ជាតិ
សេដ្ឋកិច្ច
រយៈពេល៥ខែ កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត២៥ម៉ឺន​តោន​ទៅកាន់៤៦ប្រទេស
21, Jun 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​រយៈពេល៥ខែ ឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២៤៣,០២៥តោន កើនឡើង៦៣.៩ភាគរយ បើ​ធៀប​ទៅនឹង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ដែលមាន​ចំនួន ១៤៨,២៦២តោន។ តាម​គម្រោង​ក្នុង​ឆ្នាំ២០១៥នេះ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ឱ្យបាន១លាន​តោន។ វិស័យ​ស្រូវ អង្ករ​ជា​កូនសោ​មួយ​យ៉ាងសំខាន់​សម្រាប់​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ។



តាម​របាយការណ៍​នៃ​ការនាំចេញ​អង្ករ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅក្នុង​រយៈពេល៥ខែ ឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២៤៣,០២៥តោន កើនឡើង៦៣.៩ភាគរយ បើ​ធៀប​ទៅនឹង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ដែលមាន​ចំនួន១៤៨,២៦២តោន។ របាយការណ៍​ដដែល​នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន ៤១,៨៤២តោន កើនឡើង៤៩.៥ ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​កាលពី​មេសា​ឆ្នាំ ២០១៤ ដែលមាន​ចំនួន២៧,៩៧១តោន។

អង្ករ ស គ្រប់​ប្រភេទ​មាន​បរិមាណ​នាំមុខគេ ដែលមាន​កំណើន​កើនឡើង​រហូតដល់១១៤,៩៧៣តោន ស្មើនឹង៤៧,៣ភាគរយ អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន១១០,៤២៥តោន ស្មើនឹង៤៥,៤ភាគរយ និង​អង្ករ ចំហុយ ១៧,៦២៧តោន ស្មើនឹង៧,៣ ភាគរយ។

អង្ករ​កម្ពុជា​នាំចេញ​ទៅកាន់៤៦ប្រទេស ក្នុងនោះ​ប្រទេស​ចិន​ឈ​នៅ​លំដាប់​ទី១ (៦៨,៤៣៧តោន )ប្រទេស​បារាំង​លំដាប់​ទី២ (២៩,៧១៧តោន) ប្រទេស​ប៉ូឡូញ​ឈ​លំដាប់​ទី៣ (២៦,៥១៣តោន) ប្រទេស​ម៉ាឡេស៊ី​ឈ​លំដាប់​ទី៤ (២៣,២៤៥តោន) និង​ប្រទេស​នី​ឌ័​រ​ឡេ​ន​ឈ​លំដាប់​ទី៥(១៧,២០៨តោន)។ ដោយ​បរិមាណ​អង្ក​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប២៥ប្រទេស មានប រិ​មាណ​សរុប (១៤១,៧២០តោន) ៥៨,៣ភាគរយ។ ទិសដៅ​អាស៊ាន២ប្រទេស​មាន​បរិមាណ (២៥,៣០៨តោន) ស្មើ១០,៤ភាគរយ។ ចំណែក​ទិសដៅ​ដទៃទៀត១៩ប្រទេស មាន​បរិមាណ(៧៥ ,៩៩៧តោន) ស្មើ៣១,៣ភាគរយ។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤កន្លងទៅ​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ អន្តរជាតិ​បាន​ចំនួន ៣៨៧,០៦១តោន។ តាម​គម្រោង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ឱ្យបាន១លាន​តោន​នៅក្នុង ឆ្នាំ២០១៥នេះ ។ ការសម្រេចបាន១លាន​តោន​ការនាំចេញ​នា​ឆ្នាំ២០១៥ គឺ​មានន័យថា​ផ្តល់នូវ​កំណើន​ផលទុន​សរុប​ជាតិ​ឱ្យ​កាន់តែ​ធំ​ថែមទៀត និង​រួម​ផ្តល់​ចំណូល​កាន់តែ​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ។ វិស័យ​ស្រូវ អង្ករ​ជា​កូនសោ​មួយ​យ៉ាងសំខាន់​សម្រាប់​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ឱ្យ​កាន់តែ​លឿន​ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com