ជាតិ
សិល្បករសៀក៦ប្រទេស នឹងជួបគ្នាក្នុងមហោស្រពសៀកអន្តរជាតិនៅកម្ពុជា
×
សិល្បករសៀកចំនួន៦ប្រទេស រួមមានកម្ពុជា វៀតណាម ឡាវ តៃវ៉ាន់ ស្វីស និងបារាំង នឹងមកជួបជុំគ្នានៅកម្ពុជា ដើម្បីសម្តែងសៀកនៅក្នុងព្រឹត្តិការណ៍មហោស្រពសៀកអន្តរជាតិ«ទីនោះទីនោះ» លើកទី៩ ដែលនឹងរៀបចំធ្វើនៅក្នុងខែឧសភាខាងមុខនេះ។
មហោស្រពសៀកអន្តរជាតិ«ទីនោះទីនោះ» លើកទី៩ រៀបចំឡើងដោយសហគ្រាសសង្គមហ្វារ PPSE ក្នុងគោលបំណងផ្សព្វផ្សាយពីសិល្បៈសៀកខ្មែរឲ្យកាន់តែទូលំទូលាយទៅដល់ពិភពលោក ផ្តល់ឱកាសការងារឲ្យសិល្បករ សិល្បការិនីសៀកខ្មែរ និងឲ្យពួកគាត់ទទួលបានបទពិសោធន៍ ព្រមទាំងរៀនសូត្រពីបច្ចេកទេសសម្តែងជាមួយសិល្បករបរទេសផ្សេងទៀត។
នេះគឺជាឆ្នាំទី២ហើយ ដែល មហាស្រពសៀកអន្តរជាតិ«ទីនេះទីនោះ» ត្រូវបានរៀបចំឡើងនៅកម្ពុជា។ មហាស្រពសៀកអន្តរជាតិ«ទីនេះទីនោះ» នឹងធ្វើការសម្តែងនៅក្រុង៣ដាច់ដោយឡែកពីគ្នា។ ការបង្ហាញពីទស្សនីយភាពសៀក នៅភ្នំពេញ ចាប់ពីថ្ងៃទី៧-៩ខែឧសភា ខេត្តសៀមរាបពីថ្ងៃទី ១១-១៣ ខែឧសភា និងខេត្តបាត់ដំបង ពីថ្ងៃទី១៥-១៦ខែឧសភា។
សូមបញ្ជាក់ថា មុននឹងទស្សនីយភាពដ៏អស្ចារ្យនេះចាប់ផ្តើម ក៏មានការដង្ហែរក្បួនផ្សព្វផ្សាយតាមដងផ្លូវ នៅតាមបណ្តាក្រុងធំៗមួយចំនួនផងដែរ ដើម្បីឲ្យសាធារណជនចូលរួមគាំទ្រ និងលើកទឹកចិត្តដល់សិល្បករ និងសិល្បការិនីសៀកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com