អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក៖កិច្ចសហការ​រវាង​អ.ស.ប​និង​រដ្ឋ​នៅ​អាស៊ី​ធានា​និរន្តរភាព​នៃ​ការរក្សា​សន្តិភាព​សាកល
27, May 2015 , 4:15 pm        
រូបភាព

បច្ចុប្បន្ន​ជម្លោះ​ប្រដាប់អាវុធ​និង​សង្គ្រាមស៊ីវិល​បន្ត​កើនឡើង​នៅ​តំបន់​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ប៉ុន្តែ​សម្រាប់​អាស៊ី​ប៉ាស៊ីហ្វិក​អាច​រក្សាបាន​សន្តិភាព និង​ស្ថិរភាព ព្រមទាំង​ជួយ​គាំទ្រ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​យ៉ាងសកម្ម​ទៀត។ ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​ការរក្សា​សន្តិភាព​តំបន់ និង​ចូលរួម​រក្សា​ស​និ្ត​ភាព​សាកល វា​ចាំបាច់​ត្រូវមាន​កា​រប​ង្កើ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ​និង​ប្រទេស​ក្នុង​តំបន់។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



បន្ទាប់ពី​អន្តរាគមន៍​ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា អង្គការសហប្រជាជាតិ​ជាពិសេស​ប្រតិបត្តិ​ការរក្សា​សន្តិភាព​សាកល​បាន​ជួយ​បញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស​ទី​ម័​រ​ខាងកើត​ផងដែរ។ បើ​និយាយ​ទៅ​អន្តរាគមន៍​របស់​អង្គការសហប្រជាជាតិ​ក្នុង​ជម្លោះ​ទី​ម័​រ​ខាងកើត ជា​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ចុងក្រោយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ បច្ចុប្បន្ន គេ​មិនទាន់មាន​ជម្លោះ​ប្រដាប់អាវុធ ឬ​សង្គ្រាមស៊ីវិល​ថ្មី​ផ្ទុះឡើង​ដែល​បង្ក​មហន្តរាយ​មនុស្សជាតិ និង​បង្ក​អសន្តិសុខ អស្ថិរភាព​នៅក្នុង​តំបន់​នោះទេ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ការបង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​រដ្ឋ​ដែលមាន​ឆន្ទៈ​ចង់​ចូលរួម​សកម្មភាព​រក្សា​សន្តិភាព​ពិភពលោក និង​ស្ថាប័ន​អង្គការសហប្រជាជាតិ​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​នាពេល​បច្ចុប្បន្ន។ ការជំរុញ​និង​លើក​កម្ពុជា​ទំនាក់ទំនង​រវាង​រដ្ឋ​ដែល​សកម្ម​ក្នុង​តំបន់​ក្នុង​ការរក្សា​សន្តិភាព ឬ រដ្ឋ​ថ្មីថ្មោង​ដែល​ចង់​ចូលរួម​ចែករំលែក​ការទទួលខុសត្រូវ ក្នុងការ​បង្កើត​ស​និ្ត​ភាពជា​មួយ​ស្ថាប័ន​ជំនាញ​ដូចជា​អង្គការសហប្រជាជាតិ​នោះ​ជា​រឿង​ដែល​សំខាន់បំផុត។

ដូច​ឃើញស្រាប់ រដ្ឋ​ខ្លះ​ចង់​ចូលរួមចំណែក ប៉ុន្តែ​ពួកគេ​នៅ​ខ្វាយខ្វល់​ពី​សមត្ថភាព និង​កម្រិត​នៃ​ការចូលរួម តើ​ពួកគេ​អាច​ចូលរួម​ដូចម្តេច និង​ស្ថិតក្នុង​កម្រិតណា។ ក្នុងនាម​ជា​អ្នក​ជួយ​ជ្រោមជ្រែង​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុងការ​បន្ត​ការប្រឹងប្រែង​បង្កើត​សន្តិភាព​ជូន​ប្រជាជន​ពិភពលោក​សហរដ្ឋអាមេរិក​យល់ថា​គម្លាត​រវាងរ​ដ្ឋ​ដែលជា​អ្នកចូលរួម​និង​ស្ថាប័ន អង្គការ​ស​ប្រជាជាតិ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ដោះស្រាយ។ ទំនាក់ទំនង​កាន់តែ​ជិតដិត​គ្នា​រវាង​រដ្ឋ​និង​អង្គការសហប្រជាជាតិ នឹង​ជួយ​ធានា​ពី​ភាពជោគជ័យ​នៃ​ការរៀបចំ​ផែនការ ដែល​ធានា​ពី​និរន្តរភាព​សកម្មភាព​រក្សា​សន្តិភាព​ពិភពលោក។

ជុំវិញ​បញ្ហា​នេះ លោកស្រី​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក Victoria Holt បាន​សង្កត់ធ្ងន់ថា ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្នុង​តំបន់ ឬ​ពិភពលោក​ឲ្យ​ប្រសើរ មាន​ប្រសិទ្ធភាព​និង​ធានាថា​រដ្ឋ​ទាំងអស់​មានលទ្ធភាព​ចូលរួម​សកម្ម​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក វា​ចាំបាច់​ណាស់​ត្រូវ​មានការ​ធ្វើ​រួមគ្នា​និង​សហការគ្នា​កាន់តែ​ជិតស្និទ្ធ។ លោកស្រី​បាន​សង្កត់ធ្ងន់ថា​សហរ​ដ្ឋ​អាមេរិក​បន្ត​ជួយ​ជ្រោមជ្រែង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ជួយ​ជំរុញ​ការសហការ​គ្នា​រវាង​អង្គការសហប្រជាជាតិ​និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅពេល​ខាងមុខ​ទៀត។

គួរ​បញ្ជាក់ថា គេ​មិនឃើញ មាន​ជម្លោះ​ប្រដាប់អាវុធ​ឬ​សង្គ្រាម​ថ្មី​ណាមួយ​ផ្ទុះឡើង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ។ នេះ​ជាស​ញ្ញា​វិជ្ជមាន​មួយ​ដែល​បញ្ជាក់ថា តំបន់​នេះ​មិន​ត្រូវការ​កងកម្លាំងរ​ក្សា​សន្តិភាព​ពិភពលោក​នោះទេ។ដោយសារ​គ្មាន​ជម្លោះ ប្រទេស​ជាច្រើន​បានបង្ហាញ​ឆន្ទៈ ក្នុង​សកម្មភាព​រក្សា​សន្តិភាព​ជាមួយ​អង្គការ​ស​ប្រជាជាតិ​តាមរយៈ​ការ​ផ្តល់ជំនួយ និង​បញ្ជូន​កងទ័ព​ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com