ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល៖ ការចោទប្រកាន់​ពី​ការបាត់​ទឹកដី​នៅ​ច្រក​ភ្នំ​ដិ​ន​របស់​CNRP ធ្វើ​ឲ្យ​ខូចប្រយោជន៍​ជាតិ
16, Jun 2015 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ការចោទប្រកាន់​របស់​តំណាងរាស្ត្រ​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មកលើរដ្ឋាភិបាល​របស់លោកថា ធ្វើ​ឲ្យ​បាត់​ទឹកដី​នៅ​ច្រកព្រំដែន​ភ្នំ​ដិ​ន ខេត្តតាកែវ​នោះ គឺជា​សកម្មភាព​ធ្វើ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ និង​ផ្ទុយ​ពី​ការពិត។ ប្រតិកម្ម​របស់លោក ហ៊ុន សែន ធ្វើឡើង​តាមរយៈ​លិខិត​របស់ខ្លួន​ចុះ​ថ្ងៃទី ១២ ខែមិថុនា ដែល​ផ្ញើ​ទៅ​ប្រធានរដ្ឋសភា ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់លោក អ៊ុំ សំអាន។



លោក ហ៊ុន សែន បានចាត់ទុក​ការចោទប្រកាន់​របស់លោក អ៊ុំ សំអាន ថា ជា​រឿងដដែលៗ និង​ធ្វើ​ឲ្យ​ខូចខាត​ប្រយោជន៍​របស់​ប្រទេសជាតិ។ លិខិត​របស់ខ្លួន​ផ្ញើ​ទៅ​លោក ហេង សំរិន ឲ្យ​ប្រាប់​ទៅ​លោក អ៊ុំ សំអាន នៅ​ថ្ងៃទី ១២ ខែមិថុនា លោក ហ៊ុន សែន បញ្ជាក់​ដូច្នេះ​ថា៖« ការលើកឡើង​របស់លោក អ៊ុំ សំអាន ថា វៀតណាម​បាន​រំកិល​ព្រំដែន​ចូលក្នុង​ទឹកដី​កម្ពុជា ប្រមាណ ១២៧០ ពី​ព្រែក​វិញ​តេ នៅ​ច្រក​ភ្នំ​ដិ​ន នាពេលនេះ ពុំមាន​អ្វី​ថ្មី​នោះទេ ព្រោះថា ការលើកឡើង​នេះ កើតឡើង​តាំងពី​ឆ្នាំ ២០០៥ មក​ម្លេះ  ដែល​កាលនោះ និស្សិត អ៊ុំ សំអាន បាន​កាន់​ក្បាល​មេក្រូ​ស្រែក​ចោទប្រកាន់ធ្ងន់ៗថា រាជរដ្ឋាភិបាល​លោក ហ៊ុន សែន លក់​ដី​ព្រែក​វិញ​តេ​ឲ្យ​យួន» ។ លោក ហ៊ុន សែន បន្ថែមថា ពេលដែល​លោក អ៊ុំ សំអាន ចោទប្រកាន់​រដ្ឋាភិបាល​កាល​ខ្លួន​ជា​និស្សិត​នោះ លោក សុខ អាន បាន​ឆ្លើយបំភ្លឺ​សព្វគ្រប់​អស់ហើយ ទៅនឹង​ការចោទប្រកាន់​ទាំងនោះ នៅក្នុង​បទ​អន្តរាគមន៍​នៅ​រដ្ឋសភា នា​ថ្ងៃទី ១១ ខែ១០ ឆ្នាំ ២០០៥ ។ ពេលនោះ លោក សុខ អាន បានចាត់ទុក​ទង្វើ​និស្សិត អ៊ុំ សំអាន ថា រៀបចំ​ផែនការ​ប្រើប្រាស់​បញ្ហា​ព្រំដែន ដើម្បី​បង្កចលាចល​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី ២៧ ខែឧសភា កន្លងទៅ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើលិខិត​ទៅ​លោក ហ៊ុន សែន ឲ្យ​បំភ្លឺ​ស្តីពី ករណី​រំកិល​ព្រំដែន​ប្រមាណ ១២៧០ ម៉ែត្រ ចូលក្នុង​ទឹកដី​កម្ពុជានៅច្រកព្រំដែន ​កម្ពុជា​-វៀតណាម ភ្នំ​ដិ​ន ។ លិខិត​នោះ លោក សំអាន បាន​អះអាងថា ខ្លួន​បាន​ទៅ​មើល​តំបន់​ព្រំដែន​នៅ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម ភ្នំ​ដិ​ន ស្ថិតនៅ​ក្នុងស្រុក​គិរីវង់ ខេត្តតាកែវ ហើយ​បាន​ពិនិត្យឃើញថា វៀតណាម បាន​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា ប្រមាណ ១២៧០ ម៉ែត្រ ដោយ​គិតពី​ព្រំដែន​ចាស់​នៅ​ព្រែក​វិញ​តេ (ព្រែក​ក្របៅ) មក​ប្រឡាយ ៧៩ ដែល​វៀតណាម​ជីក​ក្នុង​ឆ្នាំ១៩៧៩ ។  ការលើកឡើង​របស់លោក​បែបនេះ ក៏​ផ្អែក​តាម​របាយការណ៍​រប​ស់លោក កែ គឹមយ៉ាន កាល​នៅ​ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ ១៩៩៩ ។ របាយការណ៍​របស់លោក កែ គឹមយ៉ាន បាន​បញ្ជាក់ថា វៀតណាម​បាន​ជីក​ព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើ​តទៅ​លិច ចូល​ដី​ខ្មែរ ១២៧០ ម៉ែត្រ ដោយ​គិតពី​ព្រែក​វិញ​តេ។ 

តែ​យ៉ាងណា​លោក ហ៊ុន សែន បានស្នើ​ឲ្យ​លោក អ៊ុំ សំអាន សិក្សា​ឲ្យ​បាន​ច្បាស់​មុននឹង​ចោទប្រកាន់​រដ្ឋាភិបាលរ​ប​ស់លោក។លិខិត​របស់លោក ហ៊ុន សែន ខាងលើ បរិយាយ​ដូច្នេះ​ថា៖« លោក អ៊ុំ សំអាន ដែល​តាំងខ្លួន​ជា​អ្នកជំនាញ​ព្រំដែន ហើយ​ដែលជា​អ្នក​ស្រឡាញ់​ជាតិ​តែម្នាក់ឯង​នោះ គួរ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ ត្រឹមត្រូវ​លើ​រាល់​ចំណុច​ដែល​លើកឡើង ចៀសវាង​ការយក​បញ្ហា​ព្រំដែន​មក​បក្ស​ប្រជាប្រិយភាព​ហួសហេតុ និង​រំខាន​ដល់​ដំណើរការ​ឆ្ពោះទៅមុខ​រដ្ឋាភិបាល ក្នុង​ការធ្វើ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​ជាតិ​របស់​យើងទាំងអស់គ្នា​តែប៉ុណ្ណោះ» ។



© រក្សាសិទ្ធិដោយ thmeythmey.com