ជាតិ
CLC៖ ករណីចាប់ខ្លួន លោក ម៉ម រិទ្ធី គឺការរំលោភសិទ្ធិសហជីពយ៉ាងធ្ងន់ធ្ងរ
09, May 2024 , 8:29 pm        
រូបភាព
លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF)។ រូបពី CLC
លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF)។ រូបពី CLC
ភ្នំពេញ៖ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ត្រូវបានអាជ្ញាធរចាប់ខ្លួន តាមអំណាចសាលក្រមកំបាំងមុខ។ ករណីនេះ សហភាពការងារកម្ពុជា (CLC) ចាត់ទុកថា ជាការវាយប្រហារធ្ងន់ធ្ងរលើសិទ្ធិសហជីព។
 
លោក ម៉ម រិទ្ធី ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៧ឧសភា ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទ«ធ្វើឱ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ដែលពាក់ព័ន្ធនឹងការបញ្ចេញមតិយោបល់របស់លោក អំពីករណីវិវាទការងារនៃសំណុំរឿងក្រុមហ៊ុន
ជីនប៉ី គ្រុប ឯ.ក. នៅបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២២កន្លងទៅ។
 
CLC បានចេញសេចក្ដីថ្លែងការណ៍ ដោយអះអាងថា ការសម្រេចចិត្តរបស់អាជ្ញាធរ ក្នុងការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទប្រកាន់ និងចាប់ខ្លួនមកលើលោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល។ CLC បានចេញមុខការពារមេសហជីពខាងលើថា ការបញ្ចេញមតិយោបល់របស់លោក រិទ្ធី គឺដើម្បីស្ថាបនា និងកែតម្រូវការអនុវត្តច្បាប់ឱ្យតម្លាភាព។ កាលនោះ លោក រិទ្ធី សង្កេតឃើញសមាជិកសហជីពជាស្ត្រីម្នាក់ រងភាពអយុត្តិធម៌ និងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ព្រោះភាគីក្រុមហ៊ុនបាននាំស្ត្រីនោះយកទៅសម្លុតគំរាមកំហែង មុននឹងបញ្ចូនឱ្យសមត្ថកិច្ច។ លើសពីនេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនស្ត្រីនោះ ទុកក្នុងបន្ទប់រួមជាមួយបុរសជនជាតិចិនជាច្រើននាក់ រហូតដល់៤ថ្ងៃ។ 
 
ហេតុនេះ សហភាពការងារកម្ពុជាយល់ថា៖ «ការសម្រេចចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមតាមអំណាចសាលក្រមកំបាំងមុខ គ្រប់ដំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌ ជាសកម្មភាពបំភិតបំភ័យ សម្លុត គំរាមកំហែង និងយាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត, ការបង្ករឧបសគ្គដល់ការប្រើប្រាស់សិទ្ធិសហជីព, ការរំខានធ្ងន់ធ្ងរដល់សិទ្ធិសហជីព, ការរំលោភបំពានលើគោលការណ៍សេរីភាពសមាគម, ជាការរំលោភបំពានសេរីភាពសមាគម និងការវាយប្រហារធ្ងន់ធ្ងរលើសិទ្ធិសហជីព»។ 
 
ចំពោះសកម្មភាពចាប់ខ្លួនសហជីពខាងលើ បង្ហាញពីការអនុវត្តច្បាប់ ដែលផ្តល់តម្លៃទាបចំពោះគុណសម្បត្តិដើម នៃច្បាប់ស្តីពីការងារ និងខ្វះឧត្តមភាពនៃនីតិរដ្ឋនៅកម្ពុជា យ៉ាងលើសលុប។ នេះបើតាម CLC ដែលបានស្នើទៅ ប្រមុខរដ្ឋាភិបាល ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធ ពិនិត្យករណីសំណុំរឿងខាងលើឡើងវិញ ដោយតម្លាភាព៕ 

Tag:
 សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com