កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករម៉ាឡេស៊ី Faisai Halim ដែលរងការជះទឹកអាស៊ីត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 08, May 2024 , 10:29 am
× Faisal Halim សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងឈានដល់ការវះកាត់ ក្រោយរងការជះទឹកអាស៊ីត នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ជនស្ស័យម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីជះទឹកអាស៊ីតនេះ។
Halim សមាជិកក្រុម Selangor FC នៃលីគកំពូលម៉ាឡេស៊ី បានរងការជះទឹកអាស៊ីត នៅមជ្ឈមណ្ឌលលក់ទំនិញមួយកន្លែងក្នុងតំបន់ Klang Valley ទីក្រុងគូឡាឡាំពួ ស្របពេលរួបគេកំពុងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Go-kart កាលពីថ្ងៃទី៥ ខែឧសភា។
មេប៉ូលិសក្រុង Selangor លោក Comm Datuk Hussein Omar Khan បានប្រាប់កាសែត The Star ថា ជនសង្ស័យជាបុរសអាយុជាង ៣០ឆ្នាំ ត្រូវបានចាប់ខ្លួន និងបន្តឃុំខ្លួនរហូតដល់ថ្ងៃទី ១១ ខែឧសភា ដើម្បីស៊ើបអង្កេតបន្ថែម។
កីឡាករវ័យ២៦ឆ្នាំ ដែលរងការជះទឹកអាស៊ីត បានរងរបួសជុំវិញក ស្មា ដៃ និងដើមទ្រូង។ Halim ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ហើយមកដល់ពេលនេះ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានស្ថានភាពធ្ងន់ធ្ងរ ដោយសារមានកម្រិតរលាកខ្លាំង។ បើតាមការផ្សាយរបស់កាសែត The Strait Times អនុប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះ ប្រឈមនឹងទទួលការវះកាត់លើរបួសរបស់គេ។
លោក Shahril Mokhtar អនុប្រធានសមាគមកីឡាបាល់ទាត់ Selangor បានប្រាប់ទីភា្នក់ងារព័ត៌មាន AFP ថា៖«ស្ថានភាពរបស់ Halim ធ្ងន់ធ្ងរ ប៉ុន្តែយើងអាចគ្រប់គ្រងបាន។ Halim នឹងត្រូវទទួលការវះកាត់ត្រង់របួសដែលរងការលាកខ្លាំងពីទឹកអាស៊ីត»។
លោក Mokhtar បង្ហាញការភ្ញាក់ផ្អើល និងខកចិត្តចំពោះការវាយប្រហារបែបនេះលើកីឡាករនៅក្នុងទឹកដីម៉ាឡេស៊ី។ លោកបារម្ភថា ករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ Halim និងកីឡាករផ្សេងទៀត ស្របពេលលីគកីឡាបាល់ទាត់ម៉ាឡេស៊ី នឹងចាប់ផ្តើមរដូវកាលថ្មីនៅចុងសប្តាហ៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com