កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen ឡើងវគ្គផ្តាច់ព្រ័ត្រ Europa ទល់ Atalanta ជាមួយកំណត់ត្រាមិនចាញ់
10, May 2024 , 9:40 am        
រូបភាព
Bayer Leverkusen ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ដោយការទម្លាក់ AS Roma នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Leverkusen រក្សាកំណត់ត្រាមិនចាញ់៤៩ប្រកួត ក្រោយតាមស្មើ Roma ២-២ នៅជំនួបជើងទី២ នៅថ្ងៃទី៩ ខែឧសភា។


នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន BayArena ក្រុមភ្ញៀវ​ Roma រកបាន២គ្រាប់នាំមុខមុនតាមរយៈកីឡាករ Leandro Paredes ដោយការទាត់បាល់ពិន័យប៉េណាល់ទីទាំង២គ្រាប់នៅនាទី៤៣ និង៦៦។ Gianluca Mancini ប្រធានក្រុម Roma ធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទី៨២ មុនពេល Josip Stanisic រកបានគ្រាប់បាល់តាមស្មើ ២-២​ វិញ នៅនាទី៩០+៧។ សរុបទាំងពីរជើង ក្រុមអាល្លឺម៉ង់ ឈ្នះ ក្រុមមកពីអ៊ីតាលី ៤-២។
 
មិនត្រឹមបានកៅអីវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាល ២០២៣-២៤ ឡើយ Leverkusen ក្រោមការដឹកនាំរបស់អ្នកចាត់ការ Xabi Alonso នៅរក្សាភាពមិនចាញ់សោះចំនួន៤៩ប្រកួត។

Leverkusen ដែលមានឱកាសខ្ពស់ក្នុងការលើកពាន៣ក្នុងមួយរដូវកាល បន្ទាប់ពីគ្រងជើងឯកអាល្លឺម៉ង់ Bundesliga និងឈានដល់វគ្គផ្តាច់ព្រ័ត្រ German Cup នឹងត្រូវជួប Atalanta នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២អឺរ៉ុប នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
 
Atalanta បានទម្លាក់ Marseille ក្នុងលទ្ធផលទាំងពីរជើង ៤-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនោះជំនួបជើងទី២ ក្រុមមកពីអ៊ីតាលី បានយកឈ្នះក្រុមបារាំង ៣-០។
 
ចំណែក ពានរង្វាន់ Europa Conference ក្រុម Olympiacos បានទម្លាក់ Aston Villa នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយបន្តឈ្នះនៅជើងទី២ ក្នុងលទ្ធផល ២-០ និងសរុបទាំងពីរជើង ៦-២។ 
 
Olympiacos របស់ក្រិក ត្រូវជួប Fiorentina នៅវគ្គផ្តាច់ព្រ័ត្រ Europa Conference នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ Fiorentina ក្រុមពីអ៊ីតាលីបានយកឈ្នះ Club Brugge ៣-២ នៅជើងទី២ បន្ទាប់ពីស្មើ ១-១ នៅជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
 
 

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com