ជាតិ
បទវិភាគ
បើ​លោក ហ៊ុន សែន ទម្លាក់​លោក កឹម សុខា ពី​អនុប្រធានរដ្ឋសភា តើ​លោក​ទាំងពីរ​នរណា​ជា​អ្នក​ចំណេញ?
20, May 2015 , 5:13 pm        
រូបភាព
ដោយ:
 រាប់ទាំង​សារ​ព្រមាន​ដកតំណែង​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធានរដ្ឋសភា កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ ទៀត សរុបទៅ ៤ លើក​ហើយ ដែល​លោក ហ៊ុន សែន បង្ហាញ​ផែនការ​ចង់​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​នេះ។ ហេតុផល​របស់លោក ហ៊ុន សែន នៅតែ​ដដែល គឺ​ដោយសារតែ​លោក កឹម សុខា នៅតែ​បន្ត​ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​លោកនាយក​រដ្ឋមន្ត្រី ព្រមាន​លោក កឹម សុខា ប៉ុន្មាន​ដង​ទៀត ទើប​សម្រេច​ប្រើ​សន្លឹកឆ្នោត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទ​ម្លា​ក់​លោក កឹម សុខា? ឬ​លោក​គ្រាន់តែ​កម្លា​ឲ្យ​លោក កឹម សុខា ព្រឺ​ឆ្អឹងខ្នង​ទេ?ប្រសិនបើ​លោក ហ៊ុន សែន ទម្លាក់​លោក កឹម សុខា មែន តើ​រវាង​លោក​ទាំងពីរ​អ្នកណា​ជា​អ្នក​ចំណេញ?



សូមស្តាប់លោក ជា ធីរិទ្ធ



ចេតនា​ចង់​ដក​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា នៅតែមាន​នៅក្នុង​សន្តាន​ចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ជានិច្ច។ សម្រាប់ លោក ហ៊ុន សែន ប្រសិនបើ​លោក កឹម សុខា នៅតែ​រឹងទទឹង​និយាយ​ពាក្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់ខ្លួន​ទៀត ទំនងជា​លោក​មិន​សុខចិត្ត​ឲ្យ​លោក កឹម សុខា នៅ​បន្ត​កាន់តំណែង​ជា​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា បានយូរ​នោះទេ។

សារ​ព្រមាន​ដកតំណែង​លោក កឹម សុខា ចេញពី​អនុប្រធានរដ្ឋសភា បាន​ចេញពី​មាត់​របស់លោក ហ៊ុន សែន ជា​ញឹកញាប់។ លោក ហ៊ុន សែន ព្រមាន​លោក កឹម សុខា តាំងពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥ ។ ក្រោយ​លោក កឹម សុខា អង្គុយ​កៅអី​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា មិនបាន​ប៉ុន្មាន​ខែ​ផង នៅ​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៤ ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​តិច​ណូ លោក ហ៊ុន សែន បាន​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​ជា​លើកដំបូង ក្រោម​ហេតុផល​ថា លោក កឹម សុខា ជេរប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា និង​រូបលោក។ ហេតុផល​ដដែល​នេះ លោក ហ៊ុន សែន ក៏​បន្ត​ព្រមាន​ដកតំណែង​លោក កឹម សុខា ទៀត នៅ​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៤ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ខ្មែរ​ជំនាន់​ថ្មី និង​នៅ​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ  ២០១៥ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេង​ដូងរបស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅ​ខេត្ត​ព្រះសីហនុ។ ហើយ​លោក​ទី ៤ នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥ កន្លងទៅថ្មីៗនេះ។

តើ​សារ​ព្រមាន​របស់លោក ហ៊ុន សែន ម្តង​ជា​ពីរដង ពីរដង​ជា​បី​ដង បី​ដង​ជា​បួន​ដង​នេះ លោក ហ៊ុន សែន ពិត​ជាមាន​ចេតនា​ពិតប្រាកដ​ចង់​ទម្លាក់​លោក កឹម សុខា មែន​ទេ? ឬក៏​លោក​គ្រាន់តែ​កម្លា​លោក កឹម សុខា ឲ្យ​ព្រឺ​ឆ្អឹងខ្នង តាមតែ​ចិត្ត​ខឹង​របស់ខ្លួនម្តងៗប៉ុណ្ណោះ? លោក ហ៊ុន សែន នរណា​ក៏​ដឹង​ដែរ​ថា លោក គឺជា​អ្នកនយោបាយ​ដែល​ចិត្តដាច់ និង​មិន​ឲ្យ​នរណា​នៅ​ពីលើ​លោក​បាន​នោះទេ។ អ្នកវិភាគ​ខ្លះ​យល់ថា មិនយូរ​ឡើយ លោក ហ៊ុន សែន នឹង​ប្រើ​សន្លឹកឆ្នោត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាក់​លោក កឹម សុខា ពី​តំណែង​អនុប្រធានរដ្ឋសភា​មុន​អាណត្តិ​ជាមិនខាន ពីព្រោះ​លោក កឹម សុខា ជា​អ្នកនយោបាយ ដែល​មិនសូវ​ចុះសម្រុង​ជាមួយ​លោក ហ៊ុន សែន តាំងពីដើម​រៀងមក។ លើសពីនេះ​ទម្លាប់​រិះគន់​លោក ហ៊ុន សែន របស់លោក កឹម សុខា កន្លងមក មិនអាច​ឲ្យ​លោក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ នៅ​សុខ មិន​និយាយ​ប៉ះពាល់​ដល់​លោក ហ៊ុន សែន ដើម្បី​គោរព​តាម​វប្បធម៌​សន្ទនា​គ្នា​ដូច​លោក សម រង្ស៊ី នោះឡើយ។

តែ​យ៉ាងណាក៏ដោយ ប្រសិនបើ​លោក ហ៊ុន សែន ហ៊ាន​ប្រើ​អំណាច​ដក​លោក កឹម សុខា ចេញពី​តំណែង​ជា​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា​មែន​នោះ អ្នក​ដែល​ចំណេញ​ខ្លាំង​មិនមែន​លោក ហ៊ុន សែន​ទេ គឺ​លោក កឹម សុខា ឯណោះ​ទេ ដែលជា​អ្នក​ចំណេញ​ក្នុង​ឈុត​ឆាក​នេះ។ ពីព្រោះថា បើ​លោក ហ៊ុន សែន ដកតំណែង​លោក កឹម សុខា មែន ទាំង​សហគមន៍ជាតិ និង​អន្តរជាតិ នឹង​បើកភ្នែកធំៗសំឡឹងមើល​មក​រដ្ឋាភិបាល​បច្ចុប្បន្ន​ជាពិសេស​លោក ហ៊ុន សែន ក្នុង​រូបភាព​មិនល្អ។ តាមពិតទៅ បើ​មើល​លើ​តំណែង​លោក កឹម សុខា បច្ចុប្បន្ន​ជា​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា មិនសូវ​មានតម្លៃ​ប៉ុន្មាន​នោះឡើយ ពេលខ្លះ​ចាញ់​ទាំង​តំណែង​ប្រធាន​គណៈកម្មការ​នៃ​រដ្ឋសភា​ទៅទៀត គ្រាន់តែ​រូបភាព​ខាងក្រៅ​មើលទៅ​ដូចជា​គ្រាន់បើ​តែប៉ុណ្ណោះ។ ម្យ៉ាងទៀត តំណែង​នេះ លោក កឹម សុខា មិន​ធ្លាប់មាន​ពីមុនមក ហើយ​មើលទៅ​ដូចជា មានមុខមាត់​គួរសម​ដែរ ចង់​មិន​ចង់​លោក កឹម សុខា ក៏​ដក់​ចិត្តនឹង​តំណែង​នេះ​ខ្លះ​ដែរ ។

ក្រោយពី​សារ​ព្រមានជារឿយៗពី​សំណាក់​លោក ហ៊ុន សែន លោក កឹម សុខា ក៏​ទំនងជា​ចង់​ចេញពី​តំណែង​នេះដែរ ។ តែ​ប្រសិនបើ​លោក កឹម សុខា ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង មិនសូវ​ចំណេញ​នយោបាយ​ប៉ុន្មាន​សម្រាប់​រូបលោក និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ។ម្លោះ​ហើយ​លោក កឹម សុខា នៅ​បន្តធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្តៅសោតា ហើយ​ទ្រាំមិនបានបណ្តេញ​លោក កឹម សុខា ចេញពីតំណែង៕


© រក្សាសិទ្ធិដោយ thmeythmey.com