ជាតិ
សង្គមជាតិ
ស្ត្រីកាន់តែច្រើន ចូលរួមដោះស្រាយបញ្ហាសង្គម និងពង្រឹងភាពកា្លហានរបស់ស្ត្រីតាមរយៈសារព័ត៌មាន
04, May 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ វត្តមានស្រ្តីកាន់តែច្រើនចូលរួមក្នុងវិស័យសារព័ត៌មាននាពេលបច្ចុប្បន្ន។ នៅតាម​ស្ថាប័នសារព័ត៌មានខ្លះ មានអ្នកសារព័ត៌មានជាស្រ្តី ដល់ជាង៥០ភាគរយ និងមានភាព​លេច​ធ្លោក្នុងវិស័យនេះផងដែរ។


កញ្ញា សូ ដាវណ្ណ អ្នកសារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ BTV ដែលបានចូលប្រឡូក​ក្នុង​វិស័យសារព័ត៌មានរយៈពេល១២ឆ្នាំហើយ។ កញ្ញា ដាវណ្ណ បានវិវឌ្ឍ ជំនាញក្នុងវិស័យ​សារព័ត៌មាន លើផ្នែកសម្ភាស រាយការណ៍ព័ត៌មាន ការចុះយកព័ត៌មាន​ដោយផ្ទាល់ពី​ព្រឹត្តការណ៍នានា រួមទាំងចំណេះដឹងទូទៅ និងការធ្វើទំនាក់ទំនងផងដែរ។
 
សម្រាប់កញ្ញា ដាវណ្ណ យល់ថាអាជីពសារព័ត៌មាន ជាអាជីពដ៏មានតម្លៃ និងសេចក្ដីថ្លៃថ្នូរ ព្រោះបានចូលរួមចំណែកដ៏សំខាន់ក្នុងសង្គមលើការផ្សព្វផ្សាយព័ត៌មាន និងផ្ដល់ចំណេះដឹងដល់ពលរដ្ឋគ្រប់ផ្នែក។ ទន្ទឹមនឹងនេះ សូម្បីកញ្ញាខ្លួនឯង ក៏បន្តរៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការទូត អន្តរជាតិ អប់រំ និងវិស័យជាច្រើនទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផលិត និងរាយការណ៍ព័ត៌មានឱ្យកាន់តែល្អប្រសើរ។
 
កញ្ញា សូ ដាវណ្ណ លើកឡើងដូច្នេះថា៖«បើនិយាយពីអ្នកសារព័ត៌មានស្រ្តីខ្ញុំមើលឃើញថា គឺត្រូវបានគាំពារ លើកទឹកចិត្ត និងផ្ដល់ឱកាសទៀត។ រឿងខ្លះកន្លែងហ្នឹងបុរសធ្វើអត់បាន តែនារីធ្វើបាន ដូចជាទាក់ទងប្រភព កន្លែងខ្លះគេហាមឃាត់ ប៉ុន្តែបើសិនជាស្រ្តីទៅជួនកាលគាត់ឃើញភាពក្លាហានរបស់យើងជាស្រ្តីគាត់លើកទឹកចិត្ត អ៊ីចឹងស្រ្តីក្នុងវិស័យសារព័ត៌មានសម្រាប់ខ្ញុំកម្រជួបបញ្ហាណាមួយ ភាគច្រើនទទួលបានអាទិភាពច្រើនជាងអ្នកសារព័ត៌មានបុរស។»​ 

កញ្ញា សូ ដាវណ្ណ អ្នកសារព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ BTV 

ទន្ទឹមនឹងនេះ កញ្ញា ដាវណ្ណ ក៏ចង់ឃើញវត្តមានស្រ្តីកាន់តែច្រើនចូលរួមក្នុងវិស័យសារព័ត៌មាន ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងសង្គម។ ម្យ៉ាងការងារជាអ្នកសារព័ត៌មាន ក៏ជំរុញឱ្យស្រ្តីកាន់តែភាពក្លាហាន សមត្ថមានភាព ចំណេះដឹង និងការអភិវឌ្ឍន៍ខ្លួនផងដែរ។
 
អ្នកសារព័ត៌មានស្រ្តីមួយរូបទៀត កញ្ញា សុវណ្ណ ស្រីពេជ្រ ដែលកំពុងបម្រើការងារនៅស្ថាប័នសារព័ត៌មានខេមបូចា (Camboja) ក៏កំពុងដុសខាត់ជំនាញក្នុងជំនាញសារព័ត៌មានផងដែរ។

រយៈពេលជាង៤ឆ្នាំហើយដែលកញ្ញា ស្រីពេជ្រ ធ្វើការងារជាអ្នកសារព័ត៌មាន ដែលផ្តោតលើការសរសេរអត្ថបទចម្រុះ មានទាំងរឿងសង្គម នយោបាយ និងកសិកម្មជាដើម។ ការងារជាអ្នកសារព័ត៌មានរយៈពេលកន្លងមក ស្រីពេជ្រ បានចូលរួមក្នុងកម្មវិធីជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ហើយក៏រៀនសូត្របានច្រើន និងអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សក្នុងជំនាញមួយនេះផងដែរ។
  
 កញ្ញា សុវណ្ណ ស្រីពេជ្រ កំពុងបម្រើការងារនៅស្ថាប័នសារព័ត៌មានខេមបូចា (Camboja)

កញ្ញា ស្រីពេជ្រ ពេញចិត្តចំពោះអាជីពជាអ្នកសារព័ត៌មាន ព្រោះបានចូលរួមផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាផ្សេងៗ និងផ្ដល់សំឡេងដល់ប្រជាពលរដ្ឋតាមរយៈពេលអត្ថបទព័ត៌មានរបស់ខ្លួនផងដែរ។ កញ្ញាយល់ថា ស្រ្តីក្នុងវិស័យសារព័ត៌មានគឺពិតជាសំខាន់ក្នុងការផ្សព្វផ្សាយបញ្ហាប្រឈមរបស់ស្រ្តី ដើម្បីរកដំណោះស្រាយតាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពង្រឹងភាពក្លាហានរបស់ស្រ្តី រួមទាំងការទំនាក់ទំនងផងដែរ។
 
អ្នកសារព័ត៌មានវ័យក្មេងរូបនេះ លើកទឹកចិត្តដល់ស្រ្តីដែលចង់ក្លាយជាអ្នកសារព័ត៌មានឱ្យមានសេចក្ដីក្លាហាន និងជំរុញឱ្យមានស្រ្តីចូលរួមប្រឡុកក្នុងវិស័យនេះឱ្យកាន់តែច្រើនផងដែរ។ «សម្រាប់ស្រ្តីក្មេងៗ​ ដែលគាត់គិតថាស្រឡាញ់អាជីពជាអ្នកសារពត៌មាន សូមកុំមើលតែមួយជ្រុងហើយផ្ដោតតែលើបញ្ហា។ ដរាបណាយើងអត់ទាន់ប្រឡូកវា ខ្ញុំលើកទឹកចិត្តឱ្យសម្រួចសមត្ថភាព ប្រឹងរៀនសូត្រ ឱ្យមានចំណេះដឹងផ្នែកហ្នឹង ដើម្បីបំពេញការងារសិន»។ នេះជាការលើកឡើងរបស់កញ្ញា ស្រីពេជ្រ ដែលមើលឃើញថា​ស្រ្តីមួយហាក់ភ័យខ្លាចចំពោះការងារមួយនេះ ស្របពេលមិនទាន់បានចូលធ្វើនៅឡើយ។
 
ដោយឡែក កញ្ញា តេង យ៉ាលីរ៉ូហ្សី ក៏មិនខុសពីកញ្ញា សូ ដាវណ្ណ និងកញ្ញា សុវណ្ណ ស្រីពេជ្រ នោះឡើយដែលចាត់ទុកអាជីពជាអ្នកសារព័ត៌មាន មានសារៈសំខាន់ សម្រាប់ផ្តល់ព័ត៌មានដល់មហាជន ក្នុងបរិបទសម័យឌីជីថល។ កញ្ញា យ៉ាលីរ៉ូហ្សី ជាអ្នកសារព័ត៌មានមួយរូបនៅ Cambodianess ដែលជាផ្នែកមួយរបស់ស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ។ ផ្តើមពីនិស្សិតសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ កញ្ញា តេង យ៉ាលីរ៉ូហ្សី មានឱកាសបម្រើការងារជាអ្នកសារព័ត៌មានអាជីពមួយរូបមក ដល់បច្ចុប្បន្ន។ ​រយៈពេល៣ឆ្នាំនៅក្នុងវិស័យសារព័ត៌មាន កញ្ញា យ៉ាលីរ៉ូហ្សី គឺជាអ្នកសសេរព័ត៌មាន និងរាយការណ៍ព័ត៌មានជាភាសាអង់គ្លេស ដែលផ្តោតលើភាពស៊ីជម្រៅព័ត៌មានសង្គម នយោបាយ វប្បធម៌ជាដើម។ 
 
ឆ្ងល់ច្រើន និងហ៊ានសាកល្បង យុវតីវ័យ២៤ឆ្នាំរូបនេះ ឱហាតណាស់នៅក្នុងអាជីពមួយនេះ ដើម្បីអាចស្វែងយល់ពីការងារស៊ីជម្រៅរបស់អ្នកកាសែត។ ជាអ្នកសសេរព័ត៌មានជាភាសាអង់គ្លេស នៃCambodianess តេង យ៉ាលីរ៉ូហ្សី ទទួលបានបទពិសោធច្រើនជាងគេ គឺការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន មានភាពក្លាហានជាងមុន មានឱកាសសម្ភាសបុគ្គលមួយចំនួនដូចជា ឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានា និងចូលរួមកម្មវិធីសំខាន់ៗទាំងក្នុង និងក្រៅប្រទេស។ 

កញ្ញា យ៉ាលីរ៉ូហ្សី ជាអ្នកសារព័ត៌មានមួយរូបនៅ Cambodianess ដែលជាផ្នែកមួយរបស់ស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ។

ជាស្រ្តីអ្នកសារព័ត៌មានមួយរូប កញ្ញា តេង យ៉ាលីរ៉ូហ្សី បានស្វែងយល់ពីអាជីពនេះច្រើន និងយល់ពីតម្លៃនៃព័ត៌មាន ដោយធ្វើការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។ ទន្ទឹមនឹងនោះ​ ទទួលបានចំណេះដឹងថ្មីៗ យ៉ាលីរ៉ូហ្សី ក៏ជួបនឹងបញ្ហាមួយចំនួនដែលត្រូវប្រឈម ព្រោះកញ្ញា ជាអ្នកសារព័ត៌មានស្រ្តី ដូចជាគិតគូរពីសុវត្ថិភាព ការយកព័ត៌មានតាមបណ្តាខេត្តជាដើម។
 
កញ្ញា យ៉ាលីរ៉ូហ្សី បានលើកឡើងថា៖« សេរីភាពអ្នកសារព័ត៌មាន វាមានលក្ខណៈល្អប្រសើរ ប៉ុន្តែមិនទាន់ពេញលេញទាំងស្រុងនោះទេ។ អ្នកសារព័ត៌មានខ្លះនៅតែប្រឈម នឹងបញ្ហាមួយចំនួន ពិសេសស្រ្តីជាអ្នកសារព័ត៌មានផ្ទាល់ នៅពេលស្រី្ត ចុះទៅយកព័ត៌មានជាមួយបុរស។ អ៊ីចឹង អាចថាចៀសមិនផុតទេ ពីរឿងប៉ះពាល់បន្តិចបន្តួច។ ហើយភាគច្រើនស្រ្តី គាត់ទទួលបានការបៀតបៀនតាមប្រព័ន្ធអនឡាញច្រើន នៅពេលសម័យបច្ចេកវិទ្យា។ ពួកគាត់តែងទទួលបានពាក្យលេងសើច ពាក្យលែបខាយ នៅក្នុងបណ្តាញសង្គម។» 
 
យ៉ាងណាមិញ កញ្ញា  យ៉ាលីរ៉ូហ្សី ក៏នៅតែពុះពារនឹងអាជីពមួយនេះ លើសពីនេះ កញ្ញា ក៏បានលើកទឹកចិត្តដល់យុវតី ដែលចង់ប្រលូកក្នុងវិស័យសារព័ត៌មាន។ ស្រ្តីគួរតែទទួលបានការលើកទឹកចិត្ត នៅក្នុងវិស័យនេះ ពីព្រោះនៅពេលវិស័យសារព័ត៌មាន អត់មានអ្នកសារព័ត៌មានជាស្រ្តីភេទនោះទេ ច្បាស់ណាស់ថា រឿងមួយចំនួនទាក់ទិននឹងស្រ្តី តែងតែត្រូវបានគេមើលរំលង។

កញ្ញា បន្តថា ស្រ្តី គឺដើរតួសំខាន់នៅក្នុងវិស័យសារព័ត៌មាន សម្រាប់ពាំនាំបញ្ហាស្រី្តដូចគ្នា  មកដាក់លើតុ ដើម្បីរកដំណោះស្រាយរួមគ្នា។
 
តាមរយៈទិ​ន្នន័យបច្ចុប្បន្នភាពឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន បានបង្ហាញថា ក្នុងចំណោមអ្នកសារព័ត៌មានជាង ៣ពាន់នាក់ គឺមានស្រ្តីចំនួន ២៦៩រូប​គឺស្មើនឹង ៨.៧ភាគរយ នៃចំនួនអ្នកសារព័ត៌មានសរុប។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានចុះបញ្ជិកានៅក្រសួងព័ត៌មាន មានជាង២ពាន់អង្គភាពផងដែរ៕

Tag:
 ទិវាសេរីភាពសារព័ត៌មាន
  ៣ឧសភា
© រក្សាសិទ្ធិដោយ thmeythmey.com