កីឡាអន្តរជាតិ
អន្តរជាតិ
កន្សែងជូតមាត់ដែលមានកំណត់ហេតុ Messi នៅ Barca ដាក់ឱ្យដេញថ្លៃ ចាប់ពី៣០ម៉ឺនដុល្លារ 09, May 2024 , 2:29 pm
× កន្សែងជូតមាត់មួយ ដែលអ្នកឃ្លាំមើលកីឡាករថ្នាល់របស់ក្លិប Barcelona បានសរសេរកំណត់ហេតុ ក្នុងការចុះកិច្ចសន្យានាំយកកីឡាករវ័យ ១៣ឆ្នាំ Lionel Messi ត្រូវបានដាក់ដេញថ្លៃ ចាប់ពី ៣សែនដុល្លារឡើងទៅ។
កន្សែងជូតមាត់ ត្រូវបានសរសេរកំណត់ហេតុ កាលពីខែធ្នូ ឆ្នាំ ២០០០ នៅពេលដែលលោក Carles Rexach ប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានចូលព្រមជាមួយនឹងភ្នាក់ងារកីឡាករ លោក Horacio Gaggioli ដើម្បីនាំយកកីឡាករយុវជនអាហ្សង់ទីន Lionel Messi។ Messi មកដល់ពេលនេះក៏នៅតែបន្តឈ្មោះជាកីឡាករដែលស៊ុតគ្រាប់បាល់ច្រើនជាងគេបង្អស់ប្រចាំក្លិប Barcelona ទោះចាកចេញច្រើនឆ្នាំក៏ដោយក្តី។
ការសរសេរនៅលើកន្សែងដែលបានដាក់ឱ្យមានការដេញថ្លៃ ដែលបង្ហាញពីការសន្យារបស់ភ្នាក់ងាកីឡាករ នឹងនាំយក Messi ទៅ Barcelona ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនដេញថ្លៃ Bonhams ថាជា៖«ស្នាមទឹកប៊ិកដែលសរសេរនៅកន្សែងជូនមាត់ស្តងដាអេស្ប៉ាញ។»។ បើតាមការអះអាងរបស់ Bonhams គ្រាន់តែបើកឱ្យមានការដេញថ្លៃភ្លាម កន្សែងមួយនេះត្រូវបានគេផ្តល់តម្លៃដំបូង ២២០,០០០ផោន (២៧៤,៨២៤ដុល្លារ) ភ្លាម។
ការបើកលក់កន្សែងដែលមានកំណត់ត្រាកែប្រែវាសនា Messi នេះ នឹងត្រូវបើកឱ្យដេញថ្លៃតាមប្រព័ន្ធអនឡាញ ហើយនឹងបិទនៅថ្ងៃទី១៧ ខែឧសភា ដោយតម្លៃចាប់ផ្តើមដំបូងពីចន្លោះ ៣សែនដុល្លារ ទៅ ៥សែនដុល្លារ។
«វាមិនដែលជាប់កាតព្វកិច្ចផ្លូវច្បាប់នោះទេ ប៉ុន្តែតាមអារម្មណ៍វាតំណាងឱ្យការតភ្ជាប់ដ៏ស៊ីជម្រៅមួយ ឬក៏រឿងរ៉ាវដំបូងបង្អស់ដ៏ស៊ីជម្រៅ ដែល Messi បានមកកាន់ក្លិប Barcelona។
ប្រសិនបើអ្នកស្រលាញ់បាល់ទាត់ អ្នកនឹងដឹងស្ទើរទាំងអស់ពី Lionel Messi ហើយអ្នកនឹងដឹងថាគេត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ពូកែគ្រប់ជំនាន់។ ប្រសិនបើអ្នកចង់បានចំណែកនៃសកម្មភាពនោះ នេះគឺជារឿងដែលអ្នកត្រូវតែទទួល។»។ នេះបើតាមសម្តីរបស់លោក Marc Sands នាយកផ្នែកទីផ្សារក្រុមហ៊ុនដេញថ្លៃ Bonhams។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Messi បានជួយក្រុម Barcelona ឈ្នះពានរង្វាន់ចំនួន ៣៥ ពេលគេប្រកបអាជីពក្នុងទឹកដីអេស្ប៉ាញ។ Messi បានបង្ហាញខ្លួនលេងចំនួន ៧៨២ប្រកួត និងបានស៊ុតបាល់ ៦៧៤គ្រាប់ ឱ្យក្រុមរហស្សនាមអ្នកមានបុណ្យ ហើយនៅឆ្នាំ ២០២១ Messi បានចាកចេញពី Barcelona ក្រោយរួមរស់រយៈពេល ១៧ឆ្នាំ និងបច្ចុប្បន្នគេកំពុងប្រកបអាជីពនៅក្លិប Inter Miami៕
Tag:
Lionel Messi
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com