ជាតិ
សេដ្ឋកិច្ច
គម្រោងវិនិយោគចំនួន១៤ទៀតនៅព្រះសីហនុ បានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
01, May 2024 , 8:39 am        
រូបភាព
រដ្ឋាភិបាលសម្រេចអនុគ្រោះពន្ធ សម្រួលនីតិវិធី និងដោះស្រាយវិវាទនានា ចំពោះគម្រោងវិនិយោគចំនួន១៤ទៀតនៅខេត្តព្រះសីហនុ។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន១០គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង​ នាពេលកន្លងមក។
 
ក្រសួងសេដ្ឋកិច្ច បន្តរៀបរាប់ថា ចំពោះគម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង ដែលបានទទួលបានលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងសណ្ឋាគារផ្កាយ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ គម្រោងទាំងនេះ ត្រូវបានដំណើរការបានភ្លាមៗនៅក្នុងឆ្នាំ ២០២៤។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចស្តីពី ការប្រជុំពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ​នាថ្ងៃទី២៩មេសា​ បានបញ្ជាក់ថា  ៖ «គម្រោងវិនិយោគចំនួន១៤ទៀតនៅព្រះសីហនុ ដែលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលនេះ គឺមានទំហំទុនប្រមាណ២១៣លានដុល្លារ​អាម៉េរិក។  គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស ដែលមានទំហំតូច មធ្យម និង ធំ» ។
 
គិតត្រឹមពេលនេះ មានគម្រោងវិនិយោគ២៧ហើយ ដែលទទួលបានការលើកទឹកពិសេសពីរដ្ឋាភិបាល។ 
ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន១២ ទៀត។ 
 
 
បច្ចុប្បន្ន ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ កំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ការសិក្សារៀបចំ និង ពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។
 
កន្លងមក ក្រុមការងារបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីមួយករណី ក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយគម្រោងសាងសង់អគារជាប់គាំង។ ជាមួយគ្នានេះ ក្រុមការងារក៏បាន ដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលពាក់ព័ន្ធនឹងអគារជាប់គាំងនៅខេត្តព្រះសីហនុ ក្នុងទំហំទុនវិនិយោគ ១០០លានដុល្លារ ផងដែរ។ នេះបើតាមក្រសួងសេដ្ឋកិច្ច។ 
 


«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យអនុវត្តនៅថ្ងៃទី៣១មករា​ ឆ្នាំ២០២៤។​ តាមរយៈកម្មវិធីនេះ​ រដ្ឋាភិបាលនឹងសម្រួលដល់វិនិយោគិន ដូចជា៖​ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹក​ចិត្តពន្ធ​អាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀប​ចំ​តំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍ​​តំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំ​ឧស្សាហ​កម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍។
 
គោលដៅដែលរដ្ឋាភិបាលអនុវត្តនូវកម្មវិធីពិសេស​ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤នេះ  គឺ ជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជា​ខេត្ត​លើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងស្ថានភាពសេដ្ឋកិច្ច​ពិភព​លោក និង​តំបន់ ​កំពុងបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ 
 
គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនប្រមាណ ២២០០លានដុល្លារ។ គម្រោងទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង៕ 
 
 
 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com