ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា​រកឃើញ​ស្រះ​ទឹក៣ទៀត​កំបាំង​ក្នុងព្រៃ ដែល​ជីក​ដោយ​វៀតណាម
14, Jun 2015 , 4:25 pm        
រូបភាព
រូបភាពស្រះទឹកជីកដោយវៀតណាម ក្នុងខេត្តរតនៈគិរី ដែលក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទៅពិនិត្យកាលពីពេលកន្លងទៅ
រូបភាពស្រះទឹកជីកដោយវៀតណាម ក្នុងខេត្តរតនៈគិរី ដែលក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទៅពិនិត្យកាលពីពេលកន្លងទៅ
ដោយ:
 
ភ្នំពេញ៖ នៅ​ថ្ងៃទី១៤ មិថុនា​នេះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​កំណត់​ទូត​មួយ​ថ្មី​ទៀត​ផ្ញើ​ទៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ដើម្បី​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់​ការជីក​ស្រះ​ក្នុង​ទឹកដី​កម្ពុជា។ កំណត់​ទូត​ក្រសួង​បាន​បញ្ជាក់ថា ក្រុមការងារ​ព្រំដែន​កម្ពុជា និង​អាជ្ញាធ​ខេត្តរតនគិរី បាន​រកឃើញ​ស្រះ​ទឹ​ចំនួន ៣បន្ថែមទៀត ដែល​កំបាំង​ក្នុងព្រៃ ដែល​ជីក​ដោយ​វៀតណាម។



កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​សរសេរ​បញ្ជាក់ប្រាប់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ច្បាស់​ថា ស្រះ​ទឹក​ចំនួន៣ បន្ថែមទៀត ដែល​កំបាំង​ក្នុងព្រៃ ដែល​វៀតណាម​បាន​ជីក​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣០ និង​លេខ៤០ ស្ថិតនៅក្នុង​ក្នុងភូមិ​ឡំ ស្រុក​ប៉ក់​ញ៉ៃ​ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​ទៀតផង។ការអះអាង​ត្រូវបាន​ធ្វើឡើង​ដោយយោង​លើ​ផែនទី​បោ​ន​ខ្នាត ១/១០០.០០០ ។

ស្រះ​ទឹក​ទាំង៣ មាន​ទំហំខុសគ្នាៗ ដែល​ក្នុងនោះ ស្រះ​ទឹក​ទីមួយ មាន​ទំហំ ១២ម​គុណ១៨ម ស្រះ​ទី​ពីរ​​ទំ​ហំ ១៤,៥ម​គុណ១៧ម និង​ស្រះ​ទឹក​ទី​បី ១០ម​គុណ២៤,៥ម។ ស្រះ​ទឹក​ទាំង ​៣នេះ មាន​ទំហំ​ធំ​ជាង​ស្រះ​ទឹក​ចំនួន ៥ដែល​ក្រសួង​រកឃើញ​កន្លងមក ត្រឹម​តែ ៥ម​គុណ១៣ម ប៉ុណ្ណោះ។ កំណត់​ទូត​សរសេរ​បញ្ជាក់ថា៖«ស្រះ​ទឹក​ទី១ មាន​ចំងាយ​ប្រមាណ ៣១៥ម ​ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី២ មាន​ចំងាយ​ប្រមាណ៤២៥ម ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី៣ ចំងាយ​ប្រមាណ៣៩០ម​ពី​ខ្សែ​ព្រំដែន»។​

ក្រសួងការបរទេស​បាន​ស្នើ​តាមរយៈ​កំណ​ត​ទូត​ដល់​រដ្ឋាភិបាល​វៀត​ណា​ម​ឲ្យ​គោរព​តាម​ខ្សែ​ព្រំដែន​នៃ​ផែនទី បោ​ន​ខ្នាត ១/១០០.០០០ ដែលជា​មូល​ដ្ឋា​នៃ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ បន្ថែម​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដែល​កំណត់​ពី​ព្រំដែន​គោក​រវាង ប្រទេស​កម្ពុជា និង​វៀតណាម។

គួររម្លឹកថា កាលពី​ថ្ងៃទី១២មិថុនា​កន្លងមកនេះ​ក្រសួងការបរទេស​កម្ពុ​ជា​ក៏បាន​ធ្វើ​កំណត់​ទូត​មួយ​ផ្ញើ​ទៅ​ស្ថានទូត​វៀតណាម​ដើម្បី​ប្រាប់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់​ការជីក​ស្រះ​ទឹក ចំនួន ៥ ក្នុង​ទឹកដី​កម្ពុជា​ម្តង​ដែរ។ ស្រះ​ទឹក​ទាំង៥មាន​ទំហំមួយៗ ៥ម​គុណ១៣ម​ដែល​ស្រះ​ទឹក​ទី១ និង​ទី២ ជី​ជាប់​គ្នា​មាន​ចំងាយ​ប្រមាណ៣៨០ម ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី៣ ចំងាយ​ប្រមាណ៣៩០ម​ពី​ខ្សែ​ព្រំដែន។ ស្រះ​ទឹក​ទី៤ ចំងាយ​ប្រមាណ៥៤៥ម ពី​ខ្សែ​ព្រំដែន​និង​ស្រះ​ទឹក​ទី៥ ចំងាយ​ប្រមាណ ៤៧០ម ពី​ខ្សែ​ព្រំដែន។

គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​សំណុំរឿង​ដែល​អាជ្ញាធរ​វៀតណាម​ជីក​ស្រះ​ទឹក​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ខេត្តរតនគិរី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏បាន​ប្រាប់​ត្រង់​ទៅ​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុ​ម្មុយ​នី​ស​វៀតណាម លោក ឡេ ហុង​អា​ញ់​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​រួច​ម្តង​ហើយ​ដែរ​ថា ឲ្យ​វៀតណាម​រក្សា​ភាពស្ងប់ស្ងាត់​នៅតាម​តំបន់​ព្រំដែន​ជាពិសេស​ព្រំដែន​ខេត្តរតនៈគិរី៕


© រក្សាសិទ្ធិដោយ thmeythmey.com