កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន ម៉ាណែត ស្នើអនុប្រធាន OCA បន្តនាំអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន 23, Apr 2024 , 8:19 pm
សម្តេច ហ៊ុន ម៉ាណែត ជួបលោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅវិមានសន្តិភាព។ រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
× សម្តេច ហ៊ុន ម៉ាណែត ស្នើ លោក តាង ហ្គោដុន (Gordon Tang) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្តជួយគាំទ្រការអភិវឌ្ឍវិស័យកីឡា ជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនបន្តទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពឆ្ពោះទៅការប្រកួតព្រឹត្តិការណកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ លោក ហ្គោដុន ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្តេជ្ញារួមចំណែក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួយដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
មិនត្រឹមតែ ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ប៉ុណ្ណោះទេ លោក តាង ហ្គោដុន ដែលជាមហាសេដ្ឋី សញ្ជាតិសិង្ហបុរី នឹងចូលរួមសហការជាមួយ NOCC ក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA) ដែលជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ គ្រោងនឹងរៀបចំនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសំណេរដែលបានបង្ហោះលើផេកផ្លូវការបស់សម្តេច ហ៊ុន ម៉ាណែត បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោក តាង ហ្គោដុន នៅព្រឹកថ្ងៃទី២៣ ខែមេសា នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកអនុប្រធាន OCA បានប្រាប់សម្តេច ហ៊ុន ម៉ាណែត អំពីការផ្ដួចផ្ដើមគំនិតក្នុងការនាំយកព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀតមកប្រកួតនៅកម្ពុជា មុនឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពអត្តពលិកកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
មានតួនាទីជាអនុប្រធានទី១ NOCC ផង និងជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា (CSF) ផងដែរនោះ លោក ហ្គោដុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ជាពិសេសការនាំអត្តពលិកទៅហ្វឹកហាត់នៅចិនត្រៀមប្រកួតស៊ីហ្គេមលើកទី៣២។ អ្នកជំនួញសិង្ហបុរីរូបនេះ បានឧបត្ថម្ភទាំងស្រុងក្នុងការបញ្ជូនយុវជនថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជាមួយចំនួនទៅហ្វឹកហាត់រយៈពេលវែងនៅចិនផងដែរ។
ដោយមើលឃើញការជ្រោមជ្រែង ហើយកម្ពុជាទទួលបានលទ្ធផលគាប់ប្រសើរនៅស៊ីហ្គេមក្នុងផ្ទះខ្លួន សម្តេច ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះលោក ហ្គោដុន ដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផង។ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅខែកក្កដា ខាងមុខ។
លើសពីនេះ សម្តេច នាយករដ្ឋមន្ត្រីកម្ពូជា ក៏បានស្នើឱ្យលោកអនុប្រធាន OCA បន្តជួយគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំលើកដំបូងជាប្រវត្តិសាស្ត្រ៕
Tag:
ហ៊ុន ម៉ាណែត
តាង ហ្គោដុន
OCA
© រក្សាសិទ្ធិដោយ thmeythmey.com