ជាតិ
ដំរីព្រៃ ដែល​គេសង្គ្រោះចេញពី​ល្បាប់ភក់​ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
10, May 2024 , 2:49 pm        
រូបភាព
ដំរីព្រៃដែលងាប់ដោយសារជាប់ក្នុងល្បាប់ភក់ នៅដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែឧសភា។ រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ដំរីព្រៃដែលងាប់ដោយសារជាប់ក្នុងល្បាប់ភក់ នៅដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែឧសភា។ រូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ដំរីព្រៃញីមួយក្បាល ដែលត្រូវបានក្រុមអ្នកជំនាញសង្គ្រោះចេញពីការជាប់ផុងក្នុងល្បាប់ភក់ កាលពី ប្រមាណ១០ថ្ងៃមុន នៅដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី បានបាត់បង់ជីវិតហើយនៅព្រឹក ថ្ងៃទី១០ ខែឧសភានេះ។ ដំរីព្រៃ​មួយក្បាលនេះ បានជាប់​ក្នុងភក់រយៈពេល៣ថ្ងៃ ហើយវាបានរងរបួស ជើងមុខខាងឆ្វេង និងផ្នែកពោះ ជាមួយសភាពស្គមស្គាំង និងខ្សោយខ្លាំង។
​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្ហោះសារនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែឧសភា ដំរីព្រៃញីមួយ ក្បាល នេះ ត្រូវបានក្រុមអភិរក្ស ប្រទះឃើញជាប់ក្នុងល្បាប់ភក់ កាលពីថ្ងៃទី៣០ មេសា ត្រង់ចំណុចអូរក្រាក់ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី។  វាបានរងរបួសជើងមុខខាងឆ្វេង និងផ្នែក ពោះ ជាមួយសភាពស្គមស្គាំង ហើយខ្សោយខ្លាំង ដោយសារការជាប់ក្នុងភក់ អស់រយៈពេល៣ថ្ងៃ។
 
ក្រោយសង្គ្រោះ ដំរីញីនេះ ត្រូវបានដឹកទៅព្យាបាល​នៅទីស្នាក់ការកណ្ដាលរយ៉លើ នៅដែនជម្រកសត្វព្រៃ លំផាត់មណ្ឌលគិរី តែដោយសារសុខភាពកាន់តែចុះខ្សោយ នៅថ្ងៃទី១០ ខែឧសភា ដំរីមួយក្បាលនេះ ក៏​ បាន​ងាប់។ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់ដូច្នេះ មុននឹងបន្តថា៖ «ដំរីព្រៃនេះ នឹងត្រូវយក ទៅកប់ នៅទីស្នាក់ការរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី»។



យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការដៃគូ​ នាពេលក​ន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ៣៥០ក្បាល កំពុងរស់នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគីរី។ ចំណែកទូទាំងប្រទេសកម្ពុជា ដំរីព្រៃមានប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគីរី។  
 
សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រកធ្ងន់ធ្ងរ នៅទូទាំងសាកលលោក។ ដំរីព្រៃ ត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជក្នុងបញ្ជីក្រហមរ បស់អង្គការសហភាពអន្ដរជាតិដើម្បី ការអភិរក្សធម្មជាតិ(IUCN)៕
 

Tag:
 មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
  ដំរីព្រៃ
  WWF
© រក្សាសិទ្ធិដោយ thmeythmey.com