ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន​ ម៉ាណែត៖ ការទូតសេដ្ឋកិច្ច ជាអាទិភាពធំសម្រាប់ប្រយោជន៍ជាតិ
10, May 2024 , 10:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​
ការទូតសេដ្ឋកិច្ច ជាអាទិភាពធំសម្រាប់ការងារក្រៅប្រទេសរបស់រដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅចំពោះមុខអ្នកវិនិយោគជាតិ​-អន្តរជាតិ ដែលបានអះអាងថា ​រដ្ឋាភិបាល នឹងប្រឹងជំរុញការទូតសេដ្ឋកិច្ចនេះ ដើម្បីប្រយោជន៍ប្រទេសជាតិ។​
 
សម្តេច ហ៊ុន ម៉ាណែត មើលឃើញការទូតសេដ្ឋកិច្ចមិនត្រឹមជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋ ​និងរដ្ឋ តាមរយៈការលើកស្ទួយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជួយពង្រឹងទំនាក់ទំនងមនុស្ស​ និងមនុស្ស ដែលជាកត្តាយ៉ាងសំខាន់។​ 
 
សម្តេច ហ៊ុន ម៉ាណែត បាននិយាយក្នុងពិធីប្រកាសដំណើរការជាផ្លូវការ នូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី៩ឧសភាថា៖ «អ្វីដែលសំខាន់​ និងចីរភាពធំបំផុត គឺទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ តាមគ្រប់វិស័យ។ មិនថា វប្បធម៌ សិល្បៈ​ ឬមួយការអប់រំទេ! ហើយក្នុងនោះវិស័យឯកជន ដើរតួនាទីសំខាន់ណាស់ ដែលយើងបង្កើតនូវទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងធុរកិច្ចរវាងប្រជាជន និងប្រជាជន»។  
 
ប្រមុខរដ្ឋាភិបាល បានចាត់ទុកទំនាក់ទំនងរវាងអ្នកធុរកិច្ច និងអ្នកធុរកិច្ចនេះ គឺជាកត្តាសំខាន់សម្រាប់ការចងចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យរឹងមាំ។ «នេះដែលយើងត្រូវរុញផ្នែកនេះឱ្យមែនទែន»។ សម្តេចបានអះអាងបែបនេះ ដោយបញ្ជាក់ថា រឿងសេដ្ឋកិច្ច គឺអត់មានភ្ជាប់នឹងលក្ខខណ្ឌនយោបាយអ្វីឡើយ។ ហេតុដូច្នេះ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ងាយស្រួល ជាងការជំរុញផ្នែការទូត ឬមួយទំនាក់ទំនងផ្នែកនយោបាយ។ 
 
សម្តេចបានបន្ថែមថា៖«ប្រសិនបើផ្នែកកាទូតមានបញ្ហា! ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច គឺជាចំណងមួយដែលថែរក្សានូវលំនឹង ឬមួយក៏មិនទប់មិនអាចឱ្យមានការផ្ទុះនូវអ្វីដែលធ្ងន់ធ្ងរ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទាំងពីរប្រទេសតាមរយៈអ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសនីមួយៗ។ នេះហើយជាគោលដៅធំ នៅក្នុងជំរុញការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ»។ 
 
បើតាមសម្តេច ហ៊ុន ម៉ាណែត ក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលបានការវិនិយោគថ្មីៗ ចំនួន១២៨គម្រោង ដែលមានទំហំទុនប្រមាណ ២ ៥០០លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ អាចបង្កើតការងារជូនពលរដ្ឋបានជាង១៣ម៉ឺនកន្លែង៕ 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com