ជាតិ
កម្ពុជាជោគជ័យលើការនាំចេញម្រេចខ្មៅ៣០តោនទៅចិនលើកដំបូង
10, May 2024 , 5:29 pm        
រូបភាព
ម្រេចខ្មៅ១កុងតឺន័រ ត្រូវនាំទៅចិន កាលពីថ្ងៃទី២០ មេសា។ រូបភាព៖ Sela Pepper
ម្រេចខ្មៅ១កុងតឺន័រ ត្រូវនាំទៅចិន កាលពីថ្ងៃទី២០ មេសា។ រូបភាព៖ Sela Pepper
ម្រេចខ្មៅចំនួន៣០តោន របស់ក្រុមហ៊ុន Sela Pepper ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនលើកដំបូង កាលពីថ្ងៃទី២០ ខែមេសា។ ម្រេច គឺជាដំណាំគ្រឿងទេសដំបូងគេ ដែល​ត្រូវ​បានស្ថានទូតចិនប្រចាំកម្ពុជា បើកភ្លៀងខៀវនាំឱ្យចេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។


លោកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper Co.,Ltd នៅថ្ងៃទី១០ ខែឧសភា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ក្រុមហ៊ុន​ Sela Pepper បាននាំចេញម្រេចខ្មៅចំនួន១កុងតឺន័រ ឬស្មើ៣០តោន ទៅកាន់ទីផ្សារប្រទេសចិន។ នេះជាការនាំចេញលើកដំបូង​ ចាប់តាំងពីស្ថានទូតចិន ប្រកាសអនុញ្ញាតឱ្យនាំចេញកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ 
 
វាជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ម្រេចរបស់កសិករខ្មែរ ដែលបាននាំចេញទៅចិន។ នេះជាការលើកឡើងរបស់ លោកស្រី Anna Cai ដោយបន្ថែមថា៖« វាជាសមិទ្ធផលដ៏អស្ចារ្យ និងគួរឱ្យកត់សម្គាល់។ ជាពេលវេលាដ៏រីករាយសម្រាប់កសិករដែលដាំម្រេចកម្ពុជា ជាពិសេសសម្រាប់ក្រុមហ៊ុន Sela Pepper។ ខ្ញុំសូមអរគុណដល់កសិករទាំងអស់»។
 
នាយកក្រុមហ៊ុនរូបនេះ​ បានបញ្ជាក់ថា ម្រេចដែលបាននាំចេញនេះ ត្រូវបានអនុម័តតាមលក្ខខណ្ឌតម្រូវរបស់គយចិន (GACC)។ ចំណែក Sela Pepper ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនចិនដែរ។
 
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា​​ CPSF សារទរចំពោះសមិទ្ធផលដ៏គួរជាទីមោទកភាពនេះ។ លោក បន្តថា ការនាំចេញម្រេចទៅចិនរបស់ក្រុមហ៊ុន​ Sela Pepper នៅពេលនេះគឺជាការបង្កើតទីផ្សារថ្មី ដែលផ្ដល់ផលវិជ្ជមានសម្រាប់ផលិតផលកម្ពុជា រួមទាំងអ្នកដាំ និងអ្នកកែច្នៃនាំចេញ។  
 
លោក ប្រាប់ខ្លីបែបនេះ៖« នេះគឺជាសញ្ញាវិជ្ជមានរបស់កម្ពុជាយើង ដែលអាចរកបានទីផ្សារថ្មី និងនាំចេញក្នុងចំនួនច្រើន។ ដូច្នេះ វាល្អទាំងអ្នកដាំ និងអ្នកនាំចេញ»។ 
 
នៅឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដាំដុះម្រេចប្រមាណ ៧ ២០៥ហិកតា នៅក្នុងខេត្តចំនួន១០។ ខេត្តដែលមានផ្ទៃដាំម្រេចច្រើនជាងគេ គឺត្បូងឃ្មុំ កំពង់ធំ រតនគិរី មណ្ឌលគិរី និងពោធិ៍សាត់។

តាម ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១១ ឆ្នាំ២០២៣ ខែកម្ពុជានាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានត្រឹមជិត៦ពាន់តោន។ ប្រទេសដែលបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេ គឺវៀតណាម បន្ទាប់មក អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក៕  

Tag:
 ម្រេច
  ស្ថានទូតចិន
  កសិកម្ម
  គយចិន
© រក្សាសិទ្ធិដោយ thmeythmey.com