កីឡាអន្តរជាតិ
អន្តរជាតិ
៦៣៤ប្រកួតក្នុងអាជីព ទាំងក្លិបនិងជម្រើសជាតិ តែ Kane មិនដែលឈ្នះពាន
09, May 2024 , 5:29 pm        
រូបភាព
Harry Kane ខកខានឱកាសឈ្នះពានសារជាថ្មីក្នុងអាជីព នៅក្នុងការបង្ហាញខ្លួនលើកទី ៦៣៤ប្រកួត នៅត្រឹមជំនួប Bayern Munich ត្រូវបានក្រុម Real Madrid ទម្លាក់ចេញពីពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សរុបលទ្ធផលទាំង ២ជើង លទ្ធផល ៤-៣ នាថ្ងៃទី៨ ខែឧសភា។ កីឡាករវ័យ ៣០ឆ្នាំ ជាខ្សែប្រយុទ្ធដ៏ល្អមួយរូប ក្នុងវិស័យបាល់ទាត់បច្ចុប្បន្ន ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិអង់គ្លេស និង Tottenham Hotspur និងជាកីឡាករទីពីរ រកបានគ្រាប់បាល់ច្រើនប្រចាំក្របខណ្ឌ Premier League។


ស្ថិតិរកបានគ្រាប់បាល់ច្រើនរាល់ការប្រកួត ជាមួយបច្ចេកទេសស៊ុតដ៏​ប៉ិនប្រសប់ ធ្វើឱ្យ Kane ក្លាយជាកីឡាករខ្សែប្រយុទ្ធដ៏ពិសេសមួយប្រចាំសតវត្សទី ២១។ ប៉ុន្តែជារឿងសោកស្តាយ Kane មិនធ្លាប់ឈ្នះពានអ្វីមួយឡើយទាំងលីគ និងសូម្បីតែពានរង្វាន់ UCL ដែលជាឱកាសចុងក្រោយរូបគេមានជាមួយនឹង Bayern Munich។
 
Kane ត្រូវបានគេផ្តល់រហស្សនាមបន្ថែម ១ ទៀតថា ជាកីឡាករជាប់បណ្តាសារ ដែលរឿងនេះធ្លាប់ត្រូវបានគេតែងនិយាយសំដៅទៅកាន់ក្រុម Tottenham Hotspur។ Spurs ត្រូវបានចាត់ទុកជាក្លិបមួយដែលជាប់បណ្តាសារជាក្រុមមិនដែលឈ្នះពានរង្វាន់មួយសោះ ទោះបីជាក្លិបមានសមត្ថភាពខ្លាំងក្នុងការប្រកួតប្រជែងក៏ដោយក្តី។ ព្រោះតែក្លិបមានប្រវត្តិសាស្ត្រមិនដែលឈ្នះពានអ្វីមួយរយៈពេល ១៦ឆ្នាំ រួចមក ទើបកីឡាករកើតចេញពីក្រុមយុវជន Spurs សម្រេចចិត្តចាកចេញ ផ្លាស់ទៅកាន់ទឹកដីអាល្លឺម៉ង់ ដើម្បីស្វែងរកឱកាសឈ្នះពាន។
 
ការឈ្នះពានចុងក្រោយបង្អស់របស់ Spurs នៅក្នុងឆ្នាំ ២០០៨ ពានរង្វាន់ League Cup កាលនោះ ដែលបច្ចុប្បន្នមានឈ្មោះថា EFL Cup។
 
ក្តីស្រមៃចុងក្រោយ ត្រូវបានរសាត់បន្ថែមទៀត ក្រោយពីរបូតពានចំនួន ៣ ក្នុងប្រទេសអាល្លឺម៉ង់ Bayern Munich ត្រូវបានក្រុម Real Madrid ទម្លាក់ចេញត្រឹមវគ្គ ១/២ ផ្តាច់ព្រ័ត្រ លទ្ធផលសរុបទាំងពីរជើង ៤-៣។ កាលពីជើងទីមួយ Bayern បង្ហាញទម្រង់លេងបានល្អក្នុងទឹកដី ក៏ដូចជាក្រៅដី ប៉ុន្តែ Real Madrid បង្ហាញពីសមត្ថភាពខ្លាំងរបស់ខ្លួនពេលវិលត្រឡប់ធ្វើម្ចាស់ផ្ទះ។
  


ជំនួបចាញ់ Real Madrid គឺជាការបង្ហាញខ្លួនលើកទី ៦៣៤ប្រកួត សម្រាប់ Kane ដែលបានលេងឱ្យក្លិប ព្រមទាំងនៅក្រុមជម្រើសជាតិ។ ជាធម្មតាកីឡាករបាល់ទាត់មួយចំនួន ដែលមានសមត្ថភាព និងការប្រកួតច្រើនបែបនេះ គឺតែងតែធ្លាប់បានឈ្នះពានរង្វាន់មួយចំនួនក្នុងអាជីពរួចទៅហើ។
 
អ្នកគាំទ្រវិស័យបាល់ទាត់ភាគច្រើន តែងជជែងពីរឿងព្រះនៃបាល់ទាត់ ប៉ុន្តែ Kane អាចត្រូវបានគេចាក់ទុកថាជាបិសាចក្នុងវិស័យបាល់ទាត់ទៅវិញ ដោយក្លាយជាកីឡាករមួយរូបដែលមានឈ្មោះល្បីល្បាញ លេចធ្លោរខ្លាំងក្នុងនាមជាខ្សែប្រយុទ្ធ មិនដែលឈ្នះពានអ្វីទាល់តែសោះ។ កន្លងមក Bayern Munich រក្សាកំណត់ត្រាឈ្នះពានលីគកំពូលអាល្លឺម៉ង់ ១១ឆ្នាំ ជាប់ៗគ្នា ប៉ុន្តែរដូវកាល ២០២៣-២៤ បែរជាមិនឈ្នះពានសូម្បីតែមួយ ពេលមានវត្តមានរបស់ Kane ចូលរួមទៅវិញ។
 
កាល ​Kane ប្រកបអាជីពនៅ Spurs ដោយលេងបាន ៤៣៥ប្រកួត កីឡាករវ័យ ៣០ឆ្នាំ រកបានគ្រាប់បាល់ចំនួន ២៨០គ្រាប់ ដើម្បីឈរក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំប្រវត្តិសាស្ត្រក្លិប។ ប្រចាំ Premier League វិញ គេស៊ុតបាន ២១៣គ្រាប់ ជាកីឡាករលំដាប់ទីពីរ បន្ទាប់ពីលោក Alan Shearer។
 
Kane ធ្វើបានល្អបង្ហាញខ្លួនក្នុងនាមជាខ្សែប្រយុទ្ធ និងបានឈ្នះពានរង្វាន់ជាលក្ខណៈឯកត្តជន ដូចជាស្បែកជើងមាស ៣លើក ប្រចាំ Premier League។ ពេលដែលស្ថិតនៅ Spurs ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ធ្លាប់បានជួយក្រុមធ្វើបានល្អដូចគ្នាដែរ កាលរដូវកាល​ ២០១៦-១៧ Spurs ឈរតំណែងលេង ២ នៅ Premier League ហើយរដូវកាល ២០១៨-១៩ Spurs ទទួលបានជើងឯករង ​UEFA Champions League ក្រោមការដឹកនាំរបស់លោក Mauricio Pochettino។



កាលពីឆ្នាំ ២០១៥ ទៀតសោត Spurs ឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ប៉ុន្តែបានរងបរាជ័យក្រោមថ្វីជើង Chelsea លទ្ធផល ២-០ ហើយឆ្នាំ ២០២១ ពួកគេបានចាញ់ជាថ្មីក្រោមថ្វីជើង Manchester City លទ្ធផល ១-០។ កាលពីឆ្នាំ​ ២០២០ Kane បានជួយនាំអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Euro 2020 ប៉ុន្តែអង់គ្លេស បានចាញ់ការប្រកួតក្រោមថ្វីជើងអ៊ីតាលី ក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយការប្រកួតស្មើលទ្ធផល ១-១។

ជួបរឿងរ៉ាវនៃការខកចិត្តជាច្រើនបែបនេះ បានជំរុញឱ្យ Kane សម្រេចចិត្តផ្លាស់ទៅកាន់ក្រុម Bayern Munich នោដើមរដូវកាល ២០២៣-២៤ ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ (១០៧លានដុល្លារ)។ Kane ក៏ធ្លាប់បាននិយាយថាការផ្លាស់ទៅកាន់ក្រុមយក្សអាល្លឺម៉ង់ គឺដើម្បីកែប្រែវាសនា មិនឈ្នះពាននៅក្លិបចាស់ ដោយប្រែសំណាងខ្លួន ឈ្នះពានរង្វាន់ជាមួយ Bayern Munich។ 
 
មុន Kane មកដល់ Bayern ឈ្នះពានលីគ ១១លើកជាប់គ្នា ហើយពានរង្វាន់ ​DFB Pokal (German Cup) ៥លើក ចំណោមការប្រកួត ១១ឆ្នាំចុងក្រោយមកនេះ។ Bayern ក៏ឈ្នះពានរង្វាន់ UEFA Champions League ២លើកក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ ក៏ដូចជាពានរង្វាន់ Club World Cup ថែមទៀត និងពាន UEFA Super Cup ២លើកដូចគ្នា។ 
 
មើលឃើញពីឥទ្ធិពលក្រុម Bayern Munich ដែលជាក្រុមមិនចេះរីងស្ងួត​ ចំពោះការឈ្នះពាន នៅពេលឈ្មោះ Kane ត្រូវបានប្រកាសជាកីឡាករក្រុមយក្សអាល្លឺម៉ង់ រូបគេផ្ទាល់ត្រូវបានអ្នកគាំទ្រគ្រប់គ្នារំពឹងថា កីឡាករអង់គ្លេសតែងជួបរឿងខកចិត្ត និងអាចកែប្រែវាសនាខ្លួន នារដូវកាលនេះ។ Kane រកបាន ៣៦គ្រាប់ ជាមួយនឹងបញ្ជូនបាល់ ៨គ្រាប់​ ដល់មិត្តរួមក្រុម ចំពោះការបង្ហាញខ្លួនប្រកួត ៣២លើក នៅ Bundesliga។ ​
  


Kane ឈ្នះស្បែកជើងមាសក្នុងរដូវកាលដំបូងរបស់គេជាមួយ Bayern Munich ប៉ុន្តែសោកស្តាយ ពានរង្វាន់ចំនួន ៤ នារដូវកាលនេះ របូតទាំងអស់។ Bayern របូតពានលីគកំពូល ដោយឈរនៅចំណាត់ថ្នាក់លេខ ២ ក្រោមក្រុមជើងឯក មានទម្រង់លេងត្រដែតខ្លាំង ​Bayer Leverkusen មានគម្លាតពិន្ទុដល់ទៅចំនួន ១៥ពិន្ទុ។ 
 
យ៉ាងណាក៏ដោយ ការបន្ទោសទៅលើ Kane តែមួយរូបក៏ជារឿងដែលមិនសមហេតុផល ដ្បិតក្រុម Bayern Munich ទៀតសោត ហាក់បីបាត់បង់ទម្រង់លេងរបស់ខ្លួន ចាប់តាំងពីពេលដែលលោក Thomas Tuchel បានចូលមកដឹកនាំនៅក្នុងរដូវកាលដំបូង។ នៅរដូវកាលក្រោយ លោក Thomas Tuchel ធ្លាប់បានប្រកាសកាលពីខែ កុម្ភៈ ថាលោកនឹងចាកចេញ ជាការបង្ហាញទំនួសខុសត្រូវ ចំពោះការធ្វើឱ្យក្លិបធ្លាក់ចុះទម្រង់លេង។ 
 
ការមិនឈ្នះពានអ្វីទាំងអស់ក្នុងរដូវកាល ២០២៣-២៤ ក្រុម Bayern Munich នឹងត្រូវកែតម្រូវប្រព័ន្ធគ្រប់គ្រងរបស់ក្លិបរូបទាំងគ្រូបង្វឹកបន្ថែមទៀត ដើម្បីកែប្រែស្ថានការអាក្រក់របស់ក្លិប ឱ្យវិលត្រឡប់មកល្អប្រសើរឡើងវិញ។ តើនៅរដូវកាលក្រោយ Kane នឹងអាចកែប្រែវាសនាខ្លួនបានទេ ក្នុងការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីព ដោយពឹងលើឱកាសនៅក្លិប Bayern Munich?

Tag:
 Harry Kane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com