អន្តរជាតិ
យោធាមីយ៉ាន់ម៉ាច្រានចោលសំណើសម្តេច ហ៊ុន សែន សុំជួបលោកស្រី ស៊ូជី
09, May 2024 , 4:51 pm        
រូបភាព
ប្រជាជនបាតុកម្មទាមទារឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល នៅខួបរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ រូបភាព AFP
ប្រជាជនបាតុកម្មទាមទារឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល នៅខួបរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ រូបភាព AFP
របបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី៨ ខែឧសភា បានបដិសេធសំណើសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលបន្តជាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែឧសភា។


សម្តេច ​ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែឧសភា បានស្នើលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា ជួបលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលជាប់ឃុំចាប់តាំងពីរដ្ឋប្រហារមក។ ពេលនេះ លោកស្រី ស៊ូជី កំពុងជាប់ឃុំនៅក្នុងផ្ទះមួយកន្លែង ក្នុងក្រុងណៃពិដោ ដោយយោធាប្រើហេតុផលអាកាសធាតុក្តៅខ្លាំង។ 
 
យ៉ាងណាមិញ សំណើសម្តេច ហ៊ុន សែន មិនត្រូវបានយោធាមីយ៉ាន់ម៉ាទទួលនោះទេ។ ក្នុងសារជាសំឡេងបញ្ចេញដោយក្រុមព័ត៌មានរបស់យោធាមីយ៉ាន់ម៉ា អ្នកនាំពាក្យរដ្ឋាភិបាល លោក Zaw Min Tun រដ្ឋាភិបាលយោធាមិនមានហេតុផល ក្នុងការសម្របសម្រួលជំនួបនោះ ក្នុងពេលនេះឡើយ។ 
 
ទន្ទឹមនេះ របបសឹកមីយ៉ាន់ម៉ា បានប្តេជ្ញារៀបចំការបោះឆ្នោតឱ្យខាងតែបាន បើទោះជម្លោះជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតែបន្តកើតមាន ក្នុងតំបន់ជាច្រើន នៅមីយ៉ាន់ម៉ា។ ដោយសារជម្លោះបែបនេះ របបសឹកបានពន្យារពេលបោះឆ្នោត និងប្រកាសបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នជាច្រើនលើក។ 
 
កន្លងមក យោធាមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យអតីតរដ្ឋមន្រ្តីការបរទេសថៃ លោកDon Pramudwinai ជួបលោកស្រី ស៊ូជី តែមួយគត់ បើទោះមេដឹកនាំបរទេសជាច្រើនបានស្នើសុំ។ ជំនួបមួយនេះ ត្រូវបានលោក Don បង្ហើបនៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២៣។ កាលនោះ លោក Don បានបញ្ជាក់ថា លោកស្រី ស៊ូជី មានសុខភាពល្អ ហើយថែមទាំងជាជំនួបដ៏ល្អទៀត។
 
សូមបញ្ជាក់ថា លោកស្រីស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្រោមបទចោទដូចជា ស៊ីសំណូក កាន់កាប់ប្រព័ន្ធទំនាក់ទំនងខុសច្បាប់ និងបញ្ចេញកិច្ចការសម្ងាត់រដ្ឋជាដើម៕ 

Tag:
 កម្ពុជា
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com