ជាតិ
សេដ្ឋកិច្ច
រយៈពេល៥ខែ កម្ពុជានាំចេញអង្ករបានជិត២៥ម៉ឺនតោនទៅកាន់៤៦ប្រទេស
× នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២៤៣,០២៥តោន កើនឡើង៦៣.៩ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ដែលមានចំនួន ១៤៨,២៦២តោន។ តាមគម្រោងក្នុងឆ្នាំ២០១៥នេះរាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចឲ្យបាននូវការនាំចេញអង្ករឱ្យបាន១លានតោន។ វិស័យស្រូវ អង្ករជាកូនសោមួយយ៉ាងសំខាន់សម្រាប់ជួយដល់ការកាត់បន្ថយភាពក្រីក្រ ។
តាមរបាយការណ៍នៃការនាំចេញអង្ករ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២៤៣,០២៥តោន កើនឡើង៦៣.៩ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ដែលមានចំនួន១៤៨,២៦២តោន។ របាយការណ៍ដដែលនៅក្នុងខែឧសភាឆ្នាំ២០១៥ កម្ពុជានាំចេញអង្ករបានចំនួន ៤១,៨៤២តោន កើនឡើង៤៩.៥ ភាគរយ បើធៀបនឹងការនាំចេញអង្ករកាលពីមេសាឆ្នាំ ២០១៤ ដែលមានចំនួន២៧,៩៧១តោន។
អង្ករ ស គ្រប់ប្រភេទមានបរិមាណនាំមុខគេ ដែលមានកំណើនកើនឡើងរហូតដល់១១៤,៩៧៣តោន ស្មើនឹង៤៧,៣ភាគរយ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន១១០,៤២៥តោន ស្មើនឹង៤៥,៤ភាគរយ និងអង្ករ ចំហុយ ១៧,៦២៧តោន ស្មើនឹង៧,៣ ភាគរយ។
អង្ករកម្ពុជានាំចេញទៅកាន់៤៦ប្រទេស ក្នុងនោះប្រទេសចិនឈនៅលំដាប់ទី១ (៦៨,៤៣៧តោន )ប្រទេសបារាំងលំដាប់ទី២ (២៩,៧១៧តោន) ប្រទេសប៉ូឡូញឈលំដាប់ទី៣ (២៦,៥១៣តោន) ប្រទេសម៉ាឡេស៊ីឈលំដាប់ទី៤ (២៣,២៤៥តោន) និងប្រទេសនីឌ័រឡេនឈលំដាប់ទី៥(១៧,២០៨តោន)។ ដោយបរិមាណអង្កនាំចេញទៅកាន់សហភាពអឺរ៉ុប២៥ប្រទេស មានប រិមាណសរុប (១៤១,៧២០តោន) ៥៨,៣ភាគរយ។ ទិសដៅអាស៊ាន២ប្រទេសមានបរិមាណ (២៥,៣០៨តោន) ស្មើ១០,៤ភាគរយ។ ចំណែកទិសដៅដទៃទៀត១៩ប្រទេស មានបរិមាណ(៧៥ ,៩៩៧តោន) ស្មើ៣១,៣ភាគរយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារ អន្តរជាតិបានចំនួន ៣៨៧,០៦១តោន។ តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចឲ្យបាននូវការនាំចេញអង្ករឱ្យបាន១លានតោននៅក្នុង ឆ្នាំ២០១៥នេះ ។ ការសម្រេចបាន១លានតោនការនាំចេញនាឆ្នាំ២០១៥ គឺមានន័យថាផ្តល់នូវកំណើនផលទុនសរុបជាតិឱ្យកាន់តែធំថែមទៀត និងរួមផ្តល់ចំណូលកាន់តែខ្ពស់ដល់ប្រជាជនខ្មែរ។ វិស័យស្រូវ អង្ករជាកូនសោមួយយ៉ាងសំខាន់សម្រាប់ជួយដល់ការកាត់បន្ថយភាពក្រីក្រ ឱ្យកាន់តែលឿនថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com