មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) លើផ្ទៃដី៣០ហិកតា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សាបោះដុំដ៏ធំ នៅក្នុងរាជធានីភ្នំពេញ។ ផ្សារបោះដុំនេះ មិនត្រឹមនាំមកនូវកសិផលនិងទំនិញមានគុណភាពល្អ ជាមួយតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ជួយជំរុញកសិផល និងទំនិញផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិដែរ។
លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារដើមគរថ្មី បានប្ដេជ្ញាប្រែក្លាយផ្សារដើមគរថ្មីនេះ ទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន នាថ្ងៃអនាគត។ ក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្សារដើមគរថ្មី នាថ្ងៃទី២៧មេសា លោក សៀក លូភីង និយាយថា៖«ការប្តេជ្ញារបស់ខ្ញុំនាពេលនេះ គឺដើម្បីផលប្រយោជន៍ទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ រវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនក្នុងតំបន់អាស៊ានផងដែរ ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។
ពិធីសម្ពោធផ្សារដ៏ធំនៅរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយនឹង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក វ៉ាង វិនធាន បានបង្ហាញក្ដីសង្ឃឹម ចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិនេះ នឹងបម្រើការដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស រួមចំណែកដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជានិងចិន។
«កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម រវាងកម្ពុជានិងចិន បានទទួលលទ្ធផលជាផ្លែផ្កាច្រើន ហើយប្រទេសចិន បានបន្តជាដៃគូពាណិជ្ជកម្មធំបំផុត និងប្រទេសវិនិយោគធំបំផុតនៅកម្ពុជា»។ នេះជាការលើកឡើងរបស់ លោក វ៉ាង វិនធាន ដែលមើលឃើញពីកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺដើរស្របនឹងនិន្នាការ នៃការបង្កើនកិច្ចសហប្រតិបត្តិការជាក់លាក់ រវាងកម្ពុជា និងចិន។
មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ជាគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដ៏សំខាន់នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ ដើរតួនាទីសំខាន់ក្នុងការនាំចេញ-នាំចូលកសិផល និងរក្សាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ លើសពីនេះ ផ្សារមួយនេះ នឹងដើរតួនាទីក្នុងការបង្កើនទំហំពាណិជ្ជកម្ម នៃកសិផលកម្ពុជា ឱ្យក្លាយទៅជាមជ្ឈមណ្ឌលចែកចាយកសិផល។
«នេះនឹងអំណោយផលដល់ការផ្សព្វផ្សាយកសិផលកម្ពុជា ដ៏មានគុណភាពល្អៗទៅដល់តំបន់ផ្សេងៗ លើពិភពលោក»។ លោក ឃួង ស្រេង បានអះអាងបែបនេះ ដោយមើលឃើញថា ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ អាចជំរុញដល់ទំនើបកម្មនៃទីក្រុងភ្នំពេញ។
លោកបន្តនិយាយយ៉ាងដូច្នេះ៖ «តាមរយៈរៀបចំផ្សារឱ្យបានសមស្រប និងត្រឹមត្រូវ ទំនិញដែលធូរថ្លៃ និងមានគុណភាពខ្ពស់ នឹងលើកកម្ពស់កម្រិតពាណិជ្ជកម្មនៃផ្សារបោះដុំធំនៅភ្នំពេញ យ៉ាងមានប្រសិទ្ធភាព ហើយអាចសម្រួលភាពស្ទះចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថានរាជធានីភ្នំពេញ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍ផ្សារថ្មីនេះ»។
គួរជម្រាបថា ផ្សារដើមគរថ្មី មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ផ្សារនេះត្រូវបានសាងសង់រួចក្នុងដំណាក់កាលទី១ ដោយមានស្តង់លក់ដូរ ចំនួន ៦ ០០០ ស្តង់។ ផ្សារបោះដុំធំជាងគេនៅកម្ពុជានេះ គឺអាចផ្ទុកទំនិញបានដល់៦ម៉ឺនតោន ហើយនឹងមានផលិតផលក្នុងស្រុក(កម្ពុជា) និងផលិតផលនាំចូលពីប្រទេសនានា ពិសេសពីប្រទេសវៀតណាម ថៃ និងចិនជាដើម៕