សង្គមអន្តរជាតិ
អន្តរជាតិ
ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ 
×![]()
បើទោះជាបណ្តាប្រទេសជាច្រើន បានទទួលស្គាល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា កែភេទ ថាជាសិទ្ធិមនុស្សយ៉ាងណាក៏ដោយ តែការរើសអើងនៅតែមានសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា។ នៅថ្ងៃទី១៧ ឧសភា នេះគឺជាថ្ងៃប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា ការប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា គឺជាភារកិច្ចមួយរបស់សហភាពអឺរ៉ុប ហើយអ្នកណា ដែលរើសអើង គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
«ជាទិសដៅនៃគោលនយោបាយនេះ សហភាពអឺរ៉ុប បេ្តជ្ញាលុបបំបាត់ការរើសអើងគ្រប់រូបភាព ប្រឆាំងនឹងបុគ្គល។ យើងធ្វើការនេះ ដើម្បីទ្រទ្រង់សិទ្ធិមនុស្សរបស់ បុរសស្រលាញ់បុរស ស្ត្រីស្រលាញ់ស្ត្រី មនុស្សស្រលាញ់ទាំងពីរភេទ មនុស្សកែភេទ ព្រមទាំងមនុស្សភេទពីរ ដែលពួកគេគួរតែអាចរស់នៅដោយរួចផុតពីការរើសអើង ដោយសារតែការជ្រើសរើសផ្លូវភេទ និងអត្តសញ្ញាណជេនឌឺនេះ»។ នេះជាសំដីរបស់លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ហ្សង់ហ្វ្រង់ស័រ កូតាំង។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន និងចំថ្ងៃប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា និងកែភេទ លោក កូតាំង បានបញ្ជាក់ថា «យើងទាំងអស់គ្នា មានការព្រួយបារម្ភអំពីការជ្រើសរើសផ្លូវភេទ និងអត្តសញ្ញាណជេនឌឺ ដើម្បីសម្របច្បាប់ ដល់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅទូទាំងពិភពលោក»។
ក្រៅពីរៀបចំការជួបជុំអ្នកស្រលាញ់ភេទដូចគ្នា អ្នកែភេទនៅគេហដ្ឋានរបស់លោក កូតាំង ហើយនោះ នៅថ្ងៃនេះ ប្រតិភូសហភាពអឺរ៉ុប និងស្ថានអគ្គរដ្ឋទូតនៃរដ្ឋសមាជិកសហភាពអឺរ៉ុប ក៏បានបង្ហោះទង់ឥន្ធនូនៅក្នុងឳកាស ទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា និងកែភេទ នៅថ្ងៃទី១៧ ឧសភានេះផងដែរ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងតំបន់មួយចំនួននៃពិភពលោក ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកកែភេទ និងអ្នកស្រលាញ់ទាំងពីរភេទ បានពុះពារដើម្បីទទួលសិទ្ធិស្មើគ្នា មានការកើនឡើងគួរឲ្យកត់សម្គាល់។ ប៉ុន្តែនៅតំបន់មួយចំនួនទៀត ពួកគេនៅតែត្រូវបានគេរើសអើង និងទទួលរងអំពើហិង្សា ដោយសារការជ្រើសរើសបញ្ហាផ្លូវភេទ និងអត្តសញ្ញាណជេនឌឺ។ នៅប្រទេសជាច្រើន ទំនាក់ទំនងផ្លូវភេទរវាងមនុស្សភេទដូចគ្នាក្នុងចំណោម មនុស្សពេញវ័យដែលចេះគិតពិចារណា នៅតែត្រូវបានរើសអើង ហើយអនុវត្តដាក់ពន្ធនាគារ ឫខ្លះដល់ថ្នាក់ប្រហារជីវិតផងក៏មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com