រទន់ ទឹកថ្លាវ៉ង់ និងលម្អដោយពិភពដើមត្នោត។
ក្រុមហ៊ុនទេសចរណ៍ជំនាញផ្នែកឆ្នេរសមុទ្រ បានបរិយាយអំពីឆ្នេរឯកោថា៖ «វាជាពិភពដ៏ស្ងប់ស្ងាត់មួយ ដោយមានតែសំឡេងយំសត្វចង្រិតប៉ុណ្ណោះ ដែលអាចនាំអារម្មណ៍យើងចេញពីពិភពដ៏ស្ងប់ស្ងាត់នោះ»។
ឆ្នេរ Bora Bora ដែលស្ថិតនៅប៉ូលីណេស៊ីបារាំង ដែនកោះតូចមួយនៅប៉ាស៊ីហ្វិកខាងត្បូងជាប់ចំណាត់ថ្នាក់លេខ១លើតារាង។ ឆ្នេរ Boulders នៅអាហ្វ្រិកខាងត្បូង ស្ថិតនៅលេខ២ និងឆ្នេរ Waikiki នៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក ឈរចំណាត់ថ្នាក់លេខ៣៕
© រក្សាសិទ្ធិដោយ thmeythmey.com