ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយ​មរណភាព​លោក ជា ស៊ីម លោក ស ខេង និង​លោក សាយ ឈុំ ឡើង​ងារ​ជា «សម្តេច»
14, Jun 2015 , 12:33 pm        
រូបភាព
ដោយ:

ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ប្រទាន​គោរមងារ​ដល់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ពីររូប គឺ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១៤ ខែមិថុនា ព្រះបាទ សម្តេច នរោត្តម សីហមុនី បាន​ប្រទាន​គោរមងារ​ដល់​លោក ស ខេង ឡើងជា «សម្តេច​ក្រឡាហោម ស ខេង» រីឯ​លោក សាយ ឈុំ មាន​ងារ​ជា «ស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ»។



ថ្វី​ដ្បិ​តែ​ព្រះរាជក្រឹត្យ​ចេញពីរ​ដាច់ដោយឡែក​ពីគ្នា​មែន តែ​ព្រះរាជក្រឹត្យ​ទាំងពីរ​នោះ មាន​ខ្លឹមសារ​ដូចគ្នា ដោយ​ខុស តែ​ឈ្មោះ និង​ងារ​ប៉ុណ្ណោះ។ ក្នុង​ព្រះរាជក្រឹត្យ​ដដែល​នោះ ព្រះមហាក្សត្រ បាន​សរសើរ​ លោក សាយ ឈុំ និង​លោក ស ខេង យ៉ាងនេះ​ថា៖ «ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ បាន​ជួយ​ដឹកនាំ​ប្រទេស​ក​ម្ព​ជា តាម​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ ១៩៩៣ បាន​ចូលរួម​កសាង​ប្រព័ន្ធ​ច្បាប់ សម្រាប់​ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​សង្គមជាតិ ទទួលបាន​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​ប្រជាធិបតេយ្យ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ ព្រមទាំង​រក្សា បាន​នូវ​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី» ។

ព្រះមហាក្សត្រ ចាត់ទុក​លោក ស ខេង និង​លោក សាយ ឈុំ ថា ជា​អ្នកដឹកនាំ​ឆ្នើម ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ មាន​ស្វាមីភក្តិ​ចំពោះ​រា​ជប​ល័​ង្គ ការពារ​នឹង​គោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌​សង្គម​ដើម្បី​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមបញ្ជាក់ថា លោក ស ខេង និងលោក សាយ ឈុំ ទទួលបានគោរមងារជាសម្តេចពីព្រះមហាក្សត្រនេះ បន្ទាប់ពីលោក ជា ស៊ីម ដែលមានងារ ជាសម្តេចអគ្គមហាធម្មពោធិសាលនិងជាប្រធានគណបក្ស​ប្រជាជនកម្ពុជាទទួល​មរណកាលពីថ្ងៃទី ០៨ ខែមិថុនា កន្លង​ទៅ​។ ហើយវាជាពេលដែលគណបក្សប្រជាជនកម្ពុជា គ្រោង​នឹងបើ​កមហាស​ន្និបាតរើស​ប្រធាន និង​អនុប្រធានបក្ស​ថ្មីផងដែរ។ លោក ហ៊ុន សែន ប្រាកដច្បាស់ហើយ​នឹងក្លាយជាប្រធាន​បក្ស រីឯ សាយ ឈុំ និង ស ខេង ដែលទើបឡើង​ងារ​ជា សម្តេច ថ្មី​ថ្មោង​នេះ ក្នុង​ចំណោម​លោក​ទាំង​ពីរ​​អាចនឹងមានអ្នក​ណា​មួយ​ជាប់​ជា​អនុ​ប្រធា​នបក្ស​៕





© រក្សាសិទ្ធិដោយ thmeythmey.com