កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក៖ អ្នកចាំទីឆ្នើមៗ បង្ហាញខ្លួន​នៅ​ក្លិបផ្សេងៗគ្នា​នា​រដូវ​កាល​នេះ
30, Jun 2015 , 3:06 pm        
រូបភាព
វត្តមាន​របស់​អ្នកចាំទីឆ្នើមៗនៅតាម​ក្លិបនីមួយៗ នឹង​ផ្តល់នូវ​ការប្រកួត​ដ៏​តឹងតែង​សម្រាប់​រដូវ​កាល​ឆ្នាំ២០១៥នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដែល​ចាប់​នៅ​ថ្ងៃទី១ ខែកក្កដា នេះ។



ក្រសួងការពារជាតិ ដែលជា​ក្លិប​បណ្តុះបណ្តាល​អ្នកចាំទីឆ្នើមៗជាច្រើន​នោះ នឹង​បង្ហាញ​វត្តមាន​អ្នកចាំទី​ថ្មី​ចំនួន៣នាក់ ទៀត បន្ថែម​ពីលើ​បងប្អូន​ត្រកូល «អ៊ុំ» សម្រាប់​រដូវ​កាល​ថ្មី​នេះ។ លោក សួង ភារ​ម្យ គ្រូបង្វឹក​ផ្នែក​ចាំទី​របស់​ក្លិប​ការពារជាតិ បាន​បញ្ជាក់ថា ខណៈដែល អ៊ុំ វិចិត្រ មិនទាន់​ជាសះស្បើយ​ពីរ​បួស​នោះ ប្អូនប្រុស​របស់គេ គឺ អ៊ុំ សេរី​រតន៍ ដែល​លេចធ្លោ​យ៉ាងខ្លាំង​សម្រាប់​ឈុត U-23 និង​ឈុត​ជម្រើសជាតិ នឹង​ក្លាយជា​ជម្រើស​ទីមួយ ប៉ុន្តែ​ឱកាស​ក៏មាន​ផងដែរ​សម្រាប់​អ្នកចាំទី​ចំណូល​ថ្មី ដូចជា កីឡាករ ឪ កា​សាន់ និង ស៊ី​យ៉ា ជាដើម។ ក្រសួងការពារជាតិ​ប្រើប្រាស់​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ឬ​ស្តា​ត​ចាស់ សម្រាប់​ការប្រកួត​នៅក្នុង​ទឹកដី​របស់ខ្លួន។

សម្រាប់​ម្ចាស់​ការពារ​តំណែង​ជើងឯក​ភ្នំពេញ​ក្រោ​ន​ដែល​ប្រើប្រាស់​កីឡដ្ឋាន RSN Stadium របស់ខ្លួន​នោះ ស្រី ដា​នី អាយុ២០ឆ្នាំ ដែលមាន​ឪពុក​ជា​ជនជាតិខ្មែរ និង​ម្តាយ​ជា​ជនជាតិ​បារាំង នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​លើកដំបូង​នៅក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជា។ ដា​នី​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​យុវជន​មួយ​នៅ​ប្រទេស​បារាំង​នោះ នឹង​ប្រជែង​ដំណែង​ក្នុង​ជម្រើស​ដំបូង​ជាមួយ អ្នកចាំទី យោគ អា​រី និង​កីឡាករ​វ័យក្មេង សាន ឧសភា។

ក្លិប​ស្វាយរៀង​ដែលមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ផងដែរ​នោះ នឹង​ផ្តល់​ការងារ​អាទិភាព​ដល់ អាំ សុវណ្ណារ៉ា​ត់ អ្នកចាំទី​ឆ្នើម​ឆ្នាំ២០១៣ សម្រាប់​ការប្រកួតប្រជែង​នា​រដូវ​កាល​នេះ។ ជាមួយនឹង​ការបាត់បង់ សរ សុភា ដែល​បានទទួល​មរណភាព​នោះ ស្វាយរៀង ក៏មាន​ជម្រើស​យុវជន​ពីរ​នាក់​បន្ថែម​ទៀតផង​ដែរ​ក្នុង​តំបន់​ចាំទី ដែល​ក្នុងនោះ​មាន អោម ឧ​ត្ត​ម និង ឈី​ន ឆៃ​នុត។

បឹងកេត​អង្គរ​ដែលមាន​ឈ្មោះ​ដើម​ថា ចម្ការកៅស៊ូ​បឹងកេត​នោះ មាន​អ្នកចាំទី​ដៃ​ស្អិត ស៊ូ យ៉ា​ទី នៅក្នុង​ជម្រើស​តំបូង​របស់ខ្លួន។ យ៉ា​ទី បាន​ជាប់​ជា​អ្នកចាំទី​ឆ្នើម​របស់​ភ្នំពេញ​ក្រោ​ន​កាលពី​រដូវ​កាល​មុន ហើយ​កីឡាករ​ដែល​បណ្តុះបណ្តាល​ដោយ​ក្លិប​ក្រសួងការពារជាតិ​នេះ ក៏​ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​ផងដែរ។ ជាមួយគ្នា ក្លិប​ដែលមាន​ប្រភព​នៅ​ខេត្តកំពង់ចាម មាន អ្នកចាំទី គឹម មករា ដែល​ផ្ទេរ​មកពី​ក្លិប​គិរីវង់ សុខ​សែន​ជ័យ ផងដែរ។

ណាហ្គា​វើ​ល ឈ្មោះ​ដើម​ណាហ្គា​ខ​ប មាន​អ្នកចាំទី​ដ៏​ឆ្នើម២រូប​នៅក្នុង​បញ្ជី​របស់ខ្លួន ដែល​ក្នុងនោះ​មាន សំ​រឹត សីហា និង ផន រតនា។ សីហា ធ្លាប់​បង្ហាញ​ភាពលេច​ធ្លោរ​យ៉ាង​សម្រាប់​ឈុត​យុវជន ឈុត​ជម្រើសជាតិ​កម្ពុជា ក្លិប​ក្រសួងការពារជាតិ និង​ក្លិប​ភ្នំពេញ​ក្រោ​ន​នាពេល​កន្លងមក។ គេ​បាន​ជួយ​ឲ្យ​ក្រសួងការពារជាតិ​ពានរង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ២០១០ និង​ក្លាយជា​អ្នកចាំទី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ BIDC Cup នៅ​ឆ្នាំ២០០៩ ផងដែរ។ ចំណែក ផន រតនា ធ្លាប់ជួយ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ជាច្រើនលើក​ក្នុងការ​ប្រកួតសំខាន់ៗរបស់​ណាហ្គា​ខ​ប ហើយ​អ្នកចាំទី​ដែលមាន​ប្រភព​មកពី​ខេត្តស្វាយរៀង​រូបនេះ ជាប់​ជា​អ្នកចាំទី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ Hun Sen Cup ឆ្នាំ២០១៣ ។

ក្លិប Cambodian Tiger ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន និង​មានឈ្មោះ​ដើម​ថា ភ្នំពេញ​ត្រាយ​អាស៊ី នោះ បានបង្ហាញ​បញ្ជី​ឈ្មោះ អ្នកចាំទី៤រូប​សម្រាប់​រដូវ​កាល​ថ្មី​នេះ។ Yoshida Yasuyuki នៅតែមាន​ឈ្មោះ​ជា​អ្នកចាំទី​បរទេស​តែមួយគត់​នៅក្នុង​ក្របខណ្ឌ​កំពូល​របស់​កម្ពុជា ដោយ​កាលពី​រដូវ​កាល​មុន កីឡាករ​ជប៉ុន​រូបនេះ បម្រើ​ឲ្យ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។ ហែម ស៊ី​ម៉ៃ ដែល​ធ្លាប់​ទទួល​រង្វាន់​ជា​អ្នកចាំទី​ឆ្នើម​ក្នុង​ពានរង្វាន់ Hun Sen Cup ឆ្នាំ២០០៩ ក៏​ជា​កម្លាំង​ដ៏​សំខាន់​របស់ Cambodian Tiger ផងដែរ។

ការបាត់បង់​អ្នកចាំទី​ជប៉ុន Yoshida Yasuyuki ទៅកាន់​ក្លិប Cambodian Tiger មិនមែនជា​ការបាត់បង់​ដ៏​ធេង​នោះឡើយ​សម្រាប់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខណៈ​ម្ចាស់​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ២០១៤មួយ​នេះ នៅមាន ប្រាក់ ភា​រុណ ដែល​កំពុង​លេចធ្លោ។ ប្រាក់ ភា​រុណ ដែល​ប្អូនប្រុស​បង្កើត​របស់​កីឡាករ​ឆ្នើម​ខេត្តស្វាយរៀង ប្រាក់ មុន្នី​ឧ​ត្ត​ម នោះ បាន​ជាប់​ជា​អ្នកចាំទី​ឆ្នើម ខណៈ​ក្រុម​របស់ខ្លួន​លើក​ពាន Hun Sen Cup ឆ្នាំ២០១៤ ។

ប៉េង ប៊ុន​ឆាយ ដែលជា​អ្នកចាំទី​ម្នាក់​ដែល​ទទួល​រង្វាន់​ជា​លក្ខណៈ​ឯកត្តជន បាន​ច្រើនជាងគេ​នោះ នឹង​បង្ហាញខ្លួន​នៅ​ក្លិប​វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី ដែលមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ផងដែរ​សម្រាប់​ការប្រកួត​នៅ​រដូវ​កាល​នេះ។ ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ប៊ុន​ឆាយ បាន​ជាប់​ជា​អ្នកចាំទី​ឆ្នើម Hun Sen Cup នៅ​ឆ្នាំ២០១០ និង​អ្នកចាំទី​ឆ្នើម​ក្នុង​ក្របខណ្ឌ​កំពូល​នៅ​ឆ្នាំ២០១១ ជាមួយ​ភ្នំពេញ​ក្រោ​ន និង​ឆ្នាំ២០១២ ជាមួយ​ចម្ការកៅស៊ូ​បឹងកេត។

នៅ​រដូវ​កាល​នេះ អ្នកចាំទី ង៉ុ​យ បូរ៉ា​ណុ​ច ត្រៀម​បង្ហាញ​ភាពលេច​ធ្លោរ​ផងដែរ​សម្រាប់​ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ខណៈ​រូបគេ​ធ្លាប់ជា​កម្លាំង​ដ៏​សំខាន់​របស់​ក្លិប​វេ​ស្ទើ​ន នាពេល​កន្លងមក ខណៈ​អ្នកចាំទី សុះ ប្រុស​ហ៊ឹម ដែលជា​កម្លាំង​ចាស់ ក៏​មិនអាច​មើលរំលង​ផងដែរ។

ក្រោយ​ការចាកចេញ​របស់ គឹម មករា ទៅកាន់​បឹងកេត អ្នកចាំទី គន់ ធ្នូ នឹងមាន​ភារកិច្ច​កាន់​តែ​ច្រើន​នៅ​ក្លិប​គិរីវង់ សុខ​សែន​ជ័យ ខណៈ ខា ធារ៉ា អតីត​កីឡាករ​ក្លិប​ខេមរា​កីឡា ណាហ្គា​ខ​ប ក្លាយជា​អ្នក​រារាំង​ដ៏​សំខាន់​សម្រាប់​ក្លិប​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ចំណែក​អតីត​កីឡាករ​ណាហ្គា​ខ​ប​មួយរូប​ទៀត ពេជ្រ រ៉ូ​វិ​ន​យោធិន នឹង​បង្ហាញខ្លួន​ជាមួយ​ក្លិប​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក)។

ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​កនា​រដូវ​កាល​នេះ ប្រព្រឹត្តទៅ​នៅ​កីឡដ្ឋាន​ចំនួនផ្សេងៗគ្នា រួមមាន​ទីលាន​មជ្ឈមណ្ឌល​កីឡាបាល់ទាត់​ជាតិ​ទន្លេបាទី (២ទីលាន) កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ កីឡដ្ឋាន RSN កីឡដ្ឋាន​ខេត្តស្វាយរៀង និង​កីឡដ្ឋាន​វេ​ស្ទើ​ន។ ៤ក្រុម​កំពូល​នឹង​ឈានដល់​ការប្រកួត​ខ្វែង​ឆ្ពោះទៅកាន់​ការដណ្តើម​តំណែង​ជើងឯក៕


© រក្សាសិទ្ធិដោយ thmeythmey.com