សង្គមអន្តរជាតិ​
អន្តរជាតិ
ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ
17, May 2015 , 8:15 pm        
រូបភាព
បើទោះជា​បណ្តា​ប្រទេស​ជាច្រើន បានទទួល​ស្គាល់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា កែ​ភេទ ថា​ជា​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ តែ​ការរើសអើង​នៅតែមាន​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។ នៅ​ថ្ងៃទី១៧ ឧសភា នេះ​គឺជា​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ការប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា គឺជា​ភារកិច្ច​មួយ​របស់​សហ​ភាព​អឺរ៉ុប ហើយ​អ្នកណា ដែល​រើសអើង គឺជា​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ។



«ជា​ទិសដៅ​នៃ​គោលនយោបាយ​នេះ សហភាព​អឺរ៉ុប បេ្ត​ជ្ញា​លុបបំបាត់​ការរើសអើង​គ្រប់​រូបភាព ប្រឆាំងនឹង​បុគ្គល។ យើង​ធ្វើការ​នេះ ដើម្បី​ទ្រទ្រង់​សិទ្ធិមនុស្ស​របស់ បុរស​ស្រលាញ់​បុរស ស្ត្រី​ស្រលាញ់​ស្ត្រី មនុស្ស​ស្រលាញ់​ទាំង​ពីរភេទ មនុស្ស​កែ​ភេទ ព្រមទាំង​មនុស្ស​ភេទ​ពីរ ដែល​ពួកគេ​គួរតែ​អាច​រស់នៅ​ដោយ​រួច​ផុតពី​ការរើសអើង ដោយសារតែ​ការជ្រើសរើស​ផ្លូវភេទ និង​អត្តសញ្ញាណ​ជេន​ឌឺ​នេះ»។ នេះ​ជា​សំដី​របស់លោក​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង។

ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន និង​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​កែ​ភេទ លោក កូ​តាំង បាន​បញ្ជាក់ថា «យើងទាំងអស់គ្នា មានការ​ព្រួយបារម្ភ​អំពី​ការជ្រើសរើស​ផ្លូវភេទ និង​អត្តសញ្ញាណ​ជេន​ឌឺ ដើម្បី​សម្រប​ច្បាប់ ដល់​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក»។

ក្រៅពី​រៀបចំ​ការជួបជុំ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្ន​កែ​ភេទ​នៅ​គេហដ្ឋាន​របស់លោក កូ​តាំង ហើយ​នោះ នៅថ្ងៃនេះ ប្រតិភូ​សហភាព​អឺរ៉ុប និង​ស្ថាន​អគ្គរដ្ឋទូត​នៃ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប ក៏បាន​បង្ហោះ​ទង់​ឥ​ន្ធ​នូ​នៅក្នុង​ឳ​កាស ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង​កែ​ភេទ នៅ​ថ្ងៃទី១៧ ឧសភា​នេះ​ផងដែរ។

គួរ​បញ្ជាក់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​តំបន់​មួយចំនួន​នៃ​ពិភពលោក ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ និង​អ្នក​ស្រលាញ់​ទាំងពីរ​ភេទ បាន​ពុះពារ​ដើម្បី​ទទួល​សិទ្ធិ​ស្មើគ្នា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ ប៉ុន្តែ​នៅ​តំបន់​មួយចំនួនទៀត ពួកគេ​នៅតែ​ត្រូវបាន​គេ​រើសអើង និង​ទទួលរង​អំពើហិង្សា ដោយសារ​ការជ្រើសរើស​បញ្ហា​ផ្លូវភេទ និង​អត្តសញ្ញាណ​ជេន​ឌឺ។ នៅ​ប្រទេស​ជាច្រើន ទំនាក់ទំនង​ផ្លូវភេទ​រវាង​មនុស្ស​ភេទ​ដូចគ្នា​ក្នុងចំណោម មនុស្សពេញវ័យ​ដែល​ចេះ​គិតពិចារណា នៅតែ​ត្រូវបាន​រើសអើង ហើយ​អនុវត្ត​ដាក់ពន្ធនាគារ ឫ​ខ្លះ​ដល់​ថ្នាក់​ប្រហារជីវិត​ផង​ក៏មាន៕


© រក្សាសិទ្ធិដោយ thmeythmey.com