ជាតិ
សង្គមជាតិ
ករណីរំលោភបូកនៅសៀមរាប៖ ឪពុកជនរងគ្រោះត្រូវបានដោះលែង ឯជនសង្ស័យទើបឃាត់ខ្លួនបាន៥នាក់
03, May 2024 , 11:12 pm        
រូបភាព
សៀមរាប៖ តុលាការសម្រេចដោះលែងឪពុកក្មេងស្រីរងគ្រោះឱ្យនៅក្រៅឃុំហើយ ក្នុងសំណុំរឿងរំលោភបូកលើនារីវ័យ១៥ឆ្នាំម្នាក់នៅខេត្តសៀមរាប ក្រោយមានសំណើពីក្រសួងយុត្តិធម៌។ នេះបើតាមលិខិតថ្លែងការណ៍សាលាដំបូងខេត្តសៀមរាប ចេញផ្សាយនៅយប់ថ្ងៃទី៣ឧសភានេះ។


ក្នុងសំណុំរឿងឪពុកជនរងគ្រោះ បានប្រើអំពើហិង្សាលើជនសង្ស័យម្នាក់ ព្រោះខឹងនឹងទង្វើដែលគេប្រព្រឹត្តលើកូនស្រី។ 
 
ទាក់ទងនឹងចំណាត់ការលើជនសង្ស័យដែលប្រព្រឹត្តអំពើរំលោភជាក្រុមវិញ សាលាដំបូងខេត្តសៀមរាប បានអះអាងថា តុលាការសម្រេចចោទប្រកាន់ជនសង្ស័យចំនួន១៤នាក់ បន្ទាប់ពីពិនិត្យភស្តុតាង ចម្លើយជនរងគ្រោះ និងជនសង្ស័យ។ ប៉ុន្តែមកទល់នឹងថ្ងៃទី៣ឧសភានេះ បច្ចុប្បន្ន អាជ្ញាធរទើបតែឃាត់ខ្លួន និងសម្រេចឃុំជនសង្ស័យបាន៥នាក់ប៉ុណ្ណោះ ខណៈជនសង្ស័យបន្តគេចខ្លួន។ ទោះយ៉ាងណាក៏ដោយ តុលាការសាលាដំបូងខេត្តសៀមរាប អះអាងថានឹងបន្តចាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌនេះឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។  
 
«សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿង រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស នេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់»។ សាលាដំបូងខេត្តសៀមរាប អះអាងក្នុងក្នុងលិខិតថ្លែងការណ៍នេះរបស់ខ្លួន៕
 

Tag:
 ThmeyThmey
  ករណីរំលោភបូក
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com