កីឡាជាតិ
ជាតិ
លោក ឌី វិជ្ជា សុំទោសអ្នកគាំទ្រ មិនអាចរៀបពិធីលើកពានក្នុងដីស្វាយរៀង តែសន្យាធ្វើពិធីហែដ៏ធំ
08, May 2024 , 5:29 pm        
រូបភាព
លោក ឌី វិជ្ញា ថតសែលហ្វីជាមួយអ្នកគាំទ្រស្វាយរៀង។ រូបភាព៖ ផេកហ្វេសប៊ុកព្រះខ័នរាជស្វាយរៀង
លោក ឌី វិជ្ញា ថតសែលហ្វីជាមួយអ្នកគាំទ្រស្វាយរៀង។ រូបភាព៖ ផេកហ្វេសប៊ុកព្រះខ័នរាជស្វាយរៀង
លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង សុំទោសអ្នកគាំទ្រ ដែលមិនអាចធ្វើពិធីលើកពាន នៅក្នុងទឹកដីរបស់ខ្លួន។ ព្រះខ័នរាជស្វាយរៀង នឹងធ្វើពិធីប្រគល់ពានរង្វាន់ នៅកីឡដ្ឋាន Smart RSN នៅក្នុងជំនួបទល់នឹងម្ចាស់ផ្ទះភ្នំពេញក្រោន។ លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន ចាត់ទុកថាជ័យជម្នះពាន២ ក្នុង១រដូវកាលរបស់ស្វាយរៀង សម្រេចបានដោយសមត្ថភាពកីឡាករ គួបផ្សំជាមួយសំណាង។


ព្រះខ័នរាជស្វាយរៀង មាន៧២ពិន្ទុដាច់គេ គ្រងជើងឯកលីគកំពូលកម្ពុជារដូវកាល២០២៣-២០២៤។ កម្មវិធីប្រគលពានរង្វាន់ នឹងត្រូវធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីការប្រកួតសប្ដាហ៍ចុងក្រោយ នៅកីឡដ្ឋាន Smart RSN រវៀង ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។ លោក ឌី វិជ្ជា បានសុំទោសចំពោះ ការរៀបចំពិធីប្រគល់ពាន់នៅក្រៅដី ទៅកាន់អ្នកគាំទ្ររបស់ព្រះខ័នរាជស្វាយរៀង។ ប្រធានក្លិបរូបនេះ នឹងធ្វើពិធីដង្ហែ ពាននិងប្រគំតន្ដ្រីកម្សាន្តនានា ដល់អ្នកគាំទ្ររបស់ខ្លួន នៅថ្ងៃទី១៧ ខែឧសភា។
 
«ខ្ញុំ សូមអធ្យាស្រ័យពីសំណាក់បងប្អូន អ្នកគាទ្រកីឡាបាល់ទាត់នៅខេត្តស្វាយរៀងទាំងអស់ ដោយយើងមិនអាចរៀបចំពិធីប្រគល់ពានរង្វាន់លីគកម្ពុជា ក្នុងទឹកដីបាន។ ប៉ុន្ដែក្លិប នឹងរៀបចំពិធីហែពានទាំង២ នៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ ដោយមានការប្រគំតន្ដ្រី និងល្បែងកម្សាន្ដនានា ផងដែរ។»។ លោក ឌី វិជ្ជា បានបង្ហោះសារបែបនេះ។
 
លោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន អប់អរចំពោះការទទួលបានជ័យជម្នះទាំង២ របស់ព្រះខ័នរាជស្វាយរៀង។ អ្នកចាត់ទូទៅរូបនេះ ក៏បន្ថែមថា ជ័យជម្នះរបស់ក្រុមស្វាយរៀងនេះ ក៏ដោយសារមានសំណាងគួបផ្សំជាមួយបច្ចេកទេស នៃក្រុមល្អ ដែរ។ ប៉ុន្ដែ រូបលោក យល់ថាលទ្ធផលរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង គួរតែល្អមើល និងទាក់ទាញការតាមដានខ្លាំងជាងនេះ ប្រសិនជា ភ្នំពេញក្រោន មិនមានកីឡាករសំខាន់ៗរបួស។
 
លោក សុខង៉ន បាននិយាយដូច្នេះថា៖«យើង ត្រូវតែទទួលស្គាល់ និងអបអរចំពោះពួកគេ សម្រាប់លទ្ធផល និងទម្រង់លេងល្អ។ យើងជួបបញ្ហារបួសច្រើន ហើយការប្រកួតច្រើន ប៉ុន្ដែយើង នៅតែបញ្ចប់រដូវកាលក្នុងតំណែង ដ៏ល្អមួយ។ ការពិតទៅ យើង នៅតែអាចប្រជែងយកជើងឯក ហើយពេលខ្លះបាល់ទាត់ត្រូវការសំណាងបន្ដិចបន្ដួច។»៕

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com