អន្តរជាតិ
ម៉ាឡេស៊ីគ្រោងផ្តល់អំណោយស្វាអ៊ូរ៉ង់អ៊ូតង់ទៅប្រទេសនាំចូលប្រេងដូងខ្លួនច្រើន
09, May 2024 , 9:39 am        
រូបភាព
ស្វាអ៊ូរ៉ង់អ៊ូតង់នៅសួនសត្វក្នុងក្រុងគូឡាឡាំពួ។ រូបភាព AFP
ស្វាអ៊ូរ៉ង់អ៊ូតង់នៅសួនសត្វក្នុងក្រុងគូឡាឡាំពួ។ រូបភាព AFP
ម៉ាឡេស៊ី មានបំណងផ្តល់ជាអំណោយស្វាអ៊ូរ៉ង់អ៊ូតង់ (orangutan) ទៅបណ្តាប្រទេសនាំចូលប្រេងដូងច្រើនជាងគេ។ រដ្ឋមន្រ្តីវត្ថុធាតុដើមម៉ាឡេស៊ី បានបញ្ជាក់បែបនេះ នៅថ្ងៃទី៧ ខែឧសភា។ ការផ្តល់ជាអំណោយស្វាអ៊ូរ៉ង់អ៊ូតង់បែបនេះ គឺមានលក្ខណៈស្រដៀងនឹងការទូតខ្លាឃ្មុំផេនដារបស់ចិនដែរ។ 

ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ជាប្រទេសនាំចេញប្រេងដូងដ៏ធំមួយនៅលើពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយ ផលិតផលប្រេងដូងរបស់ប្រទេសទាំងពីរ ត្រូវបានអ្នកជំនាញបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងការកាប់ព្រៃ ដើម្បីយកដីដាំដូងប្រេង។ ចំណែកសហភាពអឺរ៉ុប ក៏បានអនុម័តច្បាប់រឹតត្បិតនាំចូលផលិតផលប្រេងដូង ដែលមានពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃ។ 
 
ដើម្បីលើកទឹកចិត្តដល់ប្រទេសនាំចូលប្រេងដូងដ៏ច្រើនពីប្រទេសខ្លួន ម៉ាឡេស៊ី គ្រោងដាក់ចេញ «ការទូតស្វាអ៊ូរ៉ង់អ៊ូតង់»។ ស្វាអ៊ូរ៉ង់អ៊ូតង់ ជាប្រភេទស្វាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជិតផុតពូជ ដោយក្នុងពេលបច្ចុប្បន្ន ប្រភេទស្វានេះ មានចំនួនតិចជាង ១០៥០០០ក្បាលប៉ុណ្ណោះ។ ការអនុវត្តការទូតបែបនេះ ក៏ជាការបង្ហាញស្មារតីអភិរក្សសត្វជិតផុតពូជពីសំណាក់ម៉ាឡេស៊ីផង។ 
 
«តាមរយៈការដាក់ចេញការទូតស្វាអ៊ូរ៉ង់អ៊ូតង់ វានឹងបង្ហាញពិភពលោកថា ម៉ាឡេស៊ីប្តេជ្ញាការពារជីវចម្រុះ»។ លោក Johari Abdul Ghani បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃទី៧ ខែឧសភា ដោយបន្តអំពាវនាវឱ្យក្រុមហ៊ុនប្រេងដូង សហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្នុងការជួយការពារ និងផ្តល់បច្ចេកទេស ដល់សត្វព្រៃរបស់ម៉ាឡេស៊ី។ 
 
ជាការពិត ការទូតស្វាអ៊ូរ៉ង់អ៊ូតង់ គឺមានលក្ខណៈស្រដៀងនឹងការទូតខ្លាឃ្មុំផេនដារបស់ចិនដែរ។ ប៉ុន្តែការទូតខ្លាឃ្មុំផេនដារបស់ចិនក្នុងពេលបច្ចុប្បន្ន ស្ថិតនៅក្នុងកុងត្រាជួល ហើយសួនសត្វធំៗនៅលើពិភពលោក ត្រូវចំណាយលុយជាច្រើនលានដុល្លារ បើចង់បានវត្តមានសត្វឃ្មុំផេនដានៅកន្លែងរបស់ខ្លួន។ 
 
កន្លងមក អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានចាត់ទុកស្វាអ៊ូរ៉ង់អ៊ូតង់ទៅក្នុងបញ្ជីសត្វមានគ្រោះថ្នាក់ ដោយសារសកម្មភាពកាប់ព្រៃខុសច្បាប់, ការពង្រីកដីកសិកម្ម ជាពិសេសចម្ការដូងប្រេង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម៕ 

Tag:
 ម៉ាឡេស៊ី
  ប្រេងដូង
© រក្សាសិទ្ធិដោយ thmeythmey.com