កីឡាជាតិ
ជាតិ
Floyd-Pacquiao៖កាសែតបរទេសចាប់អារម្មណ៍រឿងនាយករដ្ឋមន្ត្រីខ្មែរចាញ់ភ្នាល់៥០០០ដុល្លារ
×
ការនិយាយក្រៅសន្ទរកថាជិត១០នាទីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនអស់ចិត្តលើការសម្រេចក្តីឲ្យ Floyd Mayweatherឈ្នះ Manny Pacquiaoនាជំនួប The Fight of the Century បានទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់បណ្តាញព័ត៌មានលើពិភពលោក។ ការលើកឡើងទាក់ទងនឹងចំនួនប្រាក់៥០០០ [លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ដុល្លារអាមេរិក ឬប្រាក់រៀល ឡើយ] ក្លាយជាចំណុចក្តៅរបស់បណ្តាញព័ត៌មាននានា។
«នែ!...អាឈ្នះ៥០០០ អញអត់ទាន់ទូទាត់ អត់ទាន់ឲ្យលុយទេ […] បើគិតតាមការភ្នាល់ពីម្សិល ខ្ញុំជំពាក់លោកឯង ប៉ុន្តែអញមិនឲ្យ ចាំទាមទារសិន...សូមផ្តាំទៅអាប៊ីតរបស់អាមេរិកសុំធ្វើការពន្យល់ថា តើមូលហេតុអ្វីបានជា Floyd ឈ្នះ»។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីមួយនៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ពោលគឺមួយថ្ងៃបន្ទាប់ពីចៅក្រម៣រូបដាក់ពិន្ទុឲ្យ Floyd ឈ្នះ Pacquiaoនាជំនួបប្រដាល់ដ៏ធំបំផុតក្នុងពិភពលោកលើសង្វៀនក្នុងក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។
ពាក្យ៥០០០ ដែលគេប៉ាន់ស្មានថា លោក ហ៊ុន សែន និយាយសម្តៅលើការភ្នាល់ចាញ់៥០០០ដុល្លារអាមេរិកនោះ បានផ្តល់នូវភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនមានប្រភពណាមួយបកស្រាយថា លោក ហ៊ុន សែន ដាក់ការភ្នាល់ជាមួយអ្នកណានោះឡើយ។
ព័ត៌មានបរទេសជាច្រើនទទួលបានព័ត៌មាននេះ ក្រោយការផ្សាយអត្ថបទជាភាសាអង់គ្លេសរបស់កាសែត The Cambodia Daily និងអត្ថបទរបស់ទីភ្នាក់ងារព័ត៌មាន AFP ជាដើម។ CNBC សារព័ត៌មានជំនាញសេដ្ឋកិច្ចដ៏ធំរបស់អាមេរិក បានផ្តើមអត្ថបទរបស់ខ្លួនដោយសរសេរថា ជ័យជម្នះរបស់ Floyd Mayweatherលើ Manny Pacquiaoធ្វើឲ្យមនុស្សជាច្រើនខាតបង់លុយ ក្នុងនោះមានលោក ហ៊ុន សែន ដែលជាមេដឹកនាំប្រទេសម្នាក់។
The Diplomat ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានដាក់ចំណងជើងថា «លោក ហ៊ុន សែន ប្រឆាំងនឹងការសម្រេចក្តីក្នុងជំនួប Pacquiao-Mayweather»។ កាសែតបានផ្តោតលើអំណះអំណាងផ្សេងៗរបស់លោក ហ៊ុន សែន ដែលបន្ទោសចៅក្រមអាមេរិក។
Today Online របស់សឹង្ហបុរី បានដកស្រង់អត្ថបទទាំងស្រុងរបស់ The Financial Times ដោយគ្រាន់តែចង់បញ្ជាក់ប្រាប់អ្នកអានរបស់ខ្លួនថា ទឹកប្រាក់៥០០០ដុល្លារអាមេរិក មានអាត្រាស្មើ៧៦០០ដុល្លារសឹង្ហបុរី។ ជាមួយគ្នានេះ សារព័ត៌មាន Metro News របស់បារាំង បានភ្ជាប់រឿងនេះទៅនឹងស្ថានភាពភ្នាល់ល្បែងផ្សេងៗនៅកម្ពុជា រួមមានកាស៊ីណូ និងទីតាំងភ្នាល់ខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់។
បន្ថែមលើព័ត៌មានដែលទទួលបានពី Cambodia Daily កាសែត The Telegraph ដែលមានបណ្តាញនៅជាច្រើនប្រទេសលើពិភពលោក បានដកស្រង់សម្តីលោក ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលបានលើកឡើងថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គឺជាការលេងសើចប៉ុណ្ណោះ។
រីឯ Business Insider បានកត់សម្គាល់កាលពីឆ្នាំ២០១១ ថា លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាស ថា គាត់មានប្រាក់ខែប្រមាណ៤,៦លានរៀលក្នុងមួយខែ។ ដូច្នេះ ការភ្នាល់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ អាចឲ្យលោកប្រឈមមុខនឹងការចោទប្រកាន់ពីសំណាក់គណបក្សប្រឆាំង ប៉ុន្តែបណ្តាញព័ត៌មានសេដ្ឋកិច្ចដ៏ល្បីមួយនេះ ភ្លេចគិតថា បក្សប្រឆាំង និងបក្សដឹកនាំរដ្ឋាភិបាល កំពុងអនុវត្តវប្បធម៌សន្ទនាជាមួយគ្នា។
The Inquirer របស់អង់គ្លេស បានដកស្រង់ព័ត៌មានពីភ្នាក់ងារ AFP ផង និង AP ផង ដើម្បីបង្ហាញអ្នកអានរបស់ខ្លួនថា បុរសដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាង៣០ឆ្នាំ បានភ្នាល់យក Pacquiao ប៉ុន្តែលោកមិនសងប្រាក់ភ្នាល់៥០០០ដុល្លារអាមេរិកដែលមានអាត្រាស្មើ ២២៣ ០០០ពើសូ របស់ហ្វីលីពីននោះឡើយ។
ជាមួយ ABS-CBN News របស់ហ្វីលីពីន ចង់បង្ហាញសារពិសេសថា នាយករដ្ឋមន្ត្រីខ្មែរអត់សងលុយដើម្បីប្រឆាំងនឹងការកាត់ក្តីដ៏អយុត្តិធម៌ បើទោះបីជា Pacquiao ផ្ទាល់បានសារភាពសារខ្លួនមានបញ្ហារបួសស្មាមុនការប្រកួតក៏ដោយ។
The Straits Times របស់ម៉ាឡេស៊ី បានដកស្រង់ព័ត៌មានទាំងស្រុងពី AFP ដោយភ្ជាប់រឿងនេះទៅនឹងការភ្នាល់ផ្សេងៗនៅកម្ពុជាដោយរាប់ចាប់តាំងពីការប្រកួតបាល់ទាត់អង់គ្លេស ដល់ការប្រជល់មាន់។ លោក ហ៊ុនសែន ជាអ្នកស្រឡាញ់កីឡាម្នាក់ជាពិសេសបាល់ទាត់ ហើយគាត់ក៏ធ្លាប់និយាយពីលទ្ធផលនៃការប្រកួតមួយចំនួនផងដែរ។
នៅមានកាសែតជាភាសាអង់គ្លេស និងបារាំងជាច្រើនទៀតដូចជាGMA News Online របស់ហ្វីលីពីនNDTV របស់ឥណ្ឌា United Press International (UPI), La Nouvelle Republique, 20Minutes.fr និង Le Parisienជាដើម។ កាសែត ឬវេបសាយទាំងនោះ ដឹកនាំចំណងជើងប្រហាក់ប្រហែលថា «Mayweather-Pacquiao៖ លោក ហ៊ុន សែន មិនទូទាត់លុយ៥០០០ដុល្លារអាមេរិកដែលភ្នាល់ប្រដាល់ចាញ់នោះឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com