អន្តរជាតិ
លោកបៃឌិន ព្រមានបញ្ឈប់ដឹកអាវុធឱ្យអុីស្រាអែល បើវាយតំបន់Rafah ទ្រង់ទ្រាយធំ
09, May 2024 , 3:39 pm        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានព្រមានបញ្ឈប់ដឹកជញ្ជូនអាវុធឱ្យអុីស្រាអែល ប្រសិនបើហ៊ានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ Rafah ដែលជាជម្រកជនភៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីនដ៏សំខាន់នៅតំបន់កាហ្សា។ បើតាមលោកបៃឌិន លោកមិនឱ្យប្រជាជនស៊ីវិល ត្រូវបានសម្លាប់ដោយគ្រាប់បែករបស់អាម៉េរិកឡើយ។
 
ជម្លោះអុីស្រាអែល និងហាម៉ាស មិនទាន់បានបញ្ចប់ឡើយ បើទោះមានសម្ពាធពីសហគមន៍អន្តរជាតិដាក់លើរដ្ឋាភិបាលក្រុង Tel Aviv ជំរុញលើបទឈប់បាញ់។ រថក្រោះ និងយន្តហោះចម្បាំងអុីស្រាអែល នៅតែបន្តវាយប្រហារលើតំបន់ Rafah ខណៈមានក្តីបារម្ភថា វាអាចមានការវាយប្រហារទ្រង់ទ្រាយធំនៅក្នុងតំបន់ ដែលជាជម្រកប្រជាជនស៊ីវិលមួយនេះ។ 
 
ពាក់ព័ន្ធបញ្ហានេះ​ លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិក នឹងបញ្ឈប់ការដឹកជញ្ជូនអាវុធឱ្យអុីស្រាអែល ប្រសិនបើហ៊ានវាយប្រហារតំបន់ Rafah។ 
 
«ប្រសិនបើពួកគេផ្តោតលើតំបន់ Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់អាវុធ ដែលប្រើសម្រាប់វាយលើទីក្រុងនោះឡើយ»។ មេដឹកនាំវ័យ ៨១ឆ្នាំ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី៨ ខែឧសភា ដោយបន្តថា អាម៉េរិក នឹងមិនបន្តផ្គត់ផ្គង់អាវុធដែលអុីស្រាអែល ធ្លាប់ប្រើប្រាស់នោះឡើយ។
 
ក្នុងកិច្ចសម្ភាសដដែលនោះ មេដឹកនាំអាម៉េរិក បានបង្ហាញពីការមិនពេញចិត្តឡើយនៅពេលប្រជាជនស៊ីវិលនៅប៉ាឡេស្ទីនត្រូវបានសម្លាប់ដោយគ្រាប់បែកអាម៉េរិក ដែលផ្តល់ទៅអុីស្រាអែល។ លោក បានចាត់ទុករឿងបែបនេះ ជារឿងខុសឆ្គង។ 
 
ទន្ទឹមនេះ លោកប្រធានាធិបតី បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីថា អាម៉េរិក មិនបានដើរចេញពីការការពារផ្នែកសន្តិសុខលើអុីស្រាអែលឡើយ ប៉ុន្តែអាម៉េរិកដកខ្លួនពីសមត្ថភាពធ្វើសង្រ្គាមប្រឆាំងនឹងតំបន់កាហ្សា។ 
 
នៅសប្តាហ៍មុន រដ្ឋបាលអាម៉េរិក បានផ្អាកមិនបញ្ជូនគ្រាប់បែកទៅអុីស្រាអែលរួចទៅហើយ ក្នុងនោះមានដូចជា គ្រាប់បែកទម្ងន់ ៩៧០គីឡូក្រាមចំនួន ១៨០០គ្រាប់ និងគ្រាប់បែកទម្ងន់ ២២៦ គីឡូក្រាម ចំនួន១៧០០គ្រាប់។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ដោយស្រង់ប្រភមមន្រ្តីមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៧ ខែឧសភា អាម៉េរិក បានពន្យារពេលដឹកជញ្ជូនគ្រាប់បែក JDAM ប្រមាណ ៦៥០០គ្រាប់ ដើម្បីដាក់សម្ពាធលើអុីស្រាអែល រហូតដល់មានវិធានការច្បាស់លាស់ក្នុងការបញ្ចៀសផលប៉ះពាល់លើប្រជាជនស៊ីវិល។ 
 
នៅថ្ងៃទី៦ ខែឧសភា កន្លងទៅ ប្រធានាធិបតីអាម៉េរិក​ បានបញ្ជាក់យ៉ាងច្បាស់ៗថា អាម៉េរិកជំទាស់ផែនការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ Rafah។ 
 
តាមការបញ្ជាក់របស់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារជនភៀសខ្លួនប៉ាឡេស្ទីននៃអង្គការសហប្រជាជាតិ (UNWRA) មនុស្សប្រមាណ ១,៤លាននាក់ បានយកតំបន់ Rafah ធ្វើជាជម្រក ដោយពាក់កណ្តាលជាកុមារ។ កន្លងមក មនុស្សប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ ត្រូវបានជម្លៀសចេញពីតំបន់ Rafah ភាគខាងកើត៕
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com