ជាតិ
សិល្បករ​សៀក៦ប្រទេស នឹង​ជួបគ្នា​ក្នុង​មហោស្រព​សៀក​អន្តរជាតិ​នៅ​កម្ពុជា
18, Apr 2015 , 4:30 pm        
រូបភាព
 
សិល្បករ​សៀក​ចំនួន៦ប្រទេស រួមមាន​កម្ពុជា វៀតណាម ឡាវ តៃវ៉ាន់ ស្វី​ស និង​បារាំង នឹង​មកជួប​ជុំគ្នា​នៅ​កម្ពុជា ដើម្បី​សម្តែង​សៀក​នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​សៀក​អន្តរជាតិ«ទីនោះ​ទីនោះ» លើក​ទី៩ ដែល​នឹង​រៀបចំ​ធ្វើ​នៅក្នុង​ខែឧសភា​ខាងមុខនេះ។



មហោស្រព​សៀក​អន្តរជាតិ«ទីនោះ​ទីនោះ» លើក​ទី៩ រៀបចំឡើង​ដោយ​សហគ្រាស​សង្គម​ហ្វារ PPSE ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សិល្បៈ​សៀក​ខ្មែរ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ពិភពលោក ផ្តល់ឱកាស​ការងារ​ឲ្យ​សិល្បករ សិល្បការិនី​សៀក​ខ្មែរ និង​ឲ្យ​ពួកគាត់​ទទួលបាន​បទពិសោធន៍ ព្រមទាំង​រៀនសូត្រ​ពី​បច្ចេកទេស​សម្តែង​ជាមួយ​សិល្បករ​បរទេស​ផ្សេងទៀត។

នេះ​គឺជា​ឆ្នាំ​ទី២ហើយ ដែល មហា​ស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ» ត្រូវបាន​រៀបចំឡើង​នៅ​កម្ពុជា។ មហា​ស្រព​សៀក​អន្តរជាតិ«ទីនេះ​ទីនោះ» នឹងធ្វើ​ការសម្តែង​នៅ​ក្រុង៣ដាច់ដោយឡែក​ពីគ្នា។ ការបង្ហាញ​ពី​ទស្សនីយភាព​សៀក នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី៧-៩ខែឧសភា ខេត្តសៀមរាប​ពីថ្ងៃ​ទី ១១-១៣ ខែឧសភា និង​ខេត្តបាត់ដំបង ពីថ្ងៃ​ទី១៥-១៦ខែឧសភា។

សូមបញ្ជាក់ថា មុននឹង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​ចាប់ផ្តើម ក៏​មានការ​ដង្ហែរ​ក្បួន​ផ្សព្វផ្សាយ​តាម​ដងផ្លូវ នៅតាម​បណ្តា​ក្រុងធំៗមួយចំនួន​ផងដែរ ដើម្បី​ឲ្យ​សាធារណជន​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សិល្បករ និង​សិល្បការិនី​សៀក​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com