ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងទាក់ទាញការវិនិយោគបន្ថែមពីជប៉ុន
10, May 2024 , 9:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល អនុប្រធានទី១CDC កំពុងធ្វើបទបង្ហាញពីសក្កានុពលទៅកាន់វិនិយោគនិនជប៉ុន នាទីក្រុងតូក្យូ នាថ្ងៃទី៨ឧសភា។  រូវបថត៖ CDC
លោក ស៊ុន ចាន់ថុល អនុប្រធានទី១CDC កំពុងធ្វើបទបង្ហាញពីសក្កានុពលទៅកាន់វិនិយោគនិនជប៉ុន នាទីក្រុងតូក្យូ នាថ្ងៃទី៨ឧសភា។ រូវបថត៖ CDC
កម្ពុជាមានស្ថិរភាពនយោបាយ លំនឹងសេដ្ឋកិច្ច និងមានកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត រួមទាំងការលើកចិត្ត និងអនុគ្រោះពន្ធនានាពីរដ្ឋាភិបាល។ លើសពីនេះ កម្ពុជា​បាន និងកំពុងសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើន ដើម្បីផ្តល់ភាពងាយស្រួសដល់វិស័យឯកជនក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយបែបនេះ​ទៅកាន់អ្នកវិនិយោគជប៉ុន។

 
រយៈពេល៣ថ្ងៃ ពោលពីថ្ងៃទី៧ដល់៩ឧសភា លោក ស៊ុន ចាន់ថុល បានដឹកនាំវិនិយោគិនកម្ពុជាទៅជួបផ្ទាល់អ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញ និងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា។​ នាអំឡុងពេលបំពេញបេសកកម្មនៅទឹកដីប្រទេសជប៉ុន លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ជាមួយប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន និងជាមួយប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ លោកឧបនាយករដ្ឋមន្ត្រី ក៏​បានដឹកនាំធ្វើសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ដើម្បីបង្ហាញពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់ម្ចាស់សហគ្រាសជប៉ុនប្រមាណ១០០នាក់ ផងដែរ។
អនុប្រធានទី១ របស់CDCរូបនេះ បានរំលេចនូវសក្តានុពលសំខាន់ៗរបស់កម្ពុជា ទាំងស្ថិរភាពនយោបាយ លំនឹងសេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត រួមទាំងការលើកទឹកចិត្ត និងអនុគ្រោះនានាពីរដ្ឋាភិបាល ទៅកាន់វិនិយោគិនជប៉ុន។ លើសពីនេះ កម្ពុជា​បាន និងកំពុងសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ដើម្បីផ្តល់ភាពងាយស្រួសដល់ការ ធ្វើធុរកិច្ច និងពាណិជ្ជកម្មរបស់វិស័យឯកជន។ នេះបើយោងការចុះផ្សាយរបស់ CDC។​
 
កម្ពុជាសព្វថ្ងៃមានកំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ព្រលានយន្តហោះអន្តរជាតិ រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត នឹងលេចចេញរូបរាងជាបន្តបន្ទាប់។ ជាពិសេស​ កម្ពុជា​​នឹងចាប់ផ្តើមអនុវត្តគម្រោងព្រែកជីកហ្វ៊ូណនតេជោក្នុងប្រវែង១៨០គីឡូម៉ែត្រនៅចុងឆ្នាំ២០២៤ ដែលគម្រោងនេះ នឹងផ្តល់ផលចំណេញតម្លៃដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ ក្រោយសាងសង់រួច។ 
 
ជំនួបការងាររវាងវិនិយោគិនកម្ពុជា និងវិនិយោគជប៉ុននៅតូក្យូ នាថ្ងៃទី៨ឧសភា។ រូបថត៖ CDC 

បន្ទាប់ពីធ្វើបទបង្ហាញរួច លោក ស៊ុន ចាន់ថុល សង្ឃឹមថា៖ « វិស័យឯកជននឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា»។
 
ដើម្បីជំរុញការវិនិយោគបន្ថែមពីសំណាក់វិនិយោគិនជប៉ុន លោក ស៊ុន ចាន់ថុល បានស្នើទៅកាន់ Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)ឱ្យបង្កើនកិច្ចសហការ សំដៅលើការពង្រីកការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ។ 
 
ជាការឆ្លើយតបលោកប្រធាន JETRO បានបង្ហាញនូវការសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដឹកនាំដោយលោក ស៊ុន ចាន់ថុលមកកាន់ប្រទេសជប៉ុន។ លើសពីនេះ  លោក Norihiko បានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថា៖ « គម្រោងវិនិយោគជប៉ុនដែលកំពុងមាននៅកម្ពុជា នឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុន ដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត»។ 



បច្ចុប្បន្ន​​ រដ្ឋាភិបាល​កំពុងផ្តោតសំខាន់លើការទូតសេដ្ឋកិច្ច​សម្រាប់ការងារក្រៅប្រទេស ដើម្បីប្រយោជន៍ជាតិ។​ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកទំនាក់ទំនងរវាងអ្នកធុរកិច្ច និងអ្នកធុរកិច្ច ឬទំនាក់ទំនងរវាងអ្នកវិនិយោគនិងវិនិយោគ គឺជាកត្តាសំខាន់សម្រាប់ការចងចំណងមិត្តភាព រវាងប្រទេសទាំងពីរឱ្យរឹងមាំ។ «នេះដែលយើងត្រូវរុញផ្នែកនេះឱ្យមែនទែន»។ សម្តេចបានអះអាងបែបនេះក្នុងពិធីប្រកាសដំណើរការជាផ្លូវការនូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី៩ឧសភា។
 
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រឿងសេដ្ឋកិច្ច គឺអត់មានភ្ជាប់នឹងលក្ខខណ្ឌនយោបាយអ្វីឡើយ។ ហេតុដូច្នេះ ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ងាយស្រួល ជាងការជំរុញផ្នែការទូត ឬមួយទំនាក់ទំនងផ្នែកនយោបាយ។ សម្តេចបន្ថែមថា៖«ប្រសិនបើផ្នែកកាទូតមានបញ្ហា! ទំនាក់ទំនងសេដ្ឋកិច្ច និងសេដ្ឋកិច្ច គឺជាចំណងមួយដែលថែរក្សានូវលំនឹង ឬមួយក៏មិនទប់មិនអាចឱ្យមានការផ្ទុះនូវអ្វីដែលធ្ងន់ធ្ងរ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជនទាំងពីរប្រទេស តាមរយៈអ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសនីមួយៗ។ នេះហើយជាគោលដៅធំ នៅក្នុងជំរុញការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ»។ 

លោក ស៊ុន ចាន់ថុល ប្រគល់អនុវស្សាវរីយ៍ដល់លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នាថ្ងៃទី៩ឧសភា​។ រូបថត៖ CDC 

កាលពីថ្ងៃទី២ឧសភា ក្រុមហ៊ុនរបស់ប្រទេសជប៉ុន តូយ៉ូតា​ បើក​សម្ពោធ​ជាផ្លូវការនូវរោងចក្រ​ដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមទុនជិត៣៧លានដុល្លារអាម៉េរិក។ រោងចក្រនេះ ដែលមានទីតាំងក្នុងតំបន់​សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​ជាការ​វិនិយោគ​រួមគ្នារវាងក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION ​ប្រទេសជប៉ុន ​និង​ក្រុមហ៊ុន គង់ នួនគ្រុបនេះ មានសមត្ថភាព​ដំឡើង​រថយន្តបាន​​ចំនួន ១ ​៣២០គ្រឿង សម្រាប់ផ្គត់ផ្គង់តម្រូវការ​ទីផ្សារក្នុងឆ្នាំ២០២៤។
 
គួរជម្រាបថា​ ក្នុងរយៈពេល៤ខែមកនេះ កម្ពុជាទទួលបានការវិនិយោគថ្មីៗ ចំនួន១២៨គម្រោង ដែលមានទំហំទុនប្រមាណ ២ ៥០០លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះ អាចបង្កើតការងារជូនពលរដ្ឋបានជាង១៣ម៉ឺនកន្លែង៕ 

Tag:
 ពាណិជ្ជកម្ម
  វិនិយោគ​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com